ខេត្តសៀមរាប៖អ្នកប្រកបមុខរបរក្រៅប្រព័ន្ធ(តាក់ស៊ី រឺម៉កកង់បី) ចំនួន៤៤១គ្រួសារ ក្នុងក្រុងសៀមរាប បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។
ការទទួលបានអំណោយនេះនាថ្ងៃទី២៩ ខែមេសា ម្សិលមិញ នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ក្រោមវត្តមាន ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត ក្នុងពេលលោកនិងសហការី ជួបសំណេះសំណាល សួរសុខទុក្ខ។
លោកទៀ សីហា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។ លោកក៏បានបង្ហាញថា ថ្វីត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី តែវាក៏អាចជួយសម្រាលទុក្ខបាករបស់បងប្អូនបានមួយកម្រិតដែរ ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន ដូចដែលបានលើកឡើងថា “កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់គ្រប់ៗគ្នា -មិនទុកនរណាម្នាក់ចោល” និង “ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា”។
លោក ក៏បានអំពាវនាវសូមឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវតែចេះការពារខ្លួនពីជំងឺរលាកសួតប្រភេទថ្មី (COVID-19) ដោយមេត្តាកុំមានការប្រមូលផ្ដុំជួបជុំជាក្រុម និងត្រូវអនុវត្តន៍តាមបទបញ្ជារបស់រាជរដ្ឋាភិបាល និងវិធាននានារបស់ក្រសួងសុខភិបាល។
អំណោយដែលបានផ្ដល់ជូន១គ្រួសារទទួលបាន៖ មី១កេស ទឹកត្រី ១យួរ ត្រីខ១យួរ ទឹកស៊ីអ៊ីវ១យូរ អង្ករ៣០គីឡូក្រាម ហើយដោយឡែក ម្ចាស់សិប្បកម្មបាលិលេយ្យ សមិទ្ធផលធ្វើដោយសិប្បករខ្មែរក៏បានជូនបាយ១ប្រអប់ ដបបាញ់អាកុល ១ ផងដែរ។ អ្នកដែលបានទទួលអំណោយទាំង៤៤១នាក់ នេះគឺបានចាក់វ៉ាក់សាំងលើកទី១ និងលើកទី២ ក្នុងក្រុងសៀមរាបកន្លងមក៕SRP




