មន្ទីរព័ត៌មានខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្ត
មន្ទីរព័ត៌មានខេត្តសៀមរាប បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្តនាខែបន្ទាប់។ កិច្ចប្រជុំនេះដឹកនាំដោយ លោក យឿន ចាន់ អនុប្រធានមន្ទីរព័ត៌មានខេត្តសៀមរាបទទួលបន្ទុករួម ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំការិយាល័យទាំង៥ ព្រមទាំងមន្ត្រីរាជការទាំងអស់ចំណុះឱ្យមន្ទីរព័ត៌មានខេត្ត។
លោក យឿន ចាន់ បានបញ្ជាក់នៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ថា កិច្ចប្រជុំនាពេលនេះធ្វើឡើងក្នុងគោលបំណងពិនិត្យនូវវឌ្ឍនភាពការងារ ឆ្លុះបញ្ចាំងពីលទ្ធផលដែលសម្រេចបាន និងរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា រួមមាន ៖ ការពិនិត្យលើកិច្ចការចុះឈ្មោះចូលជាសមាជិកសមាគមអតីតយុទ្ធជន និងនិវត្តជន ការរៀបចំរបាយការណ៍ប្រចាំថ្ងៃ ប្រចាំខែ និងប្រចាំឆ្នាំ សម្រាប់ចូលរួមក្នុងវេទិកាសាធារណៈរបស់ក្រុមប្រឹក្សាខេត្ត ការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយមន្ទីរ-អង្គភាពជុំវិញខេត្ត ការគ្រប់គ្រង និងពង្រឹងប្រសិទ្ធភាពការងារប្រចាំថ្ងៃឱ្យកាន់តែមានភាពល្អប្រសើរ។
ទន្ទឹមនឹងនេះ លោកអនុប្រធានមន្ទីរទទួលបន្ទុករួម ក៏បានដាក់ចេញនូវទិសដៅការងារសំខាន់ៗសម្រាប់អនុវត្តបន្ត រួមមាន៖
១. ការត្រៀមលក្ខណៈក្នុងការផលិតវីដេអូសន្និបាតរបស់រដ្ឋបាលខេត្ត
២. ការត្រៀមរៀបចំផ្សព្វផ្សាយព្រឹត្តិការណ៍ពិធីបុណ្យអុំទូក ដែលនឹងប្រព្រឹត្តទៅនៅក្នុងខេត្តសៀមរាប
៣. ការត្រៀមខ្លួនសម្រាប់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី (Francophonie) និងព្រឹត្តិការណ៍ពាក់ព័ន្ធនានាផ្សេងទៀតក្នុងខេត្ត។
លោកបានណែនាំដល់ថ្នាក់ដឹកនាំការិយាល័យទាំង៥ ឱ្យយកចិត្តទុកដាក់លើការគ្រប់គ្រងបុគ្គលិក ជាពិសេសការលើកកម្ពស់សីលធម៌ វិន័យពេលវេលាបំពេញការងារ ការពង្រឹងជំនាញវិជ្ជាជីវៈ និងការស្លៀកពាក់ឯកសណ្ឋានឱ្យបានត្រឹមត្រូវ ក្នុងនាមជាមន្ត្រីរាជការ ដើម្បីបំពេញភារកិច្ចឱ្យទទួលបានលទ្ធផលកាន់តែល្អប្រសើរ និងមានទំនួលខុសត្រូវខ្ពស់។ ជាមួយគ្នានោះ លោកក៏បានដាស់តឿនឱ្យមន្ត្រីរាជការទាំងអស់ ត្រូវទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នាជាដាច់ខាត ដើម្បីធានានូវសិទ្ធិ និងកាតព្វកិច្ចជាពលរដ្ឋល្អ៕SRP
អត្ថបទ និងរូបភាព៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក ហាំ ម៉េងហួត