ប៉ូលិសខេត្តសៀមរាប ក្រសោបក្រុមក្មេងទំនើងប្រើដាវចំនួន៧នាក់
ខេត្តសៀមរាប៖លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាបបានប្រាប់ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ ថា នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ វេលាម៉ោង១៧:០០នាទី មានក្រុមជនសង្ស័យ ១ក្រុម បានធ្វើសកម្មភាពយកកាំបិតដាវ កាប់មកលើជនរងគ្រោះ ឈ្មោះ ទ ស វ ភេទប្រុស អាយុ ១៨ឆ្នាំ រស់នៅភូមិស្ពានត្នោត១ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប និងមិត្តភក្តិចំនួន ៧នាក់ទៀត ដែលកំពុងឈប់ម៉ូតអង្គុយលេងចំណុចទួល ព្រៃស្វាយ ស្ថិតនៅភូមិពន្លឺព្រះផុស ដោយក្រុមជនសង្ស័យ បានដេញកាប់ទៅលើក្រុមជនរងគ្រោះ ដោយពេលនោះ ក្រុមជនរងគ្រោះ បាននាំគ្នារត់ចោលម៉ូតូយករួចខ្លួន បន្ទាប់មកក្រុមជនសង្ស័យ បានធ្វើសកម្មភាព កាប់ទៅលើម៉ូតូរបស់ក្រុមជនរងគ្រោះ ចំនួន ០៣គ្រឿង បណ្តាលឲ្យខូចខាតទាំងស្រុង ក្រោយពេលធ្វើសកម្មភាពហើយ ក្រុមជនសង្ស័យ បានគេចខ្លួនបាត់អស់។
លោកឧត្តមសេនីយ៍ទោ ហួត សុធី បានបន្តថា ដោយអនុវត្តតាមការដឹកនាំបញ្ជារបស់ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប បន្ទាប់ពីទទួលបានព័ត៌មានពីករណីខាងលើនេះភ្លាម លោកឧត្តមសេនីយ៍បានចាត់កម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌ សហការជាមួយកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកជីក្រែង ចុះដល់កន្លែងកើតហេតុ ធ្វើការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ រហូតឈានដល់ធ្វើការនាំខ្លួនជនសង្ស័យចំនួន០៧ នាក់មកសាកសួរជាបន្តបន្ទាប់៖
១/ឈ្មោះ គុណ ណារីន ភេទប្រុស អាយុ ១៨ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិចែកខ្សាច់ក្រោម ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ (មានសារធាតុញៀនក្នុងខ្លួន)
២/ឈ្មោះ ឡាញ់ លិញជៅ ហៅជី ភេទ ប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិខ្សាច់ក្រោម ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ (មានសារធាតុញៀនក្នុងខ្លួន)
ទី៣/ឈ្មោះ ប៉ុញ បញ្ញា ភេទប្រុស អាយុ ១៧ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិអន្លង់សំណរ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
៤/ឈ្មោះ ហេង វិច្ឆិកា ភេទប្រុស អាយុ ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិអន្លង់ចំបក់ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
៥/ឈ្មោះ ឃី នូរ៉ា ហៅពេ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិអន្លង់សំណរ ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
៦/ឈ្មោះ យន់ ប៊ុនលាប ហៅហ៊ុច ភេទ ប្រុស អាយុ ១៥ឆ្នាំ មុខរបរ សិស្ស មានទីលំនៅបច្ចុប្បន្ន ភូមិតាគឹមក្រោម ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។
៧/ឈ្មោះ ពេញ សិលា ហៅឈុយ ភេទប្រុស អាយុ ១៦ឆ្នាំ មុខរបរ គ្មាន មានទីលំនៅបច្ចុប្បន្ន ភូមិចែកខ្សាច់ក្រោម ឃុំអន្លង់សំណរ ស្រុកជីក្រែង ខេត្តសៀមរាប។ (មានសារធាតុញៀនក្នុងខ្លួន)។
លោកឧត្តមសេនីយ៍ទោ ហួត សុធី បានថ្លែងបន្តថា
ក្រោយធ្វើការសាកសួរនៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថា៖ កន្លងមកក្រុមពួកខ្លួនមានទំនាស់ពាក្យសម្តីជាមួយក្រុមជនរងគ្រោះ លុះដល់ថ្ងៃកើតហេតុពួកខ្លួន និងបក្សពួក ពិតជាបានធ្វើសកម្មភាពយកដាវ ចំនួន១ដើម ទៅកាប់ក្រុមជនរងគ្រោះដែល កំពុងអង្គុយលើម៉ូតូត្រង់ចំណុចទួលព្រៃស្វាយ ពិតប្រាកដមែន ក្នុងពេលដែលពួកខ្លួនចុះទៅធ្វើសកម្មភាព ក្រុមជនរងគ្រោះ បានរត់យកយករួចខ្លួន ទើបពួកខ្លួនបានធ្វើសកម្មភាព កាប់ទៅលើម៉ូតូជនរងគ្រោះចំនួន ០៣គ្រឿង បណ្តាលឲ្យខូចខាតទាំងស្រុង។
បើតាមលោកឧត្តមសេនីយ៍ទោ ហួត សុធី វត្ថុតាងដែលសមត្ថកិច្ចដកហូតមានដាវចំនួន១ និងជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងនគរបាលផែនការងារព្រហ្មទណ្ឌខេត្តសៀមរាប កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕SRP

