ពលរដ្ឋក្នុងស្រុកពួក លើកទឹកចិត្តឱ្យបងប្អូនដែលមានដីទំនេរជុំវិញផ្ទះ គួរផ្លាស់ប្ដូរដីទំនេរមកជាដំណាំចម្រុះ ជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃ
ក្នុងជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃ ជាពិសេសការហូបចុកដែលធានាពីសុវត្ថិភាព លោក វឺង សារ៉ា ដែលជាកសិកររស់នៅភូមិបឹងខ្នារ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប បានលើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋដែលមានដីទំនេរជុំវិញផ្ទះ គួរតែឆ្លៀតឱកាសផ្លាស់ប្ដូរមកដាំដំណាំចម្រុះ ឬដំណាំហូបផ្លែ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃកាន់តែល្អប្រសើរ។
ក្នុងចំណោមដំណាំដែលអាចដាំដុះបាន លោក វឺង សារ៉ា បានលើកឡើងពីសក្ដានុពលនៃការដាំ «ក្រូចថ្លុង» ថាជាប្រភេទដំណាំដែលមានទីផ្សារល្អ និងងាយស្រួលលក់ដូរ ដោយមានឈ្មួញចុះមកទិញដល់ផ្ទះផ្ទាល់តែម្ដង។ មិនតែប៉ុណ្ណោះ វាក៏ជាប្រភេទដំណាំហូបផ្លែដែលអាចផ្ដល់ផលជាបន្តបន្ទាប់ មិនសូវមានការកំណត់រដូវកាលច្បាស់លាស់ដូចដំណាំដទៃឡើយ។
លោក វឺង សារ៉ា បានបង្ហាញថា ក្រូចថ្លុងប្រើពេលប្រហែល ៧ខែ ប៉ុណ្ណោះ គិតចាប់ពីពេលចេញក្តឹប រហូតដល់អាចប្រមូលផលបាន។ ចំពោះដើមដែលបានពីការបន្តពូជតាមរយៈមែកផ្សាំ គឺត្រូវចំណាយពេលប្រហែល ៥ឆ្នាំ ទើបអាចចាប់ផ្ដើមឱ្យផល។ សម្រាប់តម្លៃទីផ្សារ ក្រូចថ្លុង១ផ្លែ អាចលក់ចេញក្នុងតម្លៃចាប់ពី ៧ពាន់រៀល ដល់ ១ម៉ឺនរៀល។ ក្រៅពីការលក់ផ្លែ លោកក៏មានទទួលបន្សាំមែកពូជលក់ផងដែរ ដោយមែកបន្សាំទូចមានតម្លៃ ២ម៉ឺនរៀល និងមែកធំមានតម្លៃ ៣ម៉ឺនរៀល។
លោកបានចែករំលែកថា ទាក់ទងនឹងបច្ចេកទេសថែទាំ គឺលោកជ្រើសរើសប្រភេទដីឱ្យបានត្រឹមត្រូវ និងការស្រោចទឹកឱ្យបានគ្រប់គ្រាន់ ដែលជាកត្តាចាំបាច់បំផុតដើម្បីទទួលបានទិន្នផលល្អតាមបែបធម្មជាតិ។ ជាពិសេស នៅរដូវក្ដៅ ការស្រោចទឹកលាងសម្អាតស្លឹក និងផ្កា គឺជារឿងសំខាន់ខ្លាំងណាស់ ដើម្បីការពារកុំឱ្យផ្លែក្រូចរលួយ និងជួយឱ្យការកាន់ផ្លែបានល្អប្រសើរ។ លោកថា តាមរយៈបទពិសោធន៍ផ្ទាល់នេះ លោកសង្ឃឹមយ៉ាងមុតមាំថា ប្រជាពលរដ្ឋនឹងងាកមកចាប់អារម្មណ៍លើយកដីទំនេរជុំវិញផ្ទះ មកបង្កើនផលដំណាំ ដើម្បីបង្កើតជាប្រាក់ចំណូលចូលក្នុងគ្រួសារប្រកបដោយចីរភាព៕SRP
អត្ថបទ៖ លោក ឡាច ទីនផា
កែសម្រួល៖ លោក អ៊ុន ណារាជ្យ