កាមេរ៉ាសុវត្ថិភាព ត្រូវបានបំពាក់បន្ថែមតាមដងផ្លូវនាៗ ក្នុងខេត្តសៀមរាប

កាមេរ៉ាសុវត្ថិភាព ត្រូវបានបំពាក់បន្ថែមតាមដងផ្លូវនាៗ ក្នុងខេត្តសៀមរាប
0

កាមេរ៉ាសុវត្ថិភាព ត្រូវបានបំពាក់បន្ថែមតាមដងផ្លូវនាៗ ក្នុងខេត្តសៀមរាប ដើម្បីធានាដល់ការថែរក្សាសន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ

លោកឧត្តមសេនីយ៍ទោហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានបញ្ជាក់ថា សម្រាប់ផែនការថ្មីមួយទៀតសម្រាប់ខេត្តសៀមរាប ក្នុងឆ្នាំ២០២៦នេះ ស្នងការនគរបាលខេត្ត កំពុងនឹងបន្តជំរុញការរៀបចំកាមេរ៉ាសុវត្ថិភាពនៅតាមដងផ្លូវជាតិ ជាពិសេសផ្លូវជាតិលេខ៦ បន្ថែមពីលើចំនួនកាមេរ៉ាដែលមានស្រាប់ ដើម្បីប្រើប្រាស់ក្នុងកិច្ចការងារថែរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ខណៈកន្លងមកកាមេរ៉ាសុវត្ថិភាព បានជួយសម្រួលសមត្ថកិច្ចធ្វើការឆ្លើយតប បង្ក្រាបបទល្មើស បានទាន់ពេលវេលា។

លោកឧត្តមសេនីយ៍ទោ ហួត សុធី បានបញ្ជាក់ទៀតថា ការបំពាក់កាមេរ៉ាសុវត្ថិភាពនេះ នឹងជួយបង្កើននូវប្រសិទ្ធភាពក្នុងការបង្ក្រាបបទល្មើសព្រហ្មទណ្ឌ និងបទល្មើសនានា និងជាពិសេសជួយឱ្យសមត្ថកិច្ចធ្វើការឆ្លើយតបបានទាន់ពេលវេលា ធ្វើយ៉ាងណាធានាសន្តិសុខ សណ្ដាប់ធ្នាប់ និងផ្ដល់ភាពកក់ក្ដៅជូនបងប្អូនប្រជាពលរដ្ឋ ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលមកលេងកម្សាន្តនៅខេត្តសៀមរាប។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់បន្ថែមថា ក្រៅកាមេរ៉ាសុវត្ថិភាពដែលគ្រប់គ្រងដោយស្នងការនគរបាលខេត្ត ខេត្តសៀមរាបក៏មានកាមេរ៉ាសុវត្ថិភាពនៅលើផ្លូវ ៣៨ខ្សែ ដែលគ្រប់គ្រងដោយរដ្ឋបាលខេត្ត។ បន្ថែមពីនោះ ក្នុងគម្រោងទីក្រុងឆ្លាតវៃរបស់ទីភ្នាក់ងារសហការប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានបំពាក់កាមេរ៉ា ដើម្បីតាមដានការចតរថយន្តខុសច្បាប់ចំនួន ៤ទីតាំង និងគម្រោងបំពាក់កាមេរ៉ាសុវត្ថិភាពចំនួន ៤ទីតាំង នៅក្នុងតំបន់ផាប់ស្រ្ទីត ដើម្បីតាមដានជនសង្ស័យផងដែរ៕SRP

អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ