ក្រសួងពាណិជ្ជកម្ម៖ ការចុះបញ្ជីពាណិជ្ជកម្មផ្ដល់សិទ្ធិពេញលេញស្របច្បាប់ និងជួយសម្រួលដល់បរិយាកាសធុរកិច្ចកាន់តែប្រសើរ
មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មបានគូសបញ្ជាក់ថា ការចុះបញ្ជីពាណិជ្ជកម្មមិនត្រឹមតែផ្ដល់សិទ្ធិពេញលេញ និងការការពារស្របច្បាប់ដល់ម្ចាស់អាជីវកម្មប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយហានិភ័យ និងបង្កើនទំនុកចិត្តពីអតិថិជនផងដែរ ខណៈបច្ចុប្បន្នរាជរដ្ឋាភិបាល និងក្រសួងពាណិជ្ជកម្មបានដាក់ឱ្យដំណើរការនូវគម្រោងទំនើបកម្មសេវាសាធារណៈ ដើម្បីធ្វើឱ្យការចុះបញ្ជីកាន់តែងាយស្រួល លឿនរហ័ស និងចំណេញពេលវេលា។
ក្នុងសិក្ខាសាលាសិក្ខាសាលាផ្សព្វផ្សាយ ស្ដីពីការធ្វើសាមញ្ញកម្ម នៃការចុះបញ្ជីពាណិជ្ជកម្ម និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធនឹងការចុះបញ្ជីពាណិជ្ជកម្ម នៅខេត្តសៀមរាប នាថ្ងៃទី២០ ខែតុលា ឆ្នាំ២០២៦ ឯកឧត្តម ឱម តារារិទ្ធ ប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្ម នៃក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការចុះបញ្ជីពាណិជ្ជកម្ម និងការធ្វើសាមញ្ញកម្មនីតិវិធី ជាផ្នែកមួយយ៉ាងសំខាន់នៃការកែលម្អបរិយាកាសធុរកិច្ច និងជួយសម្រួលដល់ប្រជាពលរដ្ឋ ពាណិជ្ជករ និងសហគ្រិន ក្នុងការបំពេញកាតព្វកិច្ចចុះបញ្ជីឱ្យបានត្រឹមត្រូវ និងស្របតាមច្បាប់។
ឯកឧត្តម បានឱ្យដឹងថា ក្រសួងពាណិជ្ជកម្មបានដាក់ឱ្យដំណើរការ នូវគម្រោងទំនើបកម្មសេវាសាធារណៈលើការងារចុះបញ្ជីពាណិជ្ជកម្មចំនួន៣ រួមមាន៖ ការធ្វើសាមញ្ញកម្មនៃការងារចុះបញ្ជីពាណិជ្ជកម្ម, ការធ្វើទំនើបកម្មការទូទាត់កម្រៃសេវាសាធារណៈ និងការលើកលែងការផាកពិន័យខកខានតម្កល់ប្រតិវេទន៍ប្រចាំឆ្នាំ។ ទំនើបកម្មនេះ នឹងសម្របសម្រួលដល់ការងារចុះបញ្ជីពាណិជ្ជកម្មឱ្យកាន់តែងាយស្រួល មានប្រសិទ្ធភាពខ្ពស់ ក្នុងការសាងបរិយាកាសធុរកិច្ចក្នុងព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែមានភាពប្រសើរឡើង ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តមបន្តថា ការធ្វើសាមញ្ញកម្មនៃការចុះបញ្ជីពាណិជ្ជកម្ម នឹងជួយកាត់បន្ថយភាពស្មុគស្មាញក្នុងការបំពេញនីតិវិធី បង្កើតប្រសិទ្ធភាពវាសាធារណៈ និងរួមចំណែកបង្កើតបរិយាកាសអំណោយផលសម្រាប់ការធ្វើធុរកិច្ច និងការវិនិយោគ សំដៅជំរុញការអភិវឌ្ឍវិស័យឯកជន និងសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែមានប្រសិទ្ធភាព និងចីរភាព។ ឯកឧត្តម រំពឹងថាតាមរយៈសិក្ខាសាលានេះ អ្នកចូលរួមនឹងទទួលបានចំណេះដឹង និងបទពិសោធន៍ថ្មីៗ ពាក់ព័ន្ធនឹងការធ្វើសាមញ្ញកម្មនៃការចុះបញ្ជីពាណិជ្ជកម្ម ព្រមទាំងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ។
លោក ភឿន គឹមលី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តសៀមរាប បានឱ្យដឹងថា សម្រាប់មន្ទីរពាណិជ្ជកម្មខេត្ត តែងតែរៀបចំកិច្ចប្រជុំជាហូរហែពាក់ព័ន្ធ នឹងកិច្ចការនៃការចុះបញ្ជីពាណិជ្ជកម្មជាហេតុផលដែលសំខាន់ គឺចង់ឱ្យព័ត៌មាននៃការចុះបញ្ជី ឬក៏ព័ត៌មានផ្សេងទៀតទាក់ទងជាមួយនឹងក្រសួងពាណិជ្ជកម្ម ទៅដល់បងប្អូនអ្នកដែលធ្វើអាជីវកម្ម។ ធ្វើឱ្យសកម្មភាពការងារ កាន់តែប្រសើរ តាមរយៈការខិតខំរបស់ក្រសួងពាណិជ្ជកម្ម បានធ្វើការកែប្រែច្រើន ជាពិសេសការពង្រឹង និងជំរុញទៅកាន់វិវត្តន៍ទៅកាន់ការងារ Digital បានកាន់តែប្រសើរច្រើនជាងមុន ស្របទៅនឹងគោលនយោបាយ រាជរដ្ឋាភិបាលទាក់ទងជាមួយនឹងបច្ចេកវិទ្យា។ ក្នុងនោះការចុះបញ្ជីពាណិជ្ជកម្មនៅខេត្តសៀមរាប រយៈពេល៩ខែ ឆ្នាំ២០២៦នេះ ការចុះបញ្ជីពាណិជ្ជកម្ម មានជាង៥០០ និងការចុះបញ្ជីម៉ាកមាន ៣២ម៉ាក៕SRP
អត្ថបទ៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ