លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ កោតសរសើរចំពោះសមិទ្ធិផលដ៏ត្រចេះត្រចង់ ដែលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រេចបាននាឆ្នាំកន្លងមក

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ កោតសរសើរចំពោះសមិទ្ធិផលដ៏ត្រចេះត្រចង់ ដែលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រេចបាននាឆ្នាំកន្លងមក
0

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ កោតសរសើរចំពោះសមិទ្ធិផលដ៏ត្រចេះត្រចង់ ដែលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រេចបាននាឆ្នាំកន្លងមក

ខេត្តសៀមរាប៖លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាល​នៃរដ្ឋបាលខេត្តសៀមរាប បានសម្តែងនូវការកោតសរសើរយ៉ាងក្រៃលែង ចំពោះសមិទ្ធិផលដ៏ត្រចេះត្រចង់ ដែលមន្ទីរពេទ្យបង្អែកខេត្តសៀមរាប សម្រេចបាននាឆ្នាំកន្លងមក ដែលរួមចំណែកសំខាន់ ក្នុងការអភិវឌ្ឍវិស័យសុខាភិបាលនៅក្នុងខេត្តសៀមរាប។

លោកថ្លែងយ៉ាងដូច្នេះ នៅក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២៥ និងលើកទិសដៅ២០២៦ របស់មន្ទីរពេទ្យបង្អែកខេត្ត នាថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ដោយមានការចូលរួមពីលោកសាស្ត្រាចារ្យជំនួយ ប៉ែន ផលគុណ ប្រធានមន្ទីរពេទ្យបង្អែកខេត្ត និងលោកសាស្រ្តាចារ្យជំនួយ ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យជ័យវរ្ម័នទី៧ ព្រមទាំងអាជ្ញាធរមូលដ្ឋាន ដៃគូសហការ តំណាង ប.ស.ស ថ្នាក់ដឹកនាំសុខាភិបាលក្នុងខេត្តសៀមរាប និងបុគ្គលិកមន្ត្រីរាជការនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាបជាច្រើនចូលរួមផងដែរ។

លោកវេជ្ជបណ្ឌិត បានបង្ហាញនូវមោទនភាព ជាមួយនឹងសមិទ្ធិផលថ្មីៗ ដែល​មន្ទីរពេទ្យបង្អែកខេត្តទទួលបាន ក្រោមការខិតខំប្រឹងប្រែងពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ ដូចជា៖ អាគារមន្ទីរព្យាបាលបេះដូងដំបូងគេនៅក្នុងខេត្ត ដែលមានលទ្ធភាពព្យាបាលអ្នកជំងឺបេះដូង ខណៈដែលកន្លងមក មានតែនៅរាជធានីភ្នំពេញតែប៉ុណ្ណោះ។

លោកវេជ្ជបណ្ឌិត ក្រុស សារ៉ាត់ ក៏បានផ្តល់អនុសាសន៍ល្អៗជាច្រើន ដោយឱ្យថ្នាក់ដឹកនាំមន្ទីរពេទ្យ និងក្រុមគ្រូពេទ្យទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់អភិវឌ្ឍន៍ និងពង្រឹងសមត្ថភាពជាលំដាប់ ដើម្បីបម្រើសេវាកម្មដល់ប្រជាពលរដ្ឋ ដែលជាអ្នកជំងឺឱ្យកាន់តែល្អប្រសើរ មានគុណភាព ប្រសិទ្ធភាព ស័ក្តិសិទ្ធភាព និងសុវត្ថិភាព។

សូមជម្រាបថា មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជាមន្ទីរពេទ្យផ្តល់សេវាសំណុំសកម្មភាពបង្រ្គប់កម្រិត៣ មាន ៤៧០គ្រែ បន្ទប់វះកាត់១០ និងមានផ្នែកឯកទេសជាច្រើន និងកំពុងដើរតួនាទីជាមន្ទីរពេទ្យបង្អែកថ្នាក់តំបន់ ដោយមានអត្រាពី ១៥ ទៅ១៨ ភាគរយនៃអតិថិជនមកទទួលសេវា គឺមកពីបណ្តាខេត្តផ្សេងៗ។ ក្នុងឆ្នាំ២០២៥ ចំនួនអតិថិជនបន្តកើនឡើងពី១០ ទៅ១៥ភាគរយ។ បន្ថែមពីនេះ មន្ទីរពេទ្យកំពុងបន្តពង្រីកសេវាឯកទេសបន្ថែមជាបន្តបន្ទាប់ ជាពិសេសសេវាព្យាបាលជំងឺបេះដូង និងសរសៃឈាម ចាប់ពីត្រីមាសទី១ ឆ្នាំ២០២៦។ ក្នុងឆ្នាំ២០២៥ មន្ទីរពេទ្យបានទទួល​ពិគ្រោះជំងឺក្រៅសរុប ១៣៩,០០០ករណី អ្នកជំងឺសម្រាកពេទ្យ ៣១,០០០ករណី វះកាត់ ១៣,០០០ ករណី និងករណីសម្រាលកូន ២,១០០។

ជាមួយនឹងសមត្ថភាព និងការអភិវឌ្ឍជាលំដាប់នេះដែរ នៅឆ្នាំ២០២៥កន្លង មន្ទីរពេទ្យបង្អែកខេត្តសៀមរាប ទទួលបានចំណាត់ថ្នាក់លេខ២ ជាមន្ទីរពេទ្យបង្អែកកម្រិត៣ ដែលផ្តល់សេវាសាធារណៈគំរូ ដែលរៀបចំឡើងដោយក្រសួងមុខងារសាធារណៈ។ ពិធីប្រកាសទទួលបានជ័លលាភីចំណាត់ថ្នាក់លេខ២នេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥កន្លងទៅ៕SRP