ខេត្តសៀមរាប៖អភិបាលខេត្តបានលើកឡើងថាព្រៃលិចទឹកនេះមានសារៈសំខាន់សម្រាប់ទីជម្រកត្រីពងកូន និងជីវៈចម្រុះនៅក្នុងបឹងទន្លេសាប តែបើសិន ព្រៃលិចទឹកបាត់បង់ជារៀងរាល់ឆ្នាំនោះ វានឹងធ្វើឲ្យមានផលប៉ះពាល់យ៉ាងច្រើនដល់ជីវៈចម្រុះជាពិសេសទិន្នផលត្រី និងមានការថយចុះ ជារៀងរាល់ឆ្នាំ ព្រមទាំងសត្វស្លាបទៀតផង។
លោកទៀ សីហា អភិបាលខេត្តសៀមរាបបានបញ្ជាក់ថា ផ្ទាំងផែនទីទិន្នន័យនៃផ្ទៃដីក្នុងតំបន់២និងតំបន់៣ បានដាក់តាំងបង្ហាញឲ្យសាធារណជនបានដឹងបានយល់ក្នុងការកំណត់ព្រំប្រទល់ នឹងបោះបង្គោលឡាក់ ដែលបានបញ្ជាក់នៅក្នុងទីនេះស្រាប់ ក្នុងគោលបំណងចួលរួមទប់ស្កាត់ការពារបឹងទន្លេសាបដែលកំពុងតែរងគ្រោះដោយគោករាក់ និង បាត់បង់ព្រៃលិចទឹកជាបណ្តើរៗ ដោយរងការបំផ្លិចបំផ្លាញពីក្រុមជនអនាធិបតេយ្យនោះ គឺយើងចាំបាច់ត្រូវតែមានវិធានការណ៍។
លោកមានប្រសាសន៍បែបនេះ នៅរសៀលថ្ងៃទីខែ២៧ ខែធ្នូ ម្សិលមិញក្នុងឱកាសអញ្ជើញចុះពិនិត្យនិងកំណត់ដាក់ផ្ទាំងផែនទីតំបន់៣ ព្រៃលិចទឹកបឹងទន្លេសាប ក្នុងភូមិសាស្ត្រត្រង់ចំណុចចុងឃ្នៀស សង្កាត់ចុងឃ្នៀស ក្រុងសៀមរាប ខេត្តសៀមរាប។
សូមបញ្ជាក់ថា កាលពីថ្មីៗនេះ សម្តេចហ៊ុនសែន បានដាក់បទបញ្ជារឲ្យអាជ្ញាធរខេត្ត ជុំវិញបឹងទន្លេសាបទាំងអស់ ពិនិត្យមើលនិងទប់ស្កាត់ជាបន្ទាន់នូវការកាប់រានដីព្រៃលិចទឹក ក្រោយពីមានព័ត៌មានថាមានការកាប់បំផ្លាញព្រៃលិចទឹកនៅជុំវិគបឹងទន្លេសាប។
បើតាមប្រភពបានឲ្យដឹងថា នៅឯសង្កាត់ជ្រាវក្រុងសៀមរាប ក៏មានសកម្មភាពកាប់បំផ្លាញព្រៃលិចទឹកជាច្រើនហិកតាផងដែរ ប៉ុន្តែរហូតមកដល់ពេលនេះគេនៅពុំទាន់ឃើញមេក្លោងនៃការកាប់បំផ្លាញព្រៃទឹកចេញមុខសារភាពនៅឡើយទេ។ ទោះជាយ៉ាងណាប្រជាពលរដ្ឋក៏ដូចជាមហាជនសង្ឃឹមថាអាជ្ញាធរសមត្ថកិច្ចជំនាញពាក់ព័ន្ធនឹងចាត់វិធានការជាក់លាក់ទៅលើមេក្លោងកាប់បំផ្លាញព្រៃលិចទឹកនៅសង្កាត់ជ្រាវជាក់ជាពុំខានឡើយ៕SRP


