សារព័ត៌មានជាអំណាចទី៤ ដ៏មានឥទ្ធិពល ក្នុងការជំរុញការអភិវឌ្ឍ និងការពារសន្តិភាព
ក្នុងស្មារតីពង្រឹងវិស័យព័ត៌មាន មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានបញ្ជាក់ថា សារព័ត៌មានមានឥទ្ធិពលយ៉ាងខ្លាំងក្នុងការកសាងប្រទេស តាមរយៈការផ្តល់ព័ត៌មានគ្រប់ជ្រុងជ្រោយ សារព័ត៌មានបានក្លាយជាកម្លាំងចលករជួយដល់ការសម្រេចចិត្តរបស់ពលរដ្ឋ និងជាត្រីវិស័យសម្រាប់រាជរដ្ឋាភិបាល ក្នុងការដាក់ចេញនូវគោលនយោបាយឆ្លើយតបទៅនឹងតម្រូវការសង្គមជាក់ស្ដែង។
ក្នុងឱកាសអញ្ជើញជាអធិបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែមករា ឆ្នាំ២០២៦ របស់មន្ទីរព័ត៌មានខេត្តសៀមរាប នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម កៅ អ៉ីមរ៉ន រដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកមន្ទីរព័ត៌មានខេត្តសៀមរាប បានសង្កត់ធ្ងន់ថា សារព័ត៌មាន គឺជាអំណាចទី៤ ដែលអំណាចនេះ ប្រសិនបើប្រើប្រាស់ត្រូវ គឺមានសារៈសំខាន់សម្រាប់អភិវឌ្ឍប្រទេសជាតិ ថែរក្សាសន្តិភាព ស្ថិរភាព និងផ្ដល់ថាមពលឱ្យប្រជាជនធ្វើការសម្រេចចិត្ត ក៏ដូចជារាជរដ្ឋាភិបាលក្នុងការដាក់ចេញនូវវិធានការឱ្យមានប្រសិទ្ធភាព។
ឯកឧត្តម កៅ អ៉ីមរ៉ន លើកឡើងថា នៅក្នុងសង្គមប្រជាធិបតេយ្យ សារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយ គឺជាអំណាចទី៤ បន្ទាប់ពីអំណាចនីតិប្បញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ ដោយសារសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយមានឥទ្ធិពលលើនយោបាយ និងអំណាចទាំង៣ដោយឡែក។ ការពិភាក្សាវែកញែកអំពីសកម្មភាពរបស់មន្ត្រីសាធារណៈ និងស្ថាប័ននយោបាយក្នុងគោលបំណងលើកកម្ពស់ផលប្រយោជន៍សាធារណៈ និងតាមដានការអនុវត្តរបស់អំណាចទាំង៣។
ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជំរុញ និងលើកទឹកចិត្តដល់មន្ត្រីនៃមន្ទីរព័ត៌មានទាំងអស់ ត្រូវបន្តយកចិត្ដទុកដាក់ក្នុងការអនុវត្តតួនាទីភារកិច្ចឱ្យបានកាន់តែល្អប្រសើរបន្ថែមទៀត ដោយប្រកាន់ភ្ជាប់នូវការគោរពតួនាទីភារកិច្ចឱ្យបានល្អ ប្រើប្រាស់អំណាចទី៤នេះ ឱ្យស្របទៅនឹងក្រមសីលធម៌ និងវិជ្ជាជីវៈជាមន្ត្រីព័ត៌មាន។ ជាពិសេសពង្រឹងលើការងារសាធារណៈមតិ ស្របតាមប្រសាសន៍ណែនាំ ឯកឧត្ដម នេត្រ ភក្រ្តា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន៕SRP
អត្ថបទ៖ លោក អ៊ុន ណារាជ្យ
រូបភាព៖ ក្រុមការងារ

