មន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន៖ ការអបអរសាទរទិវាអូហ្សូន គឺជាការបំផុសស្មារតីរួមគ្នារវាងរដ្ឋ ឯកជន និងប្រជាពលរដ្ឋ ក្នុងការការពារស្រទាប់អូហ្សូន និងភពផែនដី
ការប្រារព្ធទិវាអូហ្សូន មិនត្រឹមតែជាការអបអរសាទរសមិទ្ធផលដ៏អស្ចារ្យនៃ «ពិធីសារម៉ុងរ៉េអាល់» និង «វិសោធនកម្មទីក្រុងគីហ្កាលី» ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការអំពាវនាវដ៏មានអត្ថន័យដល់បណ្ដាប្រទេសទាំងអស់ វិស័យឯកជន ស្ថាប័នពាក់ព័ន្ធ និងប្រជាពលរដ្ឋគ្រប់រូប ឱ្យបន្តរួមគ្នាបង្កើនសកម្មភាពជាក់ស្ដែង។
នេះបើតាមប្រសាសន៍ ឯកឧត្តម សាបូ អូហ្សាណូ រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងទិវាអូហ្សូនអន្តរជាតិ ១៦ កញ្ញា ក្រោមប្រធានបទ «សកម្មភាពសកលដើម្បី ភពផែនដីត្រជាក់ជាងមុន» នៅខេត្តសៀមរាប ដើម្បីបំផុសស្មារតីប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានឱ្យយល់ដឹងកាន់តែច្បាស់ អំពីសារៈសំខាន់នៃស្រទាប់អូហ្សូនសម្រាប់ជីវិតលើ ភពផែនដី និងបន្តចូលរួមឱ្យកាន់តែខ្លាំងក្លាបន្ថែមទៀត សំដៅ ថែរក្សាការពារស្រទាប់អូហ្សូន និងកាត់បន្ថយ ការកើនកម្ដៅភពផែនដី ដោយមានការចូលរួមពីលោក យុន លីនណេ អភិបាលរងខេត្ត។
ឯកឧត្តមរដ្ឋលេខាធិការ បានលើកទឹកចិត្តដល់ធុរកិច្ច និងអ្នកប្រើប្រាស់ ឱ្យជ្រើសរើសប្រើប្រាស់បរិក្ខារ ត្រជាក់ដែលមានប្រសិទ្ធភាពថាមពលខ្ពស់ និងប្រើសារធាតុត្រជាក់ដែលមិនបំផ្លាញស្រទាប់អូហ្សូន មាន សក្ដានុពលកម្ដៅសកលទាប និងមិនបង្កផលប៉ះពាល់ខ្លាំងដល់អាកាសធាតុ។ ថ្មីៗនេះ កម្ពុជាបានអនុម័តដាក់ឱ្យអនុវត្តក្រមបរិស្ថាននិងធនធានធម្មជាតិ និងយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ ដែលបានដាក់ចេញ នូវយុទ្ធសាស្ត្រសំខាន់ៗចំនួនបី រួមមាន ភាពស្អាត ភាពបៃតង និងចីរភាព ដោយក្នុងនោះ ភាពស្អាតលើអាកាស ត្រូវបានកំណត់ជាអាទិភាពសំខាន់មួយក្នុងចំណោមអាទិភាពសំខាន់ៗផ្សេងទៀត។
ឯកឧត្តមបញ្ជាក់ថា ការចាត់វិធានការទប់ស្កាត់ កាត់បន្ថយការដុតសំរាម សំណល់រឹង គល់ជញ្ជាំង សំណល់កសិកម្មនៅទីចំហ ភ្លើងឆេះព្រៃ និងការបញ្ចេញសារធាតុបំពុលខ្យល់ពីប្រភពបំពុល ចល័ត និងអចល័តត្រូវបានអនុវត្តយ៉ាងម៉ឺងម៉ាត់។ ទន្ទឹមនេះ កម្ពុជាក៏បានចូលរួមអនុវត្ត កាតព្វកិច្ចរបស់ខ្លួនយ៉ាងខ្ជាប់ខ្ជួន ក្នុងនាមជាសមាជិកនៃពិធីសារ អនុសញ្ញា កិច្ចព្រមព្រៀងអន្តរជាតិពាក់ព័ន្ធ នឹងការគ្រប់គ្រងការបំពុលខ្យល់ និងកិច្ចការពារស្រទាប់អូហ្សូន សំដៅលើកកម្ពស់គុណភាពបរិយាកាស និងការពារសុខុមាលភាពប្រជាជន។
ឯកឧត្តមថា ក្នុងនាមជារដ្ឋភាគី កម្ពុជាបានចូលរួមយ៉ាងសកម្ម ក្នុងការបញ្ឈប់ការប្រើប្រាស់សារធាតុក្លរ៉ូភ្លុយអរ៉ូកាបូនទាំងស្រុង ក្នុងឆ្នាំ២០១០ ហើយក៏កំពុងបន្តអនុវត្តផែនការគ្រប់គ្រងសារធាតុ ហាយដ្រូក្លរ៉ូភ្លុយអរ៉ូកាបូន ក្នុងការលុបបំបាត់សារធាតុហាយជ្រូក្លរ៉ូភ្លុយអរ៉ូកាបូន និងផែនការអនុវត្ត វិសោធនកម្មទីក្រុងគីហ្កាលី ក្នុងការកាត់បន្ថយការប្រើប្រាស់សារធាតុហាយជ្រុំភ្លុយអរ៉ូកាបូន ស្របតាម កាតព្វកិច្ចដែលមានចែងក្នុងពិធីសារម៉ុងរ៉េអាល់៕SRP
អត្ថបទ៖ មន្ត្រីមន្ទីរ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ