អាជ្ញាធរខេត្តសៀមរាប៖ កិច្ចការព័ត៌មាន និងសាធារណៈមតិជាផ្នែកមួយសំខាន់ ដើម្បីជំរុញឱ្យឃើញនូវសកម្មភាពដែលការខិតខំប្រឹងប្រែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

អាជ្ញាធរខេត្តសៀមរាប៖ កិច្ចការព័ត៌មាន និងសាធារណៈមតិជាផ្នែកមួយសំខាន់ ដើម្បីជំរុញឱ្យឃើញនូវសកម្មភាពដែលការខិតខំប្រឹងប្រែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ
0

អាជ្ញាធរខេត្តសៀមរាប៖ កិច្ចការព័ត៌មាន និងសាធារណៈមតិជាផ្នែកមួយសំខាន់ ដើម្បីជំរុញឱ្យឃើញនូវសកម្មភាពដែលការខិតខំប្រឹងប្រែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ

ក្នុងឱកាសដឹកនាំកិច្ចប្រជុំ ស្ដីពីការត្រួតពិនិត្យលើការងារព័ត៌មាន និងការងាររបាយការណ៍ របស់រដ្ឋបាលខេត្តសៀមរាប នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៦ លោក សុខ ថុល អភិបាលរងខេត្ត បានលើកឡើងថា កិច្ចការព័ត៌មាន និងសាធារណៈមតិជាផ្នែកមួយសំខាន់ ដើម្បីជំរុញឱ្យឃើញនូវសកម្មភាពដែលការខិតខំប្រឹងប្រែងរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសមន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក ដែលបានខិតខំក្នុងការលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ការអនុវត្តអភិបាលកិច្ចល្អ ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋរបស់យើងឱ្យកាន់តែមានភាពប្រសើរឡើងពីដំណាក់កាលមួយទៅដំណាក់កាលមួយ។

លោក សុខ ថុល មានប្រសាសន៍ថា ដើម្បីបង្ហាញនូវសមិទ្ធផលដែលយើងខិតខំប្រឹងប្រែងរួមគ្នា របស់ថ្នាក់ដឹកនាំខេត្ត ដែលខិតខំដើម្បីជំរុញឱ្យខេត្តសៀមរាប ឱ្យមានភាពល្អប្រសើរ ទាំងសេដ្ឋកិច្ច និងសង្គម។ ដើម្បីឆ្លុះបញ្ចាំងឱ្យឃើញភាពរីកចម្រើននៅក្នុងខេត្តរបស់យើង និងឆ្លុះបញ្ចាំងនូវការខិតខំប្រឹងប្រែងរបស់គ្រប់អ្នកពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមលើកកម្ពស់នៃជីវភាពរបស់ប្រជាពលរដ្ឋ។ ដូចនេះយើងត្រូវបង្ហាញនៅក្នុងរបាយការណ៍ និងសកម្មភាពតាមរយៈការផ្សព្វផ្សាយដូច សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ជូនទៅក្នុងកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នៅថ្ងៃទី២៨ ខែសីហា កន្លងមកនេះ បានណែនាំទៅដល់អ្នកពាក់ព័ន្ធទាំងអស់ គ្រប់ក្រសួងស្ថាប័នក៏ដូចជារដ្ឋបាលថ្នាក់ក្រោមជាតិទាំងអស់ ធ្វើការផ្សព្វផ្សាយនូវសមិទ្ធផលដែលមន្ទីរអង្គភាព រដ្ឋបាលក្រុងស្រុក បានខិតខំប្រឹងប្រែងអនុវត្តការងារកន្លងមក។

លោកអភិបាលរងខេត្ត បន្ថែមថា ប្រសិនជាយើងប្រឹងប្រែងអនុវត្តការងារហើយ តែការផ្សព្វផ្សាយរបស់យើងមិនបានផ្សព្វផ្សាយឱ្យបានទូលំទូលាយនោះទេ ដូចជាសកម្មភាពហ្នឹងវាអសកម្ម មិនឆ្លុះបញ្ចាំងនូវការខិតខំប្រឹងប្រែងទាំងអស់គ្នាក្នុងការអនុវត្ត។ ដូចនេះយើងត្រូវសហការគ្នា ពង្រឹងលើកិច្ចការនេះពិតមែនហើយថាបណ្ដាមន្ទីរអង្គភាពរដ្ឋបាលក្រុងស្រុកបានធ្វើសកម្មភាពកន្លងមកបាទខិតខំធ្វើសកម្មភាពកន្លងមកហើយប៉ុន្តែ ការផ្សព្វផ្សាយ ការឆ្លើយតបនូវសាធារណៈមតិ នៅមានកម្រិតនៅឡើយ។

លោកបន្តថា ទាំងនេះគឺជាចំណុចក្នុងកិច្ចប្រជុំថ្ងៃនេះ ពាក់ព័ន្ធនឹងការត្រៀមរៀបចំរបាយការណ៍ រយៈពេល៩ខែ ឆ្នាំ២០២៦ ត្រៀមរៀបចំរបាយការណ៍រយៈពេល ១០ខែ និងប៉ាន់ស្មាន ២ខែ ឆ្នាំ២០២៦ និងរបាយការណ៍សង្ខេបស្ដីពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗរបស់រាជរដ្ឋាភិបាលសម្រេចបានពីឆ្នាំ២០២៣-២០២៦។ការងារចុះថតសមិទ្ធផលមន្ទីរ អង្គភាព និង ក្រុង ស្រុក និងសេចក្ដីណែនាំស្ដីពីការពង្រឹង និងលើកកម្ពស់សីលធម៌សង្គម ការពារតម្លៃវប្បធម៌ ប្រពៃណីជាតិ ទំនៀមទម្លាប់ សិទ្ធិ កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់បុគ្គល ជាពិសេសស្ត្រីក្នុងក្របខ័ណ្ឌសមត្ថកិច្ចរបស់ក្រសួងមហាផ្ទៃ។

លោកក៏បានណែនាំដល់ក្រុមការងារមន្ទីរអង្គភាព និងរដ្ឋបាលក្រុងស្រុក ដោយត្រូវរៀបចំ និងផ្ដល់ទីតាំងភូមិសាស្ត្រ សមិទ្ធផល ការអភិវឌ្ឍន៍ចម្បងៗរបស់ខ្លួន ដើម្បីឱ្យក្រុមការងាររបស់រដ្ឋបាលខេត្ត និងក្រុមការងារមន្ទីរព័ត៌មានខេត្ត ចុះយកផ្ដិតយករូបភាព និងវីដេអូ សម្រាប់ផ្សព្វផ្សាយ និងសម្រាប់ត្រៀមរៀបចំ ការងារសន្និបាតឆ្នាំរបស់រដ្ឋបាលខេត្ត នាពេលខាងមុខ៕SRPប្រភព៖មន្ទីរ​ព័ត៌មានខេត្ត​សៀមរាប