មន្រ្តីសុខាភិបាលខេត្តសៀមរាប ក្រើនរំលឹកដល់ឪពុកម្ដាយ និងអាណាព្យាបាល យកចិត្តទុកដាក់ចំពោះជំងឺពងបែកដៃ ជើង និងមាត់លើកុមារ

មន្រ្តីសុខាភិបាលខេត្តសៀមរាប ក្រើនរំលឹកដល់ឪពុកម្ដាយ និងអាណាព្យាបាល យកចិត្តទុកដាក់ចំពោះជំងឺពងបែកដៃ ជើង និងមាត់លើកុមារ
0

មន្រ្តីសុខាភិបាលខេត្តសៀមរាប ក្រើនរំលឹកដល់ឪពុកម្ដាយ និងអាណាព្យាបាល យកចិត្តទុកដាក់ចំពោះជំងឺពងបែកដៃ ជើង និងមាត់លើកុមារ

មន្រ្តីសុខាភិបាលខេត្តសៀមរាប បានបង្ហាញថា ជំងឺពងបែកដៃ ជើង និងមាត់លើកុមារ ត្រូវបានរកឃើញថាមានការកើនឡើង ជាពិសេសលើកុមារអាយុក្រោម៥ឆ្នាំ ដែលតម្រូវឱ្យមានការពិនិត្យ ព្យាបាលសមស្របតាមមូលដ្ឋានសុខាភិបាលឱ្យបានត្រឹមត្រូវ ជៀសវាងបង្កជាធ្ងន់ធ្ងរបណ្ដាលឱ្យប៉ះពាល់ដល់អាយុជីវិត ប្រកាសនេះទាមទារឱ្យឪពុកម្ដាយ និងអាណាព្យាបាល ត្រូវយកចិត្តទុកដាក់ខ្ពស់ចំពោះជំងឺនេះ។

លោក ប៊ូ សារិន ជំនួយការការិយាល័យជំងឺឆ្លង នៃមន្ទីរសុខាភិបាលខេត្តសៀមរាប បានបង្ហាញថា ជំងឺពងបែកដៃ ជើង និងមាត់ គឺជាជំងឺឆ្លងមួយប្រភេទ បង្កដោយពពួកអង់តេរ៉ូវីរុស ជាញឹកញាប់ គឺពួកវីរុសកុកសាគី ដែលភាគច្រើនកើតលើទារក និងកុមារ ប៉ុន្តែក៏អាចកើតលើមនុស្សពេញវ័យផងដែរ។ ជំងឺនេះអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការប៉ះពាល់ដោយផ្ទាល់ជាមួយនឹងវត្ថុរាវនៃផ្លូវដង្ហើម ដូចជា៖ ទឹកមាត់, កំហាក ,សំបោរ, ទឹករងៃ ដែលចេញពីពងបែក ឬលាមកអ្នកជំងឺ ខណៈ អ្នកជំងឺអាចចម្លងខ្លាំងបំផុតក្នុងសប្តាហ៍ទីមួយ ដែលទាមទារឱ្យបញ្ជូនអ្នកជំងឺមកព្យាបាលឱ្យបានទាន់ពេលវេលា។
……ប្រសាសន៍ លោក ប៊ូ សារិន…..

លោក ប៊ូ សារិន បានឱ្យដឹងថា ក្នុងឆ្នាំ២០២៦នេះ គិតចាប់ពីសប្ដាហ៍ទី១ ដល់សប្ដាហ៍ទី៣៥ ខេត្តសៀមរាប មានអ្នកជំងឺពងបែក ដៃជើង និងមាត់ កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកុមារជ័យវរ្ម័នទី៧ ឬ ពេទ្យគន្ធបុប្ផាខេត្តសៀមរាប ចំនួន ៤៥៧នាក់ ក្នុងនោះអ្នកជំងឺក្នុងខេត្តមានចំនួន ២០៩នាក់។ ក្នុងចំណោមទាំង២០៩នាក់ មានអ្នកជំងឺមកពីក្រុងសៀមរាប, ស្រុកប្រាសាទបាគង, ស្រុកពួក, ស្រុកសូទ្រនិគម និងស្រុកជីក្រែង។

លោកបញ្ជាក់ថា ដើម្បីបង្ការទប់ស្កាត់នូវជំងឺនេះ ត្រូវប្រកាន់ខ្ជាប់នូវការអនុវត្តអនាម័យ លាងសម្អាតដៃឱ្យបានញឹកញាប់ ជាមួយសាប៊ូ និងទឹក, លាងសំអាតផ្ទៃ និងរបស់ដែលប្រលាក់ ដោយទឹក និងសាប៊ូ, ចៀសវាងការប៉ះពាល់ស្និទ្ធស្នាល ដូចជាការថើប ឱប, ប្រើប្រាស់សម្ភារសម្រាប់បរិភោគរួមគ្នា ជាមួយកុមារដែលមានជំងឺពងបែក ដៃ ជើង និងមាត់,ប្រើស្លាបព្រា និងចានដាច់ដោយឡែកសម្រាប់កុមារម្នាក់ៗ។ ជាពិសេសសូមឱ្យកុមារនៅផ្ទះនៅពេលមានជំងឺ កុំទៅសាលារៀន ឬមណ្ឌលទារកដ្ឋាន, ផ្តល់អាហារដែលមានជីវជាតិច្រើន និងទឹកឱ្យបានច្រើនដល់កុមារ និង កុំទៅជួបជុំ ឬទីប្រជុំជនដែលមានមនុស្សច្រើន នៅពេលមានជំងឺពងបែកដៃ ជើង និងមាត់៕SRP

អត្ថបទ៖ លោកស្រី ហែម បូរ៉ាន្នី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ