‎ថ្នាក់ដឹកនាំខេត្តសៀមរាប ជួបពិភាក្សាការងារជាមួយ អង្គការម៉ារីស៊ី ដើម្បីជំរុញលើការជួយគាំទ្រទៅដល់ស្ត្រី និងកុមារឱ្យជៀសផុតពីអំពើជួញដូរ និងរំលោភបំពាន

‎ថ្នាក់ដឹកនាំខេត្តសៀមរាប ជួបពិភាក្សាការងារជាមួយ អង្គការម៉ារីស៊ី ដើម្បីជំរុញលើការជួយគាំទ្រទៅដល់ស្ត្រី និងកុមារឱ្យជៀសផុតពីអំពើជួញដូរ និងរំលោភបំពាន
0

‎ថ្នាក់ដឹកនាំខេត្តសៀមរាប ជួបពិភាក្សាការងារជាមួយ អង្គការម៉ារីស៊ី ដើម្បីជំរុញលើការជួយគាំទ្រទៅដល់ស្ត្រី និងកុមារឱ្យជៀសផុតពីអំពើជួញដូរ និងរំលោភបំពាន

‎លេខាធិការដ្ឋាននៃគណៈកម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សខេត្តសៀមរាប ដឹកនាំដោយ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត នៅថ្ងៃម្សិលមិញ បានជួបសម្តែងការគួរសម និងពិភាក្សាការងារ ជាមួយអង្គការម៉ារីស៊ី ដឹកនាំដោយ លោក ឌី នឿត នាយកប្រតិបត្តិអង្គការម៉ារីស៊ី ប្រចាំប្រទេសកម្ពុជា ដើម្បីបង្ហាញអំពីការស្វែងរកមតិគាំទ្រ និងកិច្ចសហការក្នុងការអនុវត្តគម្រោងគាំពារជនរងគ្រោះ ដើម្បីជួយគាំទ្រទៅដល់ស្ត្រី និងកុមារឱ្យជៀសផុតពីអំពើជួញដូរ និងរំលោភបំពានគ្រប់ទម្រង់។

‎លោក ឌី នឿត បានឱ្យដឹងថា អង្គការម៉ារីស៊ី គឺជាអង្គការមិនមែនរដ្ឋាភិបាលមួយ ដែលបានចុះបញ្ជីនៅព្រះរាជាណាចក្រកម្ពុជា ដោយបេសកកម្ម និងសកម្មភាពសំខាន់ៗ របស់អង្គការដែលបាននឹងកំពុងអនុវត្តដោយផ្ដោតលើកម្មវិធីការពារ និងលើកកម្ពស់ និងផ្តល់អំណាចដល់ស្ត្រី និងកុមារ។ កម្មវិធីសុវត្ថិភាពសហគមន៍ផ្តោតលើការលើកកម្ពស់បណ្តាញសុវត្ថិភាពសង្គមនៅក្នុងសហគមន៍ និងកម្មវិធីប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស។ ផ្តោតលើភាពជាដៃគូសហការជាមួយរាជរដ្ឋាភិបាល និងស្ថាប័នមានសមត្ថកិច្ច ក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស និងការពង្រឹងសមត្ថភាព ដល់អ្នកអនុវត្ត។

‎លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានធ្វើការស្វាគមន៍សម្រាប់ការសហការជាមួយអង្គការម៉ារីស៊ី ក្នុងការពង្រឹង និងបង្កើនកិច្ចសហប្រតិបត្តិការ ការងារប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ឱ្យកាន់តែល្អប្រសើរក្នុងខេត្តសៀមរាប។

‎លោកស្រីអភិបាលរងខេត្ត បានលើកទឹកចិត្តឱ្យមានការចូលរួម និងបន្ស៊ីសកម្មភាព ដើម្បីអនុវត្តសកម្មភាពរួមគ្នា រវាង គ.ខ.ប.ជ ខេត្តសៀមរាប និងអង្គការម៉ារីស៊ី ដោយក្នុងនោះ សកម្មភាពចម្បងរួមមាន ការអនុវត្តសកម្មភាពពង្រឹងសមត្ថភាពនៅសហគមន៍ ការពង្រឹងសមត្ថភាពលើការអនុវត្តនីតិវិធីរបស់មន្រ្តីនគរបាលយុត្តិធម៌ ការរៀបចំ និងចងក្រងព័ត៌មាន ខ្លឹមសាររួម ស្ពតអប់រំ និងផ្នែកច្បាប់សម្រាប់ធ្វើការអប់រំផ្សព្វផ្សាយនៅតាមសហគមន៍ ជាដើម ព្រមទាំងកិច្ចសហប្រតិបត្តិការការពាក់ព័ន្ធជាមួយបណ្ដាមន្ទីរ ស្ថាប័ន អង្គភាពជំនាញផងដែរ៕SRP

អត្ថបទ៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ