យុវជនមកពី ២៥រាជធានីខេត្ត ចូលរួមប្រឡងប្រណាំង ៣ល្អ ក្រោមប្រធានបទ “តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាយុវជន និងកុមារកម្ពុជាក្នុងនាមជាមូលធនមនុស្ស” នៅខេត្តសៀមរាប

យុវជនមកពី ២៥រាជធានីខេត្ត ចូលរួមប្រឡងប្រណាំង ៣ល្អ ក្រោមប្រធានបទ “តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាយុវជន និងកុមារកម្ពុជាក្នុងនាមជាមូលធនមនុស្ស” នៅខេត្តសៀមរាប
0

យុវជនមកពី ២៥រាជធានីខេត្ត ចូលរួមប្រឡងប្រណាំង ៣ល្អ ក្រោមប្រធានបទ “តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាយុវជន និងកុមារកម្ពុជាក្នុងនាមជាមូលធនមនុស្ស” នៅខេត្តសៀមរាប

ក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា ប្រមាណ២០០នាក់ មកពី ២៥រាជធានីខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចូលរួមក្នុងកម្មវិធីប្រជុំបូកសរុបចលនាប្រឡងប្រណាំង ៣ល្អ “កូនល្អ សិស្សល្អ មិត្តល្អ” ប្រចាំឆ្នាំ២០២៦ ដែលរៀបចំឡើងនៅខេត្តសៀមរាប ដោយនាយកដ្ឋានអប់រំយុវជន និងកុមារ នៃក្រសួងអប់រំ នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ក្រោមប្រធានបទ “តួនាទី និងភារកិច្ចរបស់ក្រុមប្រឹក្សាយុវជន និងកុមារកម្ពុជាក្នុងនាមជាមូលធនមនុស្ស”។

លោក ជឹម ឈឿន អនុប្រធាននាយកដ្ឋានអប់រំយុវជន និងកុមារ បានឱ្យដឹងថា កម្មវិធីនេះ រៀបចំឡើងក្នុងគោលបំណងផ្ដល់ឱកាសដល់ក្រុមប្រឹក្សាយុវជនកម្ពុជាឆ្នើម និងក្រុមប្រឹក្សាកុមារកម្ពុជាឆ្នើម មកពី ២៥រាជធានីខេត្ត ប្រើប្រាស់សមត្ថភាព ចំណេះដឹងថ្មីៗ បទពិសោធ ធ្វើការចែករំលែកដល់យុវជន និងកុមារកម្ពុជាដទៃទៀត ឱ្យឃើញពីសមិទ្ធផលនានា នៅក្នុងសាលារៀនកើតចេញពីការអនុវត្តផែនការសកម្មភាពក្រុមប្រឹក្សាប្រតិបត្តិប្រចាំឆ្នាំរបស់ខ្លួនបានសម្រេច។

លោក ជឹម ឈឿន បានបញ្ជាក់ថា យុវជន និងកុមារ កម្ពុជានៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ជាប្រតិបត្តិករផ្ទាល់ បានលះបង់ពេលវេលាដ៏មានតម្លៃ ក្នុងការចូលរួមចំណែកថែរក្សាសណ្ដាប់ធ្នាប់ វិន័យ អនាម័យ បរិស្ថាន សោភ័ណភាពសាលារៀនស្អាត នឹងក្លាយទៅជាសាលារៀនស្ដងដាគំរូ ដើម្បីជំរុញឱ្យការបង្រៀននិងរៀនប្រកបគុណភាព ប្រសិទ្ធភាព ដល់ យុវជន និងកុមារកម្ពុជា ក្លាយទៅជាមូលធនមនុស្សនាពេលបច្ចុប្បន្ន និងថ្ងៃអនាគត។ “កុមារថ្ងៃនេះ ក្លាយទៅជាយុវជននៅថ្ងៃស្អែក” ហើយចំណេះដឹង ជំនាញវិជ្ជាជីវៈ សីលធម៌ គឺជាការឆ្លើយតបទៅនឹងទីផ្សារការងារ ដែលយើងអាចធានាបានថា ការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិប្រកបដោយចីរភាព។

ឯកឧត្តម ពឹង គិមឆេន អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា សកម្មភាពក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា បានដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញឱ្យកុមារ និងយុវជន នៅក្នុងគ្រឹះស្ថានសិក្សា ខិតខំប្រឹងប្រែងរៀនសូត្រ សីលធម៌ល្អ សុជីវធម៌ គុណធម៌ ស្មារតីសាមគ្គីភាពចូលរួមការថែរក្សាអនាម័យ និងបរិស្ថានសាលារៀនមានសោភ័ណភាពទាំងក្នុងថ្នាក់រៀន បណ្ណាល័យ និងបរិវេណសាលារៀនជាដើម។ លោក នាយក លោកស្រីនាយិកា នៅតាមគ្រឹះស្ថានសិក្សាសាធារណៈ ត្រូវបន្តជំរុញការអនុវត្តការងារក្រុមប្រឹក្សាឱ្យបាន ផុលផុសចូលរួមចំណែកលើកការអប់រំនៅកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។

ឯកឧត្តម ពឹង គិមឆេន មានប្រសាសន៍ទៀតថា កម្មវិធីថ្ងៃនេះ គឺសរបញ្ជាក់ឱ្យឃើញពីលទ្ធផល នៃការអនុវត្តគម្រោងរបស់ក្រុមប្រឹក្សាយុវជនកម្ពុជាទាំង២៥ ព្រោះពិតណាស់សកម្មភាពក្រុមប្រឹក្សា យុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជា ជាផ្នែកមួយយ៉ាងសំខាន់មិនអាចខ្វះបានក្នុងការកសាងមូលធនមនុស្ស ធានាបានការអភិវឌ្ឍប្រជាជាតិមួយមានចីរភាព។

ឯកឧត្តមអនុរដ្ឋលេខាធិការ បានជំរុញឱ្យប្អូនៗក្រុមប្រឹក្សាយុវជនកម្ពុជា និងក្រុមប្រឹក្សាកុមារកម្ពុជាទាំងអស់ ត្រូវធ្វើជាគំរូល្អក្នុងការគោរពបទបញ្ជាផ្ទៃក្នុងសាលារៀន និងច្បាប់សង្គម ជំរុញការប្រើប្រាស់បណ្ណាល័យ និងការស្រាវជ្រាវស្វ័យសិក្សា និងបន្តសកម្មភាព «សិស្សពូកែជួយសិស្សយឺត» តាមក្លឹបសិក្សា។ ជាមួយគ្នានេះ សូមឱ្យប្អូនត្រូវរៀនសូត្រជំនាញទន់ ការដោះស្រាយបញ្ហា និងការធ្វើការជាក្រុម ដឹកនាំចលនាសាលាស្អាត បៃតង និងគិតគូរសុខភាព និងការចូលរួមសកម្មភាពមនុស្សធម៌ និងការងារស្ម័គ្រចិត្ត។ ត្រូវប្រើប្រាស់បណ្តាញទំនាក់ទំនង ដើម្បីចែករំលែកព័ត៌មានអប់រំ និងគំរូល្អៗ ជៀសវាងគ្រឿងញៀន បន្តរក្សាភាពជា «កូនល្អ សិស្សល្អ មិត្តល្អ» ឱ្យក្លាយជាទម្លាប់ប្រចាំជីវិត។ ជាពិសេស កុមារនិងយុវជន ត្រូវមានថាមពលខ្លាំងក្លាប្រកបដោយសុខភាពល្អ មានសមត្ថភាពពិតប្រាកដ និងសីលធម៌ល្អ៕SRP

អត្ថបទ៖ លោក អ៊ុន ណារាជ្យ