រដ្ឋបាលស្រុកសូទ្រនិគម រៀបចំសិក្ខាសាលាស្ដីពីសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ឃុំស្រុក ឆ្នាំ២០២៧-២០២៩ នៅថ្នាក់ស្រុកឆ្នាំ២០២៦
រដ្ឋបាលស្រុកសូទ្រនិគម ខេត្តសៀមរាប នៅថ្ងៃម្សិលមិញ បានរៀបចំសិក្ខាសាលាស្ដីពីសមាហរណកម្មកម្មវិធីវិនិយោគបីឆ្នាំរំកិល ឃុំស្រុក ឆ្នាំ២០២៧-២០២៩ នៅថ្នាក់ស្រុកឆ្នាំ២០២៦ ដើម្បីពិភាក្សាសម្របសម្រួល និងឆ្លើយតបទៅនឹងតម្រូវការអាទិភាពនានារបស់មូលដ្ឋាន ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ដូចជាច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានីខេត្ត ក្រុងស្រុក ខណ្ឌ អនុក្រឹត្យលេខ ២១៩ អនក្រ.បក និងប្រកាសអន្តរក្រសួងលេខ ២៤១៧ ប្រ.ក។
លោក សយ វណ្ណា អភិបាលរងស្រុក បានគូសបញ្ជាក់ថា ការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ទាំងស្ថាប័នរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល និងផ្នែកឯកជន គឺជាសញ្ញាវិជ្ជមានមួយបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ក្នុងការកសាង និងអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីធានាថាកម្មវិធីវិនិយោគស្រុក ឃុំ មានលក្ខណៈសមស្រប ឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់ប្រជាពលរដ្ឋ និងទទួលបានការគាំទ្រយ៉ាងទូលំទូលាយ។
លោក សយ វណ្ណា បានបញ្ជាក់ថា រដ្ឋបាលស្រុកតែម្នាក់ឯង មិនអាចឆ្លើយតបបានទាំងស្រុង ទៅនឹងតម្រូវការនៃការអភិវឌ្ឍន៍ដ៏ច្រើនលើសលប់បានឡើយ ពោលគឺទាមទារឱ្យមានការរួមដៃគ្នាពីគ្រប់ភាគីពាក់ព័ន្ធ ទាំងការចូលរួមជាស្មារតី សម្ភារ និងថវិកា។ រាជរដ្ឋាភិបាលកម្ពុជា តែងតែចាត់ទុកអង្គការសង្គមស៊ីវិល និងផ្នែកឯកជន ជាដៃគូមិនអាចខ្វះបានក្នុងការស្តារ និងអភិវឌ្ឍន៍ប្រទេសជាតិ។ លោកក៏បានអំពាវនាវដល់តំណាងមន្ទីរអង្គភាព និងអង្គការដៃគូទាំងអស់ ពិនិត្យមើលគម្រោងអាទិភាពនីមួយៗឱ្យបានល្អិតល្អន់ ដើម្បីផ្តល់ការគាំទ្រភ្លាមៗ ឬពិចារណាគាំទ្រនៅក្រោយអង្គសិក្ខាសាលា។
សូមជម្រាបថា ក្នុងឱកាសនោះផងដែរ លោក អឿន ស៊ាន ប្រធានការិយាល័យផែនការ និងគាំទ្រឃុំ អានរាយការណ៍សង្ខេប អំពីលទ្ធផលនៃការអនុវត្តកម្មវិធីវិនិយោគឆ្នាំមុន ព្រមទាំងបញ្ជីគម្រោងអាទិភាពរបស់ស្រុក និងឃុំទាំង១០ ដែលមិនទាន់មានថវិកាគាំទ្រ។ បន្ថែមពីនេះ តំណាងមន្ទីរផែនការខេត្តសៀមរាប ក៏បានពន្យល់ណែនាំអំពីរបៀបរបបនៃការផ្តល់ការគាំទ្រពីសំណាក់ដៃគូអភិវឌ្ឍន៍នានាផងដែរ៕SRP
អត្ថបទ៖ លោក ឡៃ បញ្ញា
កែសម្រួល៖ លោក អ៊ុន ណារាជ្យ