ខេត្តសៀមរាប មានយុវជនស្ម័គ្រចិត្តជិតពីពាន់នាក់ បានដាក់ពាក្យសុំចូលបំពេញកាតព្វកិច្ចយោធា តាមរយៈមូលដ្ឋានកងរាជអាវុធហត្ថ
ដើម្បីបំពេញកាតព្វកិច្ចជាពលរដ្ឋខ្មែរ ក្នុងស្មារតីស្នេហាជាតិមាតុភូមិ យុវជន យុវនារីរស់នៅក្នុងខេត្តសៀមរាប ចំនួន ១ ៧២២នាក់ ក្នុងនោះមាន ស្រី៣០៩នាក់ បានស្ម័គ្រចិត្តដាក់ពាក្យបំពេញកាតព្វកិច្ចយោធា នៅតាមមូលដ្ឋានកងរាជអាវុធហត្ថ ក្រុង/ស្រុកទាំង១៣ នៃខេត្តសៀមរាប គិតត្រឹមថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦។
លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា យោងតាមច្បាប់ស្ដីពីកាតព្វកិច្ចយោធា ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាផ្លូវការ ដោយកំណត់ឱ្យប្រជាពលរដ្ឋខ្មែរជាបុរស ដែលមានអាយុចាប់ពី ១៨ ដល់ ២៥ឆ្នាំ ត្រូវចូលរួមបំពេញកាតព្វកិច្ចយោធា ខណៈស្ត្រីផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត។ ក្នុងនោះ គ្រប់មូលដ្ឋានកងរាជអាវុធហត្ថក្រុង ស្រុកទាំង១៣ នៃខេត្តសៀមរាប បានធ្វើការចែកពាក្យចូលបំពេញកាតព្វកិច្ចយោធា ពីថ្ងៃទី១ ដល់ថ្ងៃទី៩ ខែតុលា ឆ្នាំ២០២៦ ដែលបានមកទទួលពាក្យ មានចំនួន ២ ០៩៣នាក់ ស្រី ៣៧៤នាក់។ នៅពេលទទួលពាក្យ ចាប់ពីថ្ងៃទី១០ ដល់ទី១៥ ខែតុលា ឆ្នាំ២០២៦ មានចំនួន ១ ៧២២នាក់ មានស្រី ៣០៩នាក់។
លោកឧត្តមសេនីយ៍ត្រី សៀ ទីន ក៏បានបញ្ជាក់ថា ក្នុងចំនួន ១ ៧២២នាក់ ដែលបានអញ្ជើញមកដាក់ពាក្យនេះ គណៈកម្មាធិការកាតព្វកិច្ចយោធា និងធ្វើការត្រួតពិនិត្យ និងវាយតម្លៃទៅលើកាយសម្បទាទាំង៥ របស់យុវជន ក្នុងនោះ ១.កាយសម្បទាគ្រប់គ្រាន់ ២.សុខភាពរាងកាយរឹងមាំ ៣.កម្លាំងពលំមាំមួន ៤.សមត្ថភាពប្រឆាំងនឹងជំងឺ និង៥.សុខភាពផ្លូវចិត្តល្អ។ សម្រាប់រដ្ឋាភិបាលច្បាប់កាតព្វកិច្ចយោធា គឺជាគោលនយោបាយមួយ ក្នុងការវិនិយោគកសាង ពង្រឹងធនធានមនុស្ស ដែលមិនខុសពីក្រសួងអប់រំ ក្រសួងការងារ បណ្តុះបណ្តាលវិជ្ជាជីវៈ មិនខុសពីក្រសួងធម្មការ និងសាសនា ក្នុងការកសាងធនធានមនុស្សនូវសមត្ថភាព និងឥរិយាបថ។
លោកឧត្តមសេនីយ៍ត្រី មេបញ្ជាការ ក៏បានលើកឡើងនូវប្រសាសន៍របស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងថា “កាតព្វកិច្ចយោធា គឺជាការវិនិយោគ សូមយុវជនកុំមើលកាតព្វកិច្ចយោធាជាបន្ទុកតែជាឱកាសចូលបម្រើជាតិ ពង្រឹងវិន័យសីលធម៌ ពិសេសសមត្ថភាព និងជំនាញក្នុងវិស័យកងទ័ព”៕SRP
អត្ថបទ៖ លោក មុី សុខារិទ្ធ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ