នគរបាលនៅមូលដ្ឋាន បង្ក្រាបក្មេងទំនើង និងអ្នកវក់ល្បែង ជាង ៤០០នាក់ ក្នុងខែសីហា
ក្នុងខែសីហា ឆ្នាំ២០២៦ នេះ កម្លាំងនគរបាលជាតិ គ្រប់មូលដ្ឋាន បានបន្តចុះប្រតិបត្តិការបង្ក្រាបក្រុមក្មេងទំនើង និងអ្នកវក់ល្បែងស៊ីសងខុសច្បាប់ ដោយឃាត់ខ្លួនជនសង្ស័យសរុបចំនួន ៤១៣នាក់ និងបានបញ្ជូនខ្លួនទៅកាន់តុលាការ ៣៩៩នាក់។ ចំនួននេះ កើនឡើង ១៣នាក់ ធៀបនឹងខែកក្កដា កន្លងទៅ។
តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ ក្នុងចំណោមករណីសរុប ករណីក្មេងទំនើងមាន ៨១ករណី ដោយសមត្ថកិច្ច បានឃាត់ខ្លួនមនុស្ស ៣៦៤នាក់ បញ្ជូនទៅតុលាការ ខណៈករណីល្បែងស៊ីសង មាន ២២ករណី ឃាត់ខ្លួនមនុស្ស ៤៩នាក់ ក្នុងនោះបញ្ជូនទៅតុលាការ ៣៥នាក់ និងអប់រំណែនាំធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព ១៤នាក់។
ប្រតិបត្តិការបង្ក្រាបយ៉ាងក្តៅគគុកនេះ ត្រូវបានអនុវត្តនៅក្នុងរាជធានី-ខេត្ត រួមមាន៖ រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពឺ តាកែវ ព្រះសីហនុ ក្រចេះ រតនគិរី ឧត្តរមានជ័យ សៀមរាប ពោធិ៍សាត់ ត្បូងឃ្មុំ កំពត កំពង់ចាម និងខេត្តស្វាយរៀង។
គូសបញ្ជាក់ដែរថា ផ្អែកតាមច្បាប់ស្តីពីការបង្ក្រាបល្បែងស៊ីសង អ្នកលេងល្បែងប្រឈមការផ្ដន្ទាទោសពិន័យប្រាក់ ឬដាក់ពន្ធនាគារពី ១ថ្ងៃ ដល់ ១ខែ (ឬទាំងពីរ) ខណៈអ្នកបើក អ្នកចាត់ចែងវង់ល្បែងប្រឈមការដាក់ពន្ធនាគារពី១ឆ្នាំ ដល់៥ឆ្នាំ និងពិន័យប្រាក់ពី ៥លាន ដល់ ២០លានរៀល។
ប្រភេទបទល្មើស និងទោស រួមមាន៖ បទហិង្សាដោយចេតនា ដាក់ពន្ធនាគារពី ១ឆ្នាំ ដល់ ៣ឆ្នាំ និងពិន័យជាប្រាក់ពី ២លាន ដល់ ៦លានរៀល បទធ្វើឱ្យខូចខាតដោយចេតនា ដូចជាការកាប់បំផ្លាញម៉ូតូ ឡាន ឬទ្រព្យសម្បត្តិសាធារណៈ/ឯកជន ដាក់ពន្ធនាគារពី ៦ខែ ដល់ ២ឆ្នាំ និងពិន័យជាប្រាក់ពី ១លាន ដល់ ៤លានរៀល។
ក្រៅពីនេះ ប្រសិនបើការដេញកាប់គ្នាបណ្តាលឱ្យមានមនុស្សស្លាប់ ឬមានចេតនាសម្លាប់ ដោយត្រូវចោទប្រកាន់ពីបទ «ឃាតកម្ម» ឬ «ប៉ុនប៉ងឃាតកម្ម» ប្រឈមមុខនឹងការដាក់ពន្ធនាគារពី១០ឆ្នាំ ដល់ ២០ឆ្នាំ និងប្រសិនបើយកតាមខ្លួននូវដាវ កាំបិត កែច្នៃ ឬអាវុធផ្សេងៗ ក្នុងបំណងបង្កហិង្សា អាចនឹងដាក់ពន្ធនាគារពី ៦ខែ ដល់ ២ឆ្នាំ និងពិន័យជាប្រាក់៕SRP
ដោយកញ្ញា សេង សុខហ៊ុន