អាជ្ញាធរខេត្តសៀមរាប ជំរុញការផ្សព្វផ្សាយសក្តានុពលទេសចរណ៍ ទៅកាន់ប្រទេសចិន តាមរយៈកិច្ចសហប្រតិបត្តិការជាមួយសាកលវិទ្យាល័យ Communication University of China
ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំ ការផ្សព្វផ្សាយ និងការបណ្តុះបណ្តាលធនធានមនុស្ស នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៦ រដ្ឋបាលខេត្តសៀមរាប បានទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយគណៈប្រតិភូសាកលវិទ្យាល័យ Communication University of China នៃសាធារណរដ្ឋប្រជាមានិតចិន។
នៅក្នុងជំនួបនោះ លោក យុន លីនណេ អភិបាលរងខេត្តសៀមរាប បានធ្វើបទបង្ហាញអំពីស្ថានភាពទូទៅ និងវិស័យអាទិភាពរបស់ខេត្ត ដោយគូសបញ្ជាក់ថា ខេត្តសៀមរាបបានកំណត់យកវិស័យទេសចរណ៍ជាវិស័យអាទិភាពទីមួយ និងការអភិវឌ្ឍជនបទ ដោយពឹងផ្អែកលើអំណោយផលពីភូមិសាស្ត្រធម្មជាតិ។ ក្រៅពីវិស័យទាំងនេះ រដ្ឋបាលខេត្តកំពុងផ្ដោតការយកចិត្តទុកដាក់ខ្ពស់លើវិស័យអប់រំ ដើម្បីកសាងធនធានយុវជនជំនាន់ក្រោយឱ្យក្លាយជាសសរទ្រូងដ៏រឹងមាំសម្រាប់ប្រទេសជាតិ។
លោក យុន លីនណេ ក៏បានវាយតម្លៃខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាមួយបណ្ដាខេត្ត-ក្រុង ជាមិត្តរបស់ប្រទេសចិន តាមរយៈការចុះអនុស្សរណៈនៃការយោគយល់គ្នាជាច្រើន ដែលបានផ្ដល់ផលប្រយោជន៍យ៉ាងច្រើនដល់ខេត្តសៀមរាប។ ជាពិសេសលើវិស័យទេសចរណ៍ ការអប់រំ និងការចូលរួមអភិរក្ស ជួសជុលប្រាង្គប្រាសាទបុរាណនៅក្នុងតំបន់អង្គរ។
លោកអភិបាលរងខេត្ត បានបង្ហាញថា ដោយសារបច្ចុប្បន្ន ខេត្តសៀមរាបពុំទាន់មានបណ្ដេញផ្សព្វផ្សាយផ្លូវការដោយផ្ទាល់ទៅកាន់ប្រទេសចិននៅឡើយ ដូចនេះលើបានលើកទឹកចិត្ត និងស្នើដល់លោកសាស្ត្រាចារ្យ ព្រមទាំងនិស្សិតទាំង ១០ រូប ចូលរួមជួយផ្សព្វផ្សាយរូបភាព វីដេអូ និងបទពិសោធន៍នៃការផ្លាស់ប្ដូរវប្បធម៌ក្នុងខេត្តសៀមរាប ជាពិសេសទិដ្ឋភាពនៃការប្រកួតប្រណាំងទូករយៈពេល ២ ថ្ងៃខាងមុខ ទៅកាន់បណ្ដាញសង្គម និងសាធារណជននៅប្រទេសចិន តាមរយៈគណនីផ្ទាល់ខ្លួន និងវិទ្យាស្ថាន។ លោកក៏បានបង្ហាញការស្វាគមន៍ គាំទ្រ និងសង្ឃឹមយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការ និងការផ្លាស់ប្ដូរទៅវិញទៅមកនេះ នឹងនាំមកនូវការអភិវឌ្ឍរួមគ្នាកាន់តែប្រសើរ។
ជាការឆ្លើយតប សាស្ដាចារ្យ Zhang Yanqiu អនុប្រធាននៃវិទ្យាស្ថានសហគមន៍ជោគវាសនារួម បានលើកឡើងថា នៅប្រទេសចិនក៏មានប្រពៃណីប្រកួតប្រណាំងទូកដែលស្រដៀងទៅនឹងពិធីបុណ្យអុំទូកនៅកម្ពុជាដែរ។ ដូច្នេះ ការផ្សព្វផ្សាយអំពីព្រឹត្តិការណ៍ប្រណាំងទូកនេះទៅកាន់ប្រទេសចិន នឹងក្លាយជាចំណុចទាក់ទាញភ្ញៀវទេសចរចិនឱ្យមានចំណាប់អារម្មណ៍មកកម្សាន្តកាន់តែច្រើន។
សាស្ដាចារ្យ Zhang Yanqiu បានកត់សម្គាល់ថា ចំនួនភ្ញៀវទេសចរចិនមកកាន់ខេត្តសៀមរាបមានការធ្លាក់ចុះនារយៈពេលចុងក្រោយ ដោយសារឥទ្ធិពលនៃព័ត៌មានមិនពិត និងការព្រួយបារម្ភអំពីបញ្ហាសន្តិសុខនៅលើបណ្ដាញសង្គម។ ក្នុងន័យនេះ ប្រព័ន្ធផ្សព្វផ្សាយដើរតួនាទីយ៉ាងសំខាន់ក្នុងការផ្សព្វផ្សាយការពិត និងរូបភាពវិជ្ជមានរបស់កម្ពុជា ទៅកាន់ប្រជាជនចិន និងពិភពលោក តាមរយៈកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិ ការផ្លាស់ប្ដូរវប្បធម៌ និងការពង្រឹងទំនាក់ទំនងរវាងប្រជាជន និងប្រជាជន ជាពិសេសតាមរយៈយន្តការ «យុវជនដើម្បីមិត្តភាពកម្ពុជា-ចិន»។ លោកបានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្ដៅ និងការធ្វើបទបង្ហាញអំពីសក្ដានុពលរបស់ខេត្ត ព្រមទាំងបានកោតសរសើរចំពោះភាពជាអ្នកដឹកនាំរបស់រដ្ឋបាលខេត្តសៀមរាប ដែលបានថែរក្សា និងលើកកម្ពស់តំបន់បេតិកភណ្ឌដ៏ល្បីល្បាញមួយនេះ ឱ្យមានភាពលេចធ្លោនៅលើឆាកអន្តរជាតិ៕SRP
អត្ថបទ៖ លោក ទុំ សាមុត
កែសម្រួល៖ លោក អ៊ុន ណារាជ្យ