អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះហានិភ័យ និងការគំរាមកំហែងក្នុងយុគសម័យឌីជីថល

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះហានិភ័យ និងការគំរាមកំហែងក្នុងយុគសម័យឌីជីថល
0

អាជ្ញាធរខេត្តសៀមរាប ជំរុញឱ្យប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះហានិភ័យ និងការគំរាមកំហែងក្នុងយុគសម័យឌីជីថល

ក្នុងយុគសម័យនៃបរិវត្តកម្មឌីជីថល រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងជំរុញយ៉ាងសកម្មនូវការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ដើម្បីបង្កើនប្រសិទ្ធភាពការងាររដ្ឋបាលសាធារណៈ ពង្រឹងសេវាហិរញ្ញវត្ថុឌីជីថល និងជួយសម្រួលដល់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ខណៈអាជ្ញាធរខេត្តសៀមរាប បានក្រើនរំលឹកដល់ប្រជាពលរដ្ឋថា បច្ចេកវិទ្យាក៏បាននាំមកនូវហានិភ័យថ្មីៗ ដែលទាមទារឱ្យសាធារណជនទាំងអស់គ្នាបង្កើនការយល់ដឹង និងការប្រុងប្រយ័ត្នកាន់តែខ្ពស់ផងដែរ។

ក្នុងសិក្ខាសាលាស្ដីពីការគ្រប់គ្រងសុវត្ថិភាពឌីជីថល និងការបង្ការការឆបោកតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦នេះ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្ដសៀមរាប បានបញ្ជាក់ថា ការគំរាមកំហែងតាមប្រព័ន្ធឌីជីថល មិនត្រឹមតែអាចបណ្តាលឱ្យខាតបង់ថវិកា ឬទ្រព្យសម្បត្តិផ្ទាល់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអាចប៉ះពាល់ដល់ភាពសម្ងាត់នៃព័ត៌មាន សុចរិតភាពនៃទិន្នន័យ កេរ្តិ៍ឈ្មោះរបស់បុគ្គល និងស្ថាប័ន ព្រមទាំងទំនុកចិត្តរបស់សាធារណជនថែមទៀតផង។ លោកបានអំពាវនាវដល់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋ បង្កើនការយកចិត្តទុកដាក់ និងស្វែងយល់បន្ថែមអំពីសុវត្ថិភាពបច្ចេកវិទ្យា ដើម្បីជៀសផុតពីឧបាយកលរបស់ពួកខិលខូចតាមប្រព័ន្ធអនឡាញ។

លោក ង៉ូវ សេងកាក់ មានប្រសាសន៍ថា តាមរយៈសិក្ខាសាលានាពេលនេះ គឺជាសកម្មភាពដ៏មានសារៈសំខាន់មួយ ដែលរួមចំណែកក្នុងការលើកកម្ពស់ការយល់ដឹង ការប្រុងប្រយ័ត្ន ដល់មន្ត្រីរាជការ និងអ្នកពាក់ព័ន្ធទាំងអស់ ក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយសុវត្ថិភាព ការទទួលខុសត្រូវ និងប្រសិទ្ធភាព។ ក្នុងចំណោមល្បិចកលដែលកំពុងកើតមាននាពេលបច្ចុប្បន្ន មានដូចជា ការឆបោកតាមរយៈការបង្កើតទំនាក់ទំនងស្នេហា ប្រើប្រាស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងវីដេអូក្លែងក្លាយ តំណភ្ជាប់ក្លែងក្លាយ ឬតំណភ្ជាប់បន្លំ ឬស្នើសុំផ្ទេរប្រាក់ ឬផ្ដល់ព័ត៌មានសំខាន់ៗ។ ចំពោះសកម្មភាពនេះយើងត្រូវចងចាំថា បច្ចេកវិទ្យាអាចត្រូវបានក្លែងបន្លំ ប៉ុន្តែការផ្ទៀងផ្ទាត់ដោយផ្ទាល់ នៅតែជាវិធីការពារដ៏មានប្រសិទ្ធភាពមួយ។

លោក អ៊ូ ផាន់ណារិទ្ធិ ប្រធាននាយកដ្ឋានសន្តិសុខ បច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន ក្រសួងប្រៃសណីយ៍ បានឱ្យដឹងថា សព្វថ្ងៃនេះ ឧក្រិដ្ឋកម្មសាយប័រមិនត្រឹមតែកើនឡើងទាំងចំនួនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានភាពស្មុគស្មាញ និងប្រើប្រាស់មធ្យោបាយកាន់តែទំនើប។ ល្បិចកលដូចជា Phishing ការក្លែងបន្លំអត្តសញ្ញាណ ការឆបោកបែប Pig Butchering និងការប្រើប្រាស់បច្ចេកវិទ្យា AI កំពុងក្លាយជាការគំរាមកំហែងដែលតម្រូវឱ្យយើងមានការប្រុងប្រយ័ត្នកាន់តែខ្ពស់។

លោកបន្តថា ដើម្បីកាត់បន្ថយហានិភ័យទាំងនេះ ការបង្កើតទម្លាប់អនាម័យសាយប័រ គឺជាមូលដ្ឋានគ្រឹះដ៏សំខាន់បំផុត។ ការប្រើប្រាស់ពាក្យសម្ងាត់រឹងមាំការប្រើប្រាស់ប្រព័ន្ធផ្ទៀងផ្ទាត់ពីរជំហាន (2FA) ការរៀបចំសុវត្ថិភាពលើគណនី Telegram ការប្រើប្រាស់បណ្ដាញ WiFi ដោយមានការប្រុងប្រយ័ត្ន និងការការពារគណនីធនាគារចល័ត សុទ្ធតែជាវិធានការសាមញ្ញ ប៉ុន្តែអាចជួយការពារខ្លួន ការពារព័ត៌មាន និងកាត់បន្ថយហានិភ័យពីការឆបោកតាមប្រព័ន្ធអនឡាញបានយ៉ាងមានប្រសិទ្ធភាព៕SRP

អត្ថបទ៖ លោក អោត រត់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ