អាជ្ញាធរខេត្តសៀមរាបពិភាក្សារជាមួយក្រុមហ៊ុន DUBAI AMIRAKLETOUR ដើម្បីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ
លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប តំណាងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀមរាប នៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យលោកស្រី MATH AMIRORS នាយិកាប្រតិបត្តិ ក្រុមហ៊ុន DUBAI AMIRAKLETOUR និងជាប្រធានហើយ និងក្រុមការងារពាណិជ្ជកម្មតភ្ជាប់រវាងទីក្រុង ឌូបៃ និង ប្រទេសកម្ពុជា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារពាក់ព័ន្ធវិស័យទេសចរណ៍។
ក្នុងឱកាសនោះ ក៏មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីជំនាញនៃមន្ទីរ អង្គភាពពាក់ព័ន្ធក្នុងខេត្តសៀមរាប ព្រមទាំងតំណាងក្រុមហ៊ុនទេសចរណ៍ និងអ្នកផ្សព្វផ្សាយមាតិកាទេសចរណ៍មកពី អារ៉ាប់អេមីរ៉ាត ផងដែរ។
កិច្ចពិភាក្សាបានផ្តោតលើចំណុចសំខាន់ៗ ដូចតទៅ៖
ទី១. ពង្រឹងការតភ្ជាប់ និងការផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តសៀមរាបភាគីទាំងពីរ បានពិភាក្សាអំពីការជំរុញការផ្សព្វផ្សាយគោលដៅទេសចរណ៍ខេត្តសៀមរាប ទៅកាន់ទីផ្សារទេសចរណ៍នៅទីក្រុងឌូបៃ តាមរយៈការរៀបចំជំនួបពាណិជ្ជកម្ម (B2B) ការចូលរួមវេទិកា និងព្រឹត្តិការណ៍ផ្សព្វផ្សាយនានា ដើម្បីបង្ហាញពីសក្តានុពល និងភាពទាក់ទាញនៃវិស័យទេសចរណ៍ឱ្យកាន់តែទូលំទូលាយ។
ទី២. បង្កើនចំនួនភ្ញៀវទេសចរអន្តរជាតិ
ផ្តោតលើការទាក់ទាញភ្ញៀវទេសចរពីទីផ្សារថ្មីៗ ជាពិសេសតំបន់មជ្ឈិមបូព៌ា អឺរ៉ុប និងអាស៊ី ក្នុងគោលបំណងបង្កើនប្រាក់ចំណូលជាតិ និងបង្កើតឱកាសការងារបន្ថែមសម្រាប់ប្រជាពលរដ្ឋមូលដ្ឋាន។
ទី៣. ពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជន
ជំរុញកិច្ចសហការរវាងអាជ្ញាធរខេត្ត ជាមួយក្រុមហ៊ុនទេសចរណ៍ ក្រុមហ៊ុនអាកាសចរណ៍ និងវិនិយោគិន ដើម្បីរួមចំណែកអភិវឌ្ឍផលិតផលទេសចរណ៍ថ្មីៗ និងលើកកម្ពស់គុណភាពសេវាកម្មឱ្យសមស្របតាមស្តង់ដារអន្តរជាតិ។
ទី៤. លើកស្ទួយសេដ្ឋកិច្ចមូលដ្ឋាន
ការកើនឡើងនៃចំនួនភ្ញៀវទេសចរ នឹងរួមចំណែកគាំទ្រដល់អាជីវកម្មខ្នាតតូច និងមធ្យម (SMEs) ដូចជា ភោជនីយដ្ឋាន សិប្បកម្ម សណ្ឋាគារ និងសេវាកម្មមូលដ្ឋានផ្សេងៗ ដែលជាកត្តាសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ។
ជាមួយនឹងជំនួបនេះ ភាគីទាំងពីរក៏បានបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នា ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការផ្នែកទេសចរណ៍ រវាងទីផ្សារអារ៉ាប់អេមីរ៉ាត និងខេត្តសៀមរាប ដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិបន្ថែម និងជំរុញការអភិវឌ្ឍវិស័យទេសចរណ៍ប្រកបដោយចីរភាព៕SRP

