ឯកសារក្បាលដីក្នុងសង្កាត់បល្ល័ង្ក ក្រុងរុនតាឯកតេជោសែន ត្រូវបានបិទផ្សាយជាសាធារណៈ ជាឱកាសចុងក្រោយសម្រាប់ការផ្ទៀងផ្ទាត់ទិន្នន័យ
ឯកសារនៃការវិនិច្ឆ័យដីធ្លីដែលមានលក្ខណៈជាប្រព័ន្ធ ស្ថិតក្នុងភូមិទាំង៩ នៃសង្កាត់បល្ល័ង្ក ក្រុងរុនតាឯកតេជោសែន ខេត្តសៀមរាប ត្រូវបានបិទផ្សាយជាសាធារណៈ ដែលនេះជាឱកាសចុងក្រោយសម្រាប់ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធធ្វើការត្រួតពិនិត្យ និងស្នើសុំកែតម្រូវទិន្នន័យ ក្នុងករណីមានកំហុសឆ្គង ដើម្បីធានានូវភាពត្រឹមត្រូវ និងសុក្រឹតមុននឹងចេញបណ្ណកម្មសិទ្ធិ ដែលការបិទផ្សាយមានរយៈពេល ១៥ថ្ងៃប៉ុណ្ណោះ គិតចាប់ពីថ្ងៃទី៩ ដល់ទី២៣ ខែកញ្ញា ឆ្នាំ២០២៦ នៅក្នុងបរិវេណសាលាបឋមសិក្សាក្រពើ។
លោក ស៊ុន សុជាតិ អនុប្រធានមន្ទីររៀបចំដែនដីខេត្តសៀមរាប បានអំពាវនាវឱ្យម្ចាស់ដីទាំងអស់ ពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យនៅលើតារាងបញ្ជីឈ្មោះម្ចាស់ដី ដូចជា លេខក្បាលដី ឈ្មោះ ស្ថានភាពនៃម្ចាស់ទ្រព្យ ប្រភេទទ្រព្យ ថ្ងៃខែឆ្នាំកំណើត សញ្ជាតិ អត្តសញ្ញាណបណ្ណ ទីកន្លែងកំណើត ឈ្មោះឪពុកម្ដាយ អាស័យដ្ឋាន និងប្រភពនៃការកាន់កាប់ដី ព្រមទាំងពិនិត្យទីតាំងដី និងរូបរាងដីនៅលើផែនទីក្បាលដីឱ្យបានច្បាស់លាស់។ ប្រសិនបើពិនិត្យឃើញថាមានការរលុប ឬខុសឆ្គងត្រង់ចំណុចណាមួយ ម្ចាស់ដីត្រូវទាក់ទងក្រុមការងារប្រចាំការ ដើម្បីដាក់ពាក្យស្នើសុំកែតម្រូវ ឬតវ៉ា។
លោកបញ្ជាក់ថា ក្រោយបញ្ចប់ការបិទផ្សាយរយៈពេល ១៥ថ្ងៃនេះ គណៈកម្មការរដ្ឋបាលនឹងលើកសំណើជូនទៅ ឯកឧត្តមអភិបាលខេត្ត ដើម្បីសម្រេចចេញបណ្ណកម្មសិទ្ធិជូនដល់ម្ចាស់កម្មសិទ្ធិករ និងអ្នកកាន់កាប់ដីណាដែលបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់តាមនីតិវិធីច្បាប់ ដែលជាក្បាលដីមិនមានទំនាស់ និងមិនពាក់ព័ន្ធជាមួយដីឯកជនរបស់រដ្ឋ ឬដីសាធារណៈរបស់រដ្ឋដូចជាបុរាណដ្ឋានជាដើម។
ឯកឧត្តម សួស សុចាន់ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប បានជំរុញដល់អ្នកពាក់ព័ន្ធទាំងអស់ ត្រូវរួសរាន់មកចូលរួមពិនិត្យផ្ទៀងផ្ទាត់ទិន្នន័យក្បាលដីរបស់ខ្លួនឱ្យបានគ្រប់ៗគ្នា និងទាន់ពេលវេលា។ ការបិទផ្សាយនេះមានសារៈសំខាន់ណាស់ ព្រោះជាដំណាក់កាលចុងក្រោយក្នុងការកែតម្រូវរាល់កំហុសឆ្គង ឬមន្ទិលសង្ស័យផ្សេងៗ ពោលគឺដើម្បីការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់លើទ្រព្យសម្បត្តិរបស់បងប្អូនផ្ទាល់។
ឯកឧត្ដមបន្តថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ ធ្វើឡើងក្រោមការយកចិត្តទុកដាក់ខ្ពស់ពីរាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងគោលបំណងកាត់បន្ថយ ក៏ដូចជាឈានទៅបិទបញ្ចប់ទំនាស់ដីធ្លី បង្កើតនូវបរិយាកាសគ្មានវិវាទ ភូមិឋានក្សេមក្សាន្ត និងសុភមង្គលជូនប្រជាពលរដ្ឋ៕SRP
ប្រភព៖មន្ទីរព័ត៌មានខេត្តសៀមរាប