គ្រួសាររងគ្រោះដោយសារអគ្គីភ័យ ទទួលបានអំណោយពីអនុសាខាកាកបាទក្រហមស្រុកជីក្រែង
លោក បូ ម៉េងទ្រី ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមស្រុកជីក្រែង ខេត្តសៀមរាប នៅថ្ងៃម្សិលមិញ បានដឹកនាំសហការី អញ្ជើញសួរសុខទុក្ខ និងនាំយកអំណោយជូនដល់គ្រួសាររងគ្រោះ ដោយសារភ្លើងឆេះផ្ទះ នៅក្នុងភូមិពោធិ៍ ឃុំពង្រក្រោម ស្រុកជីក្រែង ខេត្តសៀមរាប ដែលរងគ្រោះកាលពីថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ លោក បូ ម៉េងទ្រី បាននាំនូវប្រសាសន៍ផ្ដាំផ្ញើ សួរសុខទុក្ខពីសំណាក់ ថ្នាក់ដឹកនាំកាកបាទក្រហមកម្ពុជា ជាពិសេស ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ដែលលោកតែងតែគិតគូរចំពោះសុខទុក្ខបងប្អូនប្រជាពលរដ្ឋគ្រប់រូបដោយមិនប្រកាន់វណ្ណៈ ពូជសាសន៍ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ ស្របតាមទិសស្លោក «កាកបាទក្រហមកម្ពុជា មានគ្រប់ទីកន្លែងសម្រាប់គ្រប់ៗគ្នា មិនទុកអ្នកណាម្នាក់ចោល» និង «ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា»។
លោកប្រធានគណៈកម្មាធិការ ក៏បានសម្ដែងនូវក្ដីសោកស្ដាយ ចំពោះការបាត់បង់ដោយសារឧបទ្ទវហេតុដែលបានកើតឡើងនេះ ដែលគ្មាននរណាម្នាក់ចង់ជួបឡើយ។ លោកបន្តថា ត្បិតតែអំណោយមនុស្សធម៌ដែលបាននាំយកមកចែកជូននាពេលនេះ មានចំនួនមិនសមល្មមនឹងការខូចខាតក៏ពិតមែន តែក៏អាចជួយសម្រាលទុក្ខលំបាកបានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋគ្រប់រូបពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជា ដែលមានសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន។
សូមជម្រាបថា អំណោយដែលបានផ្ដល់ជូនរួមមាន៖ អង្ករ មី ត្រីខ ទឹកត្រី កន្ទេល មុង ភួយ ក្រម៉ា សារ៉ុង តង់ ទឹកសុទ្ធ និងថវិកាមួយចំនួនផងដែរ៕SRP
អត្ថបទ៖ លោក អ៊ុន ណារាជ្យ