‎អាជ្ញាធរ និងមន្ត្រីជំនាញ អំពាវនាវឱ្យប្រជាពលរដ្ឋក្នុងឃុំសែនសុខ ចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានដីរបស់ខ្លួន មុនចេញបណ្ណកម្មសិទ្ធិ

‎អាជ្ញាធរ និងមន្ត្រីជំនាញ អំពាវនាវឱ្យប្រជាពលរដ្ឋក្នុងឃុំសែនសុខ ចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានដីរបស់ខ្លួន មុនចេញបណ្ណកម្មសិទ្ធិ
0

‎អាជ្ញាធរ និងមន្ត្រីជំនាញ អំពាវនាវឱ្យប្រជាពលរដ្ឋក្នុងឃុំសែនសុខ ចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់ព័ត៌មានដីរបស់ខ្លួន មុនចេញបណ្ណកម្មសិទ្ធិ

‎ឯកសារនៃការវិនិច្ឆ័យស្ថិតក្នុងឃុំសែនសុខ ស្រុកក្រឡាញ់ ខេត្តសៀមរាប ចំនួន ១២ ៩១២ ក្បាលដី ត្រូវបានបិទផ្សាយជាសារធារណៈរយៈពេល ១៥ថ្ងៃ ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងបរិវេណវត្តប្រាសាទរតនៈត្រពាំងក្រសាំង ដើម្បីផ្តល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធ ចូលរួមពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានអំពីទីតាំងដី ទំហំដី និងឈ្មោះម្ចាស់ដី មុននឹងឈានទៅចុះបញ្ជីក្បាលដី និងផ្តល់បណ្ណកម្មសិទ្ធិ។

‎លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីខេត្ត បានលើកឡើងថា ការចុះបញ្ជីក្បាលដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះ គឺដើម្បីឱ្យបងប្អូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ចូលរួមពិនិត្យផ្ទៀងផ្ទាត់ព័ត៌មាននៅលើឯកសារដើម្បីរបស់ខ្លួន ដោយផ្តោតសំខាន់លើទីតាំងដី ទំហំដី ដីបុរាណដ្ឋាន ដែលមានរូបរាងដីនៅលើប្លង់សុរិយោដី ព្រមទាំងពិនិត្យឈ្មោះម្ចាស់ដីឱ្យបានត្រឹមត្រូវ ស្របតាមឯកសាររបស់ខ្លួនកំពុងមាន ម៉្យាងទៀតប្រសិនបើរកឃើញកំហុស ឬមានការមិនពេញចិត្ត ប្រជាពលរដ្ឋអាចដាក់ពាក្យបណ្តឹង ឬជំទាស់តវ៉ាតាមនីតិវិធីដែលបានកំណត់ក្នុងច្បាប់ ដោយក្រុមការងារនៅកន្លែងបិទផ្សាយនេះផ្ទាល់។

‎លោក មឿ សុភី អភិបាលរងស្រុកស្រុកក្រឡាញ់ មានប្រសាសន៍ថា ការចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់របស់ប្រជាពលរដ្ឋ គឺមានសារៈសំខាន់ក្នុងការធានាឱ្យទិន្នន័យដីធ្លីមានភាពត្រឹមត្រូវ និងច្បាស់លាស់។ ដូច្នេះការចុះបញ្ជីដីធ្លីជាប្រព័ន្ធក៏នឹងជួយផ្តល់បណ្ណកម្មសិទ្ធិជូនម្ចាស់ដី និងអ្នកកាន់កាប់ដី ដើម្បីអាចយកទៅប្រើប្រាស់តាមតម្រូវការ ព្រមទាំងរួមចំណែកកាត់បន្ថយបញ្ហាវិវាទដីធ្លីនៅក្នុងសហគមន៍។

‎លោកបានគូសបញ្ជាក់ថា ការបិទផ្សាយឯកសារវិនិច្ឆ័យដីធ្លីនេះ គឺជាដំណាក់កាលដ៏សំខាន់មួយ ដែលផ្តល់ឱកាសឱ្យប្រជាពលរដ្ឋពិនិត្យ ផ្ទៀងផ្ទាត់ និងកែតម្រូវព័ត៌មានពាក់ព័ន្ធនឹងដីរបស់ខ្លួន មុនឈានទៅការចុះបញ្ជី និងទទួលបានសិទ្ធិស្របច្បាប់លើអចលនទ្រព្យរបស់ខ្លួន។ ការទទួលបានបណ្ណកម្មសិទ្ធិនេះ មានសារៈសំខាន់សម្រាប់ប្រជាពលរដ្ឋ ព្រោះអាចបង្កើនភាពជឿជាក់ក្នុងការកាន់កាប់ និងប្រើប្រាស់ដីរបស់ខ្លួន ដូចជាការប្រកបរបរកសិកម្ម និងដាំដំណាំតាមតម្រូវការ។ទន្ទឹមនឹងនេះក៏អាចជួយសម្រួលឱ្យម្ចាស់ដីមានលទ្ធភាពយកអចលនទ្រព្យរបស់ខ្លួនទៅប្រើប្រាស់ក្នុងការធ្វើប្រតិបត្តិការហិរញ្ញវត្ថុ ដូចជាការធានាសម្រាប់ស្នើសុំកម្ចីប្រាក់តាមលក្ខខណ្ឌរបស់ស្ថាប័នពាក់ព័ន្ធបានកាន់តែងាយស្រួល និងមានភាពច្បាស់លាស់។

‎លោកអភិបាលរងស្រុក បានអំពាវនាវដល់ប្រជាពលរដ្ឋដែលបានមកពិនិត្យផ្ទៀងផ្ទាត់ព័ត៌មានរបស់ខ្លួនរួច សូមជួយប្រាប់តៗគ្នា ជាពិសេសអ្នកដែលមានសាច់ញាតិ ឬបងប្អូនកំពុងរស់នៅឆ្ងាយ ឱ្យមកពិនិត្យព័ត៌មានឱ្យបានទាន់ពេលវេលា។ ដោយការចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់របស់ប្រជាពលរដ្ឋ គឺជាផ្នែកសំខាន់ក្នុងការធានាឱ្យព័ត៌មានដីធ្លីមានភាពត្រឹមត្រូវ និងច្បាស់លាស់ នឹងការទទួលបានសិទ្ធិស្របច្បាប់លើដីរបស់ខ្លួន មានភាពងាយស្រួលក្នុងការប្រើប្រាស់ និងអភិវឌ្ឍដីធ្លីប្រកបដោយភាពជឿជាក់ និងស្របតាមច្បាប់៕SRP

អត្ថបទ៖ ឆាន ញ៉ា
កែសម្រួល៖ លោក អ៊ុន ណារាជ្យ