អាជ្ញាធរខេត្តសៀមរាប គាំទ្រយ៉ាងពេញទំហឹងដល់ការរៀបចំ «មហោស្រពសៀកអន្តរជាតិ ទីនេះ ទីនោះ» លើកទី១៣ ដើម្បីជំរុញវិស័យទេសចរណ៍ និងវប្បធម៌

អាជ្ញាធរខេត្តសៀមរាប គាំទ្រយ៉ាងពេញទំហឹងដល់ការរៀបចំ «មហោស្រពសៀកអន្តរជាតិ ទីនេះ ទីនោះ» លើកទី១៣ ដើម្បីជំរុញវិស័យទេសចរណ៍ និងវប្បធម៌
0

អាជ្ញាធរខេត្តសៀមរាប គាំទ្រយ៉ាងពេញទំហឹងដល់ការរៀបចំ «មហោស្រពសៀកអន្តរជាតិ ទីនេះ ទីនោះ» លើកទី១៣ ដើម្បីជំរុញវិស័យទេសចរណ៍ និងវប្បធម៌

អាជ្ញាធរខេត្តសៀមរាប បានបង្ហាញការគាំទ្រ និងវាយតម្លៃខ្ពស់ចំពោះការរៀបចំ «មហោស្រពសៀកអន្តរជាតិ ទីនេះ ទីនោះ» លើកទី១៣ ឆ្នាំ២០២៦ ដែលជាព្រឹត្តិការណ៍សិល្បៈអន្តរជាតិដ៏សំខាន់ រៀបចំឡើងដោយល្ខោនសៀកកម្ពុជាហ្វារ និងសមាគមហ្វារពន្លឺសិល្បៈ ដើម្បីចូលរួមលើកកម្ពស់វិស័យសិល្បៈ វប្បធម៌ និងទេសចរណ៍កម្ពុជា ព្រមទាំងផ្សព្វផ្សាយសក្តានុពលរបស់ខេត្តទៅកាន់ឆាកអន្តរជាតិ។

ក្នុងសន្និសីទសារព័ត៌មាន នាព្រឹកថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្តសៀមរាប បានបញ្ជាក់ថា ព្រឹត្តិការណ៍នេះគឺជាការតភ្ជាប់ច្រកទ្វារទេសចរណ៍រវាងខេត្តសៀមរាប និងខេត្តបាត់ដំបង។ លោកបានគូសបញ្ជាក់ថា ខេត្តទាំងពីរមិនមែនជាដៃគូប្រកួតប្រជែងគ្នានោះទេ ប៉ុន្តែជាដៃគូបំពេញឱ្យគ្នាទៅវិញទៅមក ដោយអនុញ្ញាតឱ្យភ្ញៀវទេសចរមកទស្សនាប្រាសាទបុរាណនៅសៀមរាប ហើយបន្តដំណើរទៅកម្សាន្តផ្នែកសិល្បៈ និងវប្បធម៌នៅខេត្តបាត់ដំបង ដែលជួយឱ្យភ្ញៀវទេសចរស្នាក់នៅកម្ពុជាបានកាន់តែយូរ។

លោកអភិបាលរងខេត្តបានបន្ថែមថា សិល្បៈសៀកមិនមែនជារឿងថ្មីសម្រាប់កម្ពុជានោះទេ ប៉ុន្តែជាទម្រង់សិល្បៈដែលមានកំណើតតាំងពីសម័យមុនអង្គរ ជាមួយនឹងភស្តុតាងប្រវត្តិសាស្ត្រច្បាស់លាស់នៅលើចម្លាក់ថែវនៃប្រាសាទបាយ័ន ប្រាសាទបាភួន និងព្រះលានជល់ដំរីជាដើម។ ដូច្នេះ ការបង្កើតផលិតផលទេសចរណ៍សិល្បៈច្នៃប្រឌិតថ្មីៗទាំងនេះ នឹងបន្ថែមភាពទាក់ទាញដល់គោលដៅទេសចរណ៍បេតិកភណ្ឌរបស់ខេត្តសៀមរាប។ ជាមួយគ្នានេះ លោកក៏បានអំពាវនាវដល់សាធារណជន ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ឱ្យចូលរួមទស្សនា និងគាំទ្រព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះ។

លោក អូស្មាន់ ខាវ៉ាចា (Osman Khawaja) នាយកប្រតិបត្តិសមាគមហ្វារពន្លឺសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលសហគ្រាសសង្គមហ្វារ បានឱ្យដឹងថា មហោស្រពលើកទី១៣ នេះ នឹងនាំយកក្រុមសម្តែងចំនួន ១៥ក្រុម មកពី ១៣ប្រទេស ចាប់ពីតំបន់អាស៊ី អូស្ត្រាលី រហូតដល់អឺរ៉ុប។ ព្រឹត្តិការណ៍នេះមិនត្រឹមតែផ្តល់ភាពសប្បាយរីករាយប៉ុណ្ណោះទេ ប៉ុន្តែគឺជាវេទិកាជួបជុំផ្លាស់ប្តូរបទពិសោធន៍ បច្ចេកទេស និងគំនិតច្នៃប្រឌិតរវាងសិល្បករខ្មែរ និងអន្តរជាតិ ព្រមទាំងចូលរួមអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសិល្បៈសៀកសហសម័យនៅក្នុងតំបន់ ប្រកបដោយចីរភាព។

លោកថា សម្រាប់សន្និសីទសារព័ត៌មាននាពេលនេះ គឺរៀបចំឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីមហោស្រពសៀកអន្តរជាតិនេះ ជូនដល់សាធារណជន ដៃគូពាក់ព័ន្ធ និងប្រតិបត្តិករទេសចរណ៍ គោលដៅជំរុញការផ្សព្វផ្សាយ និងបង្កើនការទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកកាន់ខេត្តសៀមរាប និងខេត្តបាត់ដំបង តាមរយៈសិល្បៈសៀក និងសកម្មភាពវប្បធម៌ច្នៃប្រឌិតនេះ។

សូមបញ្ជាក់ថា «មហោស្រពសៀកអន្តរជាតិ ទីនេះ ទីនោះ ២០២៦» លើកទី១៣ នឹងប្រព្រឹត្តទៅចាប់ពី ថ្ងៃទី១៧ ដល់ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅខេត្តសៀមរាប និងខេត្តបាត់ដំបង ដោយមានការចូលរួមពីសិល្បករ អ្នកបង្កើតស្នាដៃសិល្បៈ និងដៃគូពាក់ព័ន្ធជាតិ-អន្តរជាតិជាច្រើនរូប៕SRP

អត្ថបទ៖ លោក ទ្រា ពន្លឺ
‎កែសម្រួល៖ លោក អ៊ុន ណារាជ្យ