ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ

ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ
0

ក្បាលដីក្នុងភូមិចំនួន១០ ក្នុងឃុំត្រីញ័រ ស្រុកពួក ត្រូវបានបិទផ្សាយដើម្បីឱ្យម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណ

ក្បាលដីចំនួន ១០ ៥៩៧ ក្បាលដី ស្ថិតក្នុងភូមិចំនួន១០ រួមមាន៖ ភូមិចំបក់ស, ភូមិគោកដូង, ភូមិស្វាយ, ភូមិតាហុក, ភូមិធិបតី, ភូមិជួយចក្រី, ភូមិឈូក, ភូមិត្រីញ័រ, ភូមិធ្វាស និងភូមិត្រពាំងព្រីង ឃុំត្រីញ័រ ស្រុកពួក ខេត្តសៀមរាប ត្រូវបានមន្ត្រីជំនាញបិទផ្សាយជាសាធារណៈ នៅថ្ងៃនេះ
ដើម្បីឱ្យបងប្អូនជាម្ចាស់កម្មសិទ្ធផ្ទៀងផ្ទាត់ទិន្នន័យមុននឹងចេញបណ្ណកម្មសិទ្ធិ។

លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីខេត្ត បានឱ្យដឹងថា ការបិទផ្សាយជាសាធារណៈនាពេលនេះ គឺជាដំណាក់កាលដ៏សំខាន់ និងជាឱកាសចុងក្រោយសម្រាប់ប្រជាពលរដ្ឋក្នុងការត្រួតពិនិត្យ ជំទាស់តវ៉ា និងកែតម្រូវទិន្នន័យឱ្យបានត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពក្នុងការកាន់កាប់ដីធ្លីស្របច្បាប់។ ជាមួយគ្នានេះ ម្ចាស់ដីត្រូវពិនិត្យមើលពីសាវតា ឈ្មោះ ទំហំដី និងប្រភេទទ្រព្យ នៅលើបញ្ជីឈ្មោះ និងពិនិត្យទីតាំងដី រូបរាងដី នៅលើប្លង់សុរិយោដី។

លោក ហ៊ី សាយ បានបញ្ជាក់ថា ការបិទផ្សាយនេះមានរយៈពេល១៥ថ្ងៃ គិតចាប់ពីថ្ងៃទី១៩ ខែកុម្ភៈ ដល់ទី៥ ខែមីនា ឆ្នាំ២០២៦ នៅក្នុងបរិវេណវត្តធិបតីពោធិរាម ហៅវត្តធិបតី។ ក្រោយបញ្ចប់ការបិទផ្សាយ ១៥ថ្ងៃ គណៈកម្មការរដ្ឋបាលនឹងរៀបចំសំណើជូនអភិបាលខេត្ត ដើម្បីសម្រេចចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនតែក្បាលដីណាដែលគ្រប់លក្ខខណ្ឌច្បាប់ និងគ្មានទំនាស់ប៉ុណ្ណោះ។

លោក ស៊ុន ចាន់ថុល អភិបាលស្រុកពួក មានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីធ្វើឡើងដើម្បីឱ្យប្រជាពលរដ្ឋក្លាយជាម្ចាស់ដីពិតប្រាកដ មានសិទ្ធិពេញលេញក្នុងការចាត់ចែង និងការពារដោយច្បាប់ បងប្អូនអាចយកបណ្ណកម្មសិទ្ធិនេះទៅដាក់បញ្ចាំ ដើម្បីខ្ចីប្រាក់យកមកប្រកបមុខរបរផ្សេងៗសម្រាប់លើកស្ទួយជីវភាពគ្រួសារ។

លោកអភិបាលស្រុក ក៏បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញត្រូវមានកិច្ចសហការល្អក្នុងការបញ្ជាក់ឯកសារអត្តសញ្ញាណ និងជួយពន្យល់ដល់បងប្អូនដែលមិនចេះអក្សរឱ្យយល់ច្បាស់ពីទិន្នន័យដែលបានបិទផ្សាយ។ លោកក៏បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលមានក្បាលដីក្នុងភូមិទាំង១០ សូមអញ្ជើញទៅផ្ទៀងផ្ទាត់ទិន្នន័យដីធ្លីឱ្យបានទាន់ពេលវេលាមុនថ្ងៃផុតកំណត់៕SRP

អត្ថបទ និងរូបភាព៖ លោក ឡៃ បញ្ញា
កែសម្រួល៖ លោក អ៊ុន ណារាជ្យ

មន្ទីរព័ត៌មានខេត្តសៀមរាប