ពិតជាប្រសើរណាស់! ដីធ្លីភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានមន្ត្រីជំរុញឱ្យក្រុមការងារចុះផ្ទៀងផ្ទាត់ទិន្នន័យប្រើប្រាស់
អនុរដ្ឋលេខាធិការក្រសួងរៀបចំដែនដី និងជាប្រធានក្រុមការងារប្រតិបត្តិស្រុកបន្ទាយស្រី ខេត្តសៀមរាបឯកឧត្តម ម៉ៅ វិបុល បានថ្លែងជំរុញក្រុមការងារពាក់ព័ន្ធបន្តចុះពិនិត្យទីតាំងជាក់ស្ដែង ក្នុងការប្រើប្រាស់ដីរបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិទាំង១១៤ ក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរ ដើម្បីផ្ទៀងផ្ទាត់ទិន្នន័យជាក់ស្ដែង ក្នុងការកំណត់លក្ខខណ្ឌប្រើប្រាស់ដីរបស់បងប្អូនប្រជាពលរដ្ឋ។
ថ្លែងបែបនេះក្នុងឱកាសដឹកនាំកិច្ចប្រជុំពិភាក្សា និងចុះពិនិត្យទីតាំងតាមបណ្ដាភូមិសាស្រ្ត ស្រុកបន្ទាយស្រី សម្រាប់រៀបចំផែនការប្រើប្រាស់ដីទាំង ១១៤ភូមិ នារសៀលថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២៦។
ឯកឧត្តម ម៉ៅ វិបុល បានបញ្ជាក់ថា ការចុះពិនិត្យទីតាំងនៃការប្រើប្រាស់ដីរបស់បងប្អូនប្រជាពលរដ្ឋទាំង ១១៤ភូមិ ក្រុមការងារត្រូវចុះពិនិត្យទីតាំងតាមផែនទីប្រើប្រាស់ដីនាពេលអនាគត ដោយប្រើប្រាស់ App Carry map បន្ទាប់មកក្រុមការងារពិនិត្យមើលទីតាំងដែលបានកំណត់ផែនទីមានពណ៌ក្រហមជាតំបន់ការពារដាច់ខាត រួមមាន ផ្ទះប្រជាពលរដ្ឋ សំណង់ផ្សេងៗ និងចម្ការដាំដុះដែលមានរយៈពេលខ្លី ដូចជា ស្រែចម្ការ និងដើមឈើហូបផ្លែ។
ឯកឧត្តមបន្តថា ទន្ទឹមនោះក្រុមការងារក៏ត្រូវពិនិត្យមើលទីតាំងដែលបានកំណត់ក្នុងផែនទីមានពណ៌ផ្កាឈូកជាតំបន់ទ្រនាប់ ដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋបន្តការរស់នៅជាធម្មតា និងប្រកបរបរចិញ្ចឹមជាលក្ខណៈគ្រួសារ ដូចជាការធ្វើស្រែ ការដាំដំណាំ ការចិញ្ចឹមសត្វ តាមស្ថានភាពដែលជាទម្លាប់បុរាណនិងអនុញ្ញាតឱ្យសាងសង់ឡើងវិញ ជួសជុល និងប្រើប្រាស់សំណង់ តាមស្ថានភាពដែលមានស្រាប់ និងអនុញ្ញាតឱ្យសាងសង់សំណង់ដែលបម្រើឱ្យការអភិរក្សប្រាសាទ និងសំណង់សម្រាប់សហគមន៍ និងសំណង់ផ្សេងទៀតដែលអនុវត្តដោយរដ្ឋសម្រាប់បម្រើប្រយោជន៍សាធារណៈ។
ឯកឧត្តមក៏បានសង្កត់ធ្ងន់ថា ចំពោះលក្ខខណ្ឌនៃការប្រើប្រាស់ដី ការគ្រប់គ្រងនគររូបនីយកម្ម និងសំណង់ក្នុងភូមិទាំង១១៤ ក្នុងតំបន់អង្គរ ត្រូវបានកំណត់ជា ៦ទីតាំង ក្នុងនោះរួមមាន ទីតាំងត្រូវការពារជាដាច់ខាត ទីតាំងត្រនាប់ ទីតាំងភូមិឋានជនបទ ទីតាំងភូមិឋានទីប្រជុំជន ទីតាំងអាជីវកម្ម និងទីតាំងកសិកម្ម។
លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដី ខេត្តសៀមរាប បានបង្ហាញថា កន្លងមកក្រុមការងារបានចុះពិនិត្យទីតាំងក្នុងតំបន់អង្គរបានចំនួន ១០១ភូមិ ហើយក្នុងនោះក្រុមការងារបានបញ្ចប់សេចក្ដីព្រាងរបាយការណ៍បច្ចេកទេសបានចំនួន ៥៩ភូមិ។ គិតចាប់ពីថ្ងៃទី៤ ដល់ទី៦ ខែកុម្ភៈ ឆ្នាំ២០២៦ ក្រុមការងារនឹងចុះពិនិត្យទីតាំងរស់នៅជាក់ស្ដែងរបស់ប្រជាពលរដ្ឋ ក្នុងភូមិសាស្ត្រស្រុកបន្ទាយស្រី ដើម្បីផ្ទៀងផ្ទាត់ និងប្រមូលទិន្នន័យឱ្យបានច្បាស់លាស់។ ជាមួយគ្នានេះ ក៏សូមឱ្យអាជ្ញាធរមូលដ្ឋានធ្វើការសហការជាមួយក្រុមការងារពាក់ព័ន្ធ ដើម្បីឱ្យបានដឹងពីប្រវត្តិភូមិ ប្រវត្តិទីតាំង ដើម្បីធ្វើការកំណត់ឱ្យបានច្បាស់លាស់៕SRP

