ចាប់ខ្លួនមនុស្សពីរនាក់នៅក្រុងសៀមរាបករណី លួចមានស្ថានទម្ងន់ទោស

ចាប់ខ្លួនមនុស្សពីរនាក់នៅក្រុងសៀមរាបករណី លួចមានស្ថានទម្ងន់ទោស
0

ចាប់ខ្លួនមនុស្សពីរនាក់នៅក្រុងសៀមរាបករណី លួចមានស្ថានទម្ងន់ទោស

ខេត្តសៀមរាប៖អធិការដ្ឋាននគរបាលក្រុងសៀមរាបបានឱ្យដឹងថាជនសង្ស័យចំនួនពីរនាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងសៀមរាបចាប់ខ្លួន ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោស គាស់ទម្លុះទម្លាយ (កាត់សោរទ្វារ លួចយកកុំព្យូទ័រ និងទូរសព្ទ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

អធិការដ្ឋាននគរបាលក្រុងសៀមរាប បានបន្តថា នៅថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង០២ និង៣០នាទី នៅចំណុចហាងជួសជុលទូរស័ព្ទ យីហោជាងស្កូវ ក្នុងភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប មានករណីអំពើលួចមានស្ថានទម្ងន់ទោស គាស់ទម្លុះទម្លាយ បង្កឡើងដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពកាត់សោរទ្វារ លួចយកកុំព្យូទ័រ ចំនួន២គ្រឿងៈទី១ម៉ាកMACBOOK AIR (13INCH EARLY 2015) ពណ៌ប្រាក់ កុំព្យូទ័រ ម៉ាកASUS ROG STRIK ពណ៌ខ្មៅ ទូរស័ព្ទដៃមិនដំណើរការ ០១ គ្រឿង ម៉ាកIPHONE5 ពណ៌ស សំបកទូរស័ព្ទ ចំនួន០៤ និងគ្រឿងបន្លាស់ទូរស័ព្ទដៃមួយចំនួនធំ របស់ជនរងគ្រោះឈ្មោះ ញ.ច.ស.រ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទ មានទីលំនៅបច្ចុប្បន្នភូមិតាភុល សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប រួចគេចខ្លួនបាត់។

អធិការដ្ឋាននគរបាលក្រុងសៀមរាបបានបន្ថែមថាក្រោយពីកើតហេតុជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹង និងរាយការណ៍ ជូនសមត្ថកិច្ចបន្ទាប់ពីទទួលបានពាក្យបណ្ដឹង សមត្ថកិច្ចនគរបាលបានធ្វើការស្រាវជ្រាវ រហូតកំណត់អត្តសញ្ញាណជនសង្ស័យបាន ទើបនៅវេលាម៉ោង១៥ និង០០នាទី ថ្ងៃដដែល នៅចំណុចបន្ទប់ជួលភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ខាងលើបានជាបន្តបន្ទាប់ រួមទាំងវត្ថុតាង យកមកធ្វើការសួរនាំ ក្រោយពីសួរនាំជនសង្ស័យឈ្មោះខៀវ រតនា ហៅកែប បានឆ្លើយសារភាពថា ខ្លួន និងបក្ខពួកម្នាក់ទៀត (គេចខ្លួន) ពិតជាបានធ្វើសកម្មភាពយកតួណឺវីស ឆ្គិះសោរទ្វារ រួចធ្វើសកម្មភាពលួចសម្ភារៈខាងលើ ពិតប្រាកដមែន។

អធិការនគរបាលក្រុងសៀមរាបបានបញ្ជាក់បន្ថែមទៀតថា បន្ទាប់មកជនសង្ស័យឈ្មោះ ខៀវ រតនា ហៅកែប បានឆ្លើយសារភាពបន្ថែមទៀតថា ខ្លួន និងបក្ខពួកឈ្មោះ អ៊ឹង គឹមសិទ្ធ និងបក្ខពួកម្នាក់ទៀត (គេចខ្លួន) បានធ្វើសកម្មភាពគាស់ហាងលក់ទូរស័ព្ទដៃ កាលពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង៣ និង០០នាទី នៅចំណុចភូមិបឹងដូនប៉ា សង្កាត់ស្លក្រាម ក្រុងសៀមរាប លួចយកទូរស័ព្ទបានចំនួន ០៨គ្រឿង។  ចំណែកជនសង្ស័យឈ្មោះ អ៊ឹង គឹមសិទ្ធ បានឆ្លើយសារភាពចំពោះមុខសមត្ថកិច្ចថា ខ្លួន ពិតជាបានធ្វើសកម្មភាពគាស់ទ្វារលួចយកទូរស័ព្ទខាងលើជាមួយបក្ខពួកខាងលើពិតប្រាកដមែន។

ករណីនេះ សមត្ថកិច្ចនគរបាលក្រុងសៀមរាបដកហូត
វត្ថុតាងរួមមាន ម៉ូតូចំនួន ០១ គ្រឿង ម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ ២០២១ ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប ១AJ-៥៩៩០ ដែលមានលេខតួ លេខម៉ាស៊ីន ៥៩០៧៣២៩ , កំព្យូទ័រលេបថប់ ០១ គ្រឿង ម៉ាក MACBOOK AIR ពណ៌ទឹកប្រាក់ (13INCH, EARLY 2015) កំព្យូទ័រលេបថប់ ០១ គ្រឿង ម៉ាក ASUS ROG STRIK ពណ៌ខ្មៅ ទូរស័ព្ទដៃមិនដំណើរការ ០១ គ្រឿង ម៉ាក IPHONE5 ពណ៌ស សំបកទូរស័ព្ទ ចំនួន ០៤ និងគ្រឿងបន្លាស់ទូរស័ព្ទដៃមួយចំនួន ។

សូមជម្រាបថា ប្រតិបត្តិការនេះដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប ដឹកនាំបញ្ជាផ្ទាល់ដោយ លោក វរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប៕SRP