រដ្ឋបាលខេត្តសៀមរាប ប្ដេជ្ញាចិត្តខ្ពស់ក្នុងការលុបបំបាត់អំពើទារុណកម្ម និងអំពើឃោរឃៅគ្រប់រូបភាព
រដ្ឋបាលខេត្តសៀមរាប បានប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តកិច្ចសហការ គាំទ្រ និងអនុវត្តយ៉ាងម៉ឺងម៉ាត់តាមការណែនាំរបស់គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ក្នុងគោលបំណងរួមគ្នា លុបបំបាត់ឱ្យអស់នូវរាល់សកម្មភាពទារុណកម្ម អំពើឃោរឃៅ និងអំពើអមនុស្សធម៌ គ្រប់រូបភាពចេញពីសង្គមជាតិយើង ដើម្បីលើកកម្ពស់ការគោរពសិទ្ធិមនុស្ស និងសេចក្ដីថ្លៃថ្នូររបស់មនុស្សជាតិ។
ក្នុងឱកាសជួបពិភាក្សាការងារជាមួយគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម ដឹកនាំដោយ ឯកឧត្ដមបណ្ឌិត ជា តារា ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្ត បានបញ្ជាក់ថា ស្របតាមគោលការណ៍ណែនាំ របស់គណៈកម្មាធិការជាតិប្រយុទ្ធទារុណកម្ម រដ្ឋបាលខេត្តសៀមរាប បានធ្វើការសហការជាមួយនឹងពន្ធនាគារខេត្ត ចុះពិនិត្យ និងបានបើកប្រអប់សំបុត្រចំនួន ២លើក នៅក្នុង១ខែ ដើម្បីធ្វើការពិនិត្យ និងទទួលយកសំណើ សំណូមពររបស់ជនជាប់ឃុំក្នុងពន្ធនាគារ រួមទាំងបានចែករំលែកបទពិសោធន៍ល្អៗ ក្នុងការរួមចំណែកការអនុវត្តច្បាប់ឱ្យកាន់តែល្អប្រសើរ និងការការពារសិទ្ធិសេរីភាពរបស់បុគ្គល និងការពង្រឹងយុត្តិធម៌សង្គមនៅមូលដ្ឋាន។
គូសបញ្ជាក់ថា គណៈកម្មាធិការជាតិប្រឆាំងទារុណកម្ម មានតួនាទីក្នុងការធានាបង្ការ ទប់ស្កាត់ ប្រឆាំងទារុណកម្មដែលឃោរឃៅ អមនុស្សធម៌ ធានាឱ្យមានប្រព័ន្ធត្រួតពិនិត្យទៀងទាត់មួយឯករាជ្យ នៅគ្រប់កន្លែងឃុំឃាំង និងកន្លែងទាំងឡាយណាដែលត្រូវបានដកហូតសេរីភាព ទាំងផ្នែករដ្ឋ និងឯកជន៕SRP
អត្ថបទ៖ លោក អោត រត់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ