ក្រសួងទេសចរណ៍ បើកយុទ្ធនាការទ្រង់ទ្រាយធំ ជំរុញការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងពង្រឹងគុណភាពសេវាកម្មទេសចរណ៍ នៅខេត្តសៀមរាប
ក្រសួងទេសចរណ៍ នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ សហការជាមួយរដ្ឋបាលខេត្តសៀមរាប មូលនិធិអភិវឌ្ឍន៍ជំនាញ និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា បានរៀបចំសិក្ខាសាលាស្ដីពី «យុទ្ធនាការផ្សព្វផ្សាយការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ការអភិវឌ្ឍជំនាញវិជ្ជាជីវៈ និងការពង្រឹងគុណភាពសេវាកម្មក្នុងវិស័យទេសចរណ៍» ដើម្បីជំរុញការអនុវត្ត «យុទ្ធសាស្ត្រជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨» របស់រាជរដ្ឋាភិបាល តាមរយៈការផ្សព្វផ្សាយឱ្យអ្នកប្រកបអាជីវកម្ម និងអ្នកផ្ដល់សេវាកម្មទេសចរណ៍យល់ដឹងកាន់តែច្បាស់អំពីការចុះឈ្មោះតាមថ្នាលឌីជីថល ការទទួលបានអាហារូបករណ៍រៀនជំនាញវិជ្ជាជីវៈ និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ដើម្បីលើកកម្ពស់ជីវភាពរស់នៅ។
ឯកឧត្តមបណ្ឌិត ឡី សុភាព ប្រធានសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ ការចុះឈ្មោះតាមថ្នាលឌីជីថលនៅទូទាំងប្រទេសសម្រេចបានចំនួន ៤៩៦ ៨០៥ នាក់។ ឯកឧត្តមបញ្ជាក់ថា ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ និងវិញ្ញាបនបត្រអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺជាឧបករណ៍គន្លឹះដែលត្រូវបានទទួលស្គាល់ដោយស្ថាប័នរដ្ឋ ហើយបងប្អូននឹងទទួលបាននូវកញ្ចប់អត្ថប្រយោជន៍ និងរបបគាំពារសង្គមផ្សេងៗដែលរាជរដ្ឋាភិបាលបានរៀបចំជូន ដើម្បីលើកស្ទួយជីវភាពរស់នៅឱ្យកាន់តែប្រសើរ។ បច្ចុប្បន្នសមាគមបានរៀបចំក្រុមការងារស្ម័គ្រចិត្តចំនួន ១ ៥០០នាក់ នៅក្នុងខេត្តសៀមរាប ដើម្បីរង់ចាំជួយសម្របសម្រួល និងជួយចុះឈ្មោះជូនបងប្អូនអាជីវករ និងអ្នកផ្ដល់សេវាកម្មទេសចរណ៍ដល់ទីតាំងផ្ទាល់។
លោក ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប បានគូសបញ្ជាក់ថា វិស័យទេសចរណ៍ គឺជាចលករសេដ្ឋកិច្ចដ៏សំខាន់សម្រាប់ខេត្តសៀមរាប ហើយការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ មិនមែនមានន័យត្រឹមតែការចុះឈ្មោះអាជីវកម្មឱ្យចូលទៅក្នុងប្រព័ន្ធប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតឱកាសឱ្យអ្នកប្រកបមុខរបរ អាចទទួលបានព័ត៌មាន សេវាគាំទ្រ ចំណេះដឹង ជំនាញវិជ្ជាជីវៈ និងបច្ចេកវិទ្យា ដើម្បីឱ្យអាជីវកម្មរបស់ពួកគាត់មានភាពរឹងមាំ មានផលិតភាព និងអាចប្រកួតប្រជែងបានកាន់តែប្រសើរ។ ហើយការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងការពង្រឹងគុណភាពសេវាកម្មទេសចរណ៍ឱ្យមានស្ដង់ដារ អនាម័យ និងភាពរួសរាយរាក់ទាក់ គឺជាការវិនិយោគលើធនធានមនុស្សដ៏មានតម្លៃបំផុត ដើម្បីរក្សាកេរ្តិ៍ឈ្មោះខេត្តសៀមរាប ជាគោលដៅទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រល្បីល្បាញលើពិភពលោក។
ក្នុងឱកាសនោះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចសហការយ៉ាងជិតសិទ្ធរវាងក្រសួងទេសចរណ៍ រដ្ឋបាលខេត្តសៀមរាប មូលនិធិអភិវឌ្ឍន៍ជំនាញ និងសមាគមសហព័ន្ធយុវជនសេដ្ឋកិច្ចកម្ពុជា ដែលបានខិតខំប្រឹងប្រែងរួមគ្នារៀបចំយុទ្ធនាការផ្សព្វផ្សាយដ៏មានសារៈសំខាន់នេះឡើង។ ពិតណាស់ ក្រសួងទេសចរណ៍ កំពុងយកចិត្តទុកដាក់ខ្ពស់ក្នុងការជំរុញអនុវត្តយុទ្ធសាស្ត្រជាតិ ស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឆ្នាំ២០២៣-២០២៨ របស់រាជរដ្ឋាភិបាលកម្ពុជា។
ឯកឧត្តម ហួត ហាក់ បានជំរុញ និងអំពាវនាវដល់បងប្អូនអាជីវករ អ្នកលក់ដូរ និងអ្នកផ្ដល់សេវាកម្មទេសចរណ៍ទាំងអស់ក្នុងខេត្តសៀមរាប ឱ្យរួសរាន់មកចុះឈ្មោះក្នុងថ្នាលឌីជីថលអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីទទួលបាននូវការគាំទ្រ អាហារូបករណ៍បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងកញ្ចប់អត្ថប្រយោជន៍នានាពីកិច្ចអន្តរាគមន៍របស់រាជរដ្ឋាភិបាលជាបន្តបន្ទាប់។ ឯកឧត្តមក៏បានផ្តាំផ្ញើដល់រដ្ឋបាលរាជធានីខេត្ត និងមន្ទីរទេសចរណ៍រាជធានីខេត្ត បន្តរួមគ្នាយកចិត្តទុកដាក់លើការពង្រឹងគុណភាពសេវាកម្ម អនាម័យ សុវត្ថិភាព តម្លៃសមរម្យ និងបដិសណ្ឋារកិច្ចល្អ ដើម្បីបង្កើនភាពទាក់ទាញ និងផ្ដល់បទពិសោធន៍ល្អៗជូនដល់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ នេះជាកិច្ចការអាទិភាពមួយដែលត្រូវបានកំណត់នៅក្នុងវិធានការគន្លឹះនៃយុទ្ធសាស្រ្តជាតិស្ដីពីការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ សំដៅចូលរួមលើកកម្ពស់សណ្ដាប់ធ្នាប់អនាម័យ និងសោភ័ណភាពដែលផ្ដល់នូវអត្ថប្រយោជន៍ដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ព្រមទាំងទាក់ទាញភ្ញៀវទេសចរ៕SRP
អត្ថបទ៖ លោក ឡៃ បញ្ញា
កែសម្រួល៖ លោក អ៊ុន ណារាជ្យ