ចាងហ្វាងសារព័ត៌មានកម្ពុជាឈ្នះ ត្រូវបាន
តុលាការខេត្តតាកែវ ចេញដីកាកោះហៅឲ្យចូលបំភ្លឺ
ខេត្តតាកែវ៖លោកទេសង៉ែត វឌ្ឍនាឆាយានាថ ចាងហ្វាងការផ្សាយសារព័ត៌មានកម្ពុជាឈ្នះ ត្រូវបានសាលាដំបូងខេត្តតាកែវចេញដីកាឲ្យចូលខ្លួនទៅបំភ្លឺ។
លោកទេសង៉ែត វឌ្ឍនាឆាយានាថ បានបង្ហោះព័ត៌មាននៅលើ account ផ្ទាល់ខ្លួនថា នៅវេលាម៉ោងជាង៥ល្ងាច ថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ នេះ មានបងប្អូនអ្នកសារព័ត៌មានម្នាក់បានផ្ញើដីកាកោះ ពី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ មកខ្ញុំ តាមបណ្តាញសង្គម Telegram ពោលគឺ ខ្ញុំមិនបានទទួលតាមតុលាការ ឬតាមប៉ុស្តិ៍នគរបាលរដ្ឋបាល ទេ?។
អ្នកសារព័ត៌មានរូបនេះ បញ្ជាក់ប្រាប់ខ្ញុំថា គាត់បានចូលបំភ្លឺនៅតុលាការរួចហើយ ហើយ ក្រឡាបញ្ជីបានឱ្យគាត់ថតដីកាកោះនេះ រួចផ្ញើបន្តមកខ្ញុំ។
នៅក្នុងដីកាកោះ ចុះថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៦ លោក អ៊ុំ រ័ត្ននា តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានអញ្ជើញឈ្មោះ ឆាយ យ៉ានៀត (ឈ្មោះពិតខ្ញុំ គឺ ទេសង៉ែត វឌ្ឍនាឆាយានាថ ឈ្មោះក្នុងបណ្តាញសង្គម គឺ Chhaya Neat មុខរបរ អ្នកសារព័ត៌មាន ) មានទីលំនៅបច្ចុប្បន្នផ្ទះលេខ១២ ផ្លូវលេខ១ បុរីពិភពថ្មីកួរស្រូវ២ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ (នេះមិនមែនជាទីលំនៅខ្ញុំទេ តែ ជាការិយាល័យអង្គភាពសារព័ត៌មាន កម្ពុជាឈ្នះ) ទីលំនៅពិកប្រាកដ ខ្ញុំ គឺ ផ្លូវលំ ភូមិវាលថ្លាន់ សង្កាត់គងនយ ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
ក្នុងដីកាកោះ ដដែល គឺ លោក អ៊ុំ រ័ត្ននា តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានកោះហៅខ្ញុំឱ្យចូលទៅកាន់អយ្យការអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦ វេលាម៉ោង៨៖៣០នាទីព្រឹក ដើម្បីសាកសួរពីដំណើររឿង «ញុះញង់និងកំហែងយក» ប្រព្រឹត្តនៅភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ តាមពាក្យបណ្ដឹងរបស់ឈ្មោះ ភួន ឈីម (អភិបាលស្រុកបាទី) និង ឈ្មោះ ឆាយ កែវមុន្នី (អធិការនគរបាលស្រុកបាទី ដែលទើបត្រូវបានបញ្ឈរជើង) ប្តឹងទៅលើឈ្មោះ ស៊ាង ប៊ុនសុង និងឈ្មោះ ព្រហ្ម សុផៃ (ជាអ្នកសារព័ត៌មាន)។
នៅក្នុងដីកាកោះនេះ មិនបានកំណត់អត្តសញ្ញាណខ្ញុំច្បាស់លាស់ទេ ទាំងឈ្មោះ ទាំងទីលំនៅ ទាំងឋានៈ តើខ្ញុំជា ជនសង្ស័យ ឬជាសាក្សី…។
ទោះបីយ៉ាងណាក៏ដោយ បើដីកានេះ ពិតជាកោះហៅខ្ញុំមែន ខ្ញុំនឹងចូលបំភ្លឺនៅអយ្យការអមសាលាដំបូងខេត្តតាកែវ តាមការកំណត់។
ខ្ញុំសូមបញ្ជាក់ថា អង្គហេតុនៃការប្រព្រឹត្តបទល្មើសក្នុងពាក្យបណ្តឹង កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៦ នៅចំណុចភូមិត្រយឹងខ្ពស់ ឃុំលំពង់ ស្រុកបាទី ខេត្តតាកែវ គឺ ខ្ញុំមិនបានដឹង ខ្ញុំមិនបានចូលរួមជាមួយឈ្មោះ ស៊ាង ប៊ុន និង ឈ្មោះ ព្រហ្ម សុផៃ និង មិនបានសូម្បីផ្សព្វផ្សាយព័ត៌មាន រឿងរស៊ើប ទីតាំង Scams Online នៅចំណុចនេះ។
មាសសុទ្ធមិនខ្លាចភ្លើងទេ ខ្ញុំជាអ្នកសារព័ត៌មាន អនុវត្តក្រមសីលធម៌វិជ្ជាជីវៈ ក៏មិនខ្លាចការចូលបំភ្លឺដែរ។
ទីភ្នាក់ងារសារព័ត៌មានសៀមរាប ប៉ុស្តិ៍ មិនទាន់ទទួលបានការបំភ្លឺពីអ្នកនាំពាក្យសាលាដំបូងខេត្តតាកែវនៅឡើយទេជុំវិញការចេញដីកាកោះហៅចាងហ្វាងការផ្សាយសារព័ត៌មានកម្ពុជាឈ្នះ រហូតដល់ម៉ោងផ្សាយនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ៕SRP

