បុរសចូលប្លន់ទូមាសក្នុងផ្សារលើធំថ្មី ត្រូវបានចាប់ខ្លួនភ្លាមៗ
ខេត្តសៀមរាប៖បុរសម្នាក់ឈ្មោះ ឡេ សុភ័ក្រ ភេទប្រុស អាយុ ៤០ឆ្នាំ ត្រូវបានធ្វើតេស្ត៍ទឹកមូត រកឃើញមានសារធាតុញៀនដែលបានចូលប្លន់ទូមាសនៅផ្សារលើធំថ្មីខេត្តសៀមរាបត្រូវបានចាប់ខ្លួនភ្លាមៗក្រោយធ្វើសកម្មភាព។
ហេតុការណ៍វាយទូលក់មាស ប្លន់យកគ្រឿងអលង្ការបានកើតឡើង នៅវេលាម៉ោងប្រមាណ ១៤ និង៥២នាទី ថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៦នៅក្នុង ផ្សារលើធំថ្មី ភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប។
សមត្ថកិច្ចអាវុធហត្ថខេត្តសៀមរាបបានអះអាងថា បន្ទាប់ពីមានការភ្ញាក់ផ្អើលកណ្តាលផ្សារភ្លាមៗប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍ បានរាយការណ៍ទៅ លេខទូរស័ព្ទបន្ទាន់ (Hotline) 1296 របស់កងរាជអាវុធហត្ថខេត្តសៀមរាប ដើម្បីសុំកិច្ចអន្តរាគមន៍ កម្លាំងអាវុធហត្ថក្រុងសៀមរាប និងកម្លាំងការិយាល័យជំនាញ បានចេញអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យម្នាក់។
សមត្ថកិច្ចអាវុធហត្ថបានបន្តថា ក្រោយការឃាត់ខ្លួន សមត្ថកិច្ចបាន ដកហូតវត្ថុតាង ម៉ូតូ១គ្រឿង ទូរស័ព្ទ១គ្រឿង ញញួរ១ដើម កាំបិតតាំងតោ០១ដើម លោហធាតុពណ៌លឿង ចំនួន០៣ខ្សែបានប្រគល់ ខ្សែដៃផ្លាកទីន ជូនជនរងគ្រោះវិញផងដែរ៕SRP

