ប៉ូលិសខេត្តសៀមរាប ប្រមូលផ្តុំកម្លាំងត្រៀមអន្តរាគមន៍ ដើម្បីសង្គ្រោះប្រជាពលរដ្ឋពីគ្រោះមហន្តរាយ
លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ដសៀមរាប បានអញ្ជើញសំណេះសំណាល និងប្រមូលផ្តុំកម្លាំងពាក់ព័ន្ធ ដើម្បីត្រៀមអន្តរាគមន៍ និងសង្គ្រោះប្រជាពលរដ្ឋ ក្នុងករណីកើតមានគ្រោះមហន្តរាយ និងហេតុការណ៍អាសន្នផ្សេងៗ កើតឡើងនៅក្នុងភូមិសាស្ត្រខេត្តសៀមរាប ដែលដឹកនាំ និងបញ្ជាដោយផ្ទាល់ពីលោកឧត្តមសេនីយ៍ទោស្នងការ។
ការសំណេះសំណាល នៅថ្ងៃថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៦ ដោយទទួលបានការអនុញ្ញាត និងអនុវត្តតាមអនុសាសន៍ណែនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ។
ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានណែនាំដល់កម្លាំងទាំងអស់ ត្រូវបង្កើនការប្រុងប្រយ័ត្ន និងត្រៀមខ្លួនជានិច្ច ដោយត្រូវរៀបចំកម្លាំង មធ្យោបាយ សម្ភារៈ និងឧបករណ៍សង្គ្រោះឱ្យបានគ្រប់គ្រាន់ ដើម្បីអាចចេញអន្តរាគមន៍បានទាន់ពេលវេលា ប្រកបដោយប្រសិទ្ធភាព នៅពេលមានស្ថានការណ៍ចាំបាច់ណាមួយកើតឡើង ដើម្បីចូលរួមការពារ សុវត្ថិភាពអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ព្រមទាំងជួយជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាព ក្នុងករណីមានគ្រោះទឹកជំនន់ ខ្យល់កន្ត្រាក់ អគ្គិភ័យ ឬគ្រោះមហន្តរាយផ្សេងៗ។
ជាមួយគ្នានេះ កម្លាំងទាំងអស់ត្រូវយកចិត្តទុកដាក់លើការទទួលព័ត៌មាន និងរាយការណ៍ស្ថានការណ៍ឱ្យបានឆាប់រហ័ស ដើម្បីធានាថា រាល់ការអន្តរាគមន៍ និងសង្គ្រោះអាចប្រព្រឹត្តទៅបានទាន់ពេលវេលា និងកាត់បន្ថយហានិភ័យដែលអាចកើតមានចំពោះប្រជាពលរដ្ឋ។
បន្ថែមលើនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ បានក្រើនរំលឹកដល់កម្លាំងទាំងអស់ ត្រូវរក្សាស្មារតីទទួលខុសត្រូវខ្ពស់ មានវិន័យ សាមគ្គីភាព និងត្រៀមខ្លួនជានិច្ច ដើម្បីបំពេញភារកិច្ចការពារ និងបម្រើប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ ជាពិសេសក្នុងពេលប្រឈមនឹងគ្រោះមហន្តរាយ និងស្ថានការណ៍អាសន្នគ្រប់ប្រភេទ៕SRP