សាលាអនុវិទ្យាល័យ ហ៊ុន សែន រលួស ជំរុញយុទ្ធនាការ «សិស្សម្នាក់ ដបទឹកមួយ» ដើម្បីកាត់បន្ថយសំរាមប្លាស្ទិក និងការពារបរិស្ថាន

សាលាអនុវិទ្យាល័យ ហ៊ុន សែន រលួស ជំរុញយុទ្ធនាការ «សិស្សម្នាក់ ដបទឹកមួយ» ដើម្បីកាត់បន្ថយសំរាមប្លាស្ទិក និងការពារបរិស្ថាន
0

សាលាអនុវិទ្យាល័យ ហ៊ុន សែន រលួស ជំរុញយុទ្ធនាការ «សិស្សម្នាក់ ដបទឹកមួយ» ដើម្បីកាត់បន្ថយសំរាមប្លាស្ទិក និងការពារបរិស្ថាន

ការកាត់បន្ថយការប្រើប្រាស់ដបទឹកប្លាស្ទិកប្រភេទប្រើម្ដងបោះចោល និងការលើកទឹកចិត្ត ឱ្យប្រើប្រាស់ដបទឹកដែលអាចប្រើឡើងវិញបាន កំពុងក្លាយជាវិធានការដ៏មានសារៈសំខាន់ក្នុងការចូលរួមការពារសុខភាព និងបរិស្ថាន ជាពិសេសនៅតាមគ្រឹះស្ថានសិក្សា។ ឆ្លើយតបនឹងបញ្ហានេះ សាលាអនុវិទ្យាល័យ ហ៊ុន សែន រលួស ដែលមានទីតាំងស្ថិតក្នុងស្រុកប្រាសាទបាគង ខេត្តសៀមរាប បានដាក់ចេញនូវយុទ្ធនាការដ៏មានន័យមួយក្រោមប្រធានបទ «សិស្សម្នាក់ ត្រូវមានដបទឹកមួយ» ដែលកំពុងទទួលបានការគាំទ្រ និងចូលរួមយ៉ាងសកម្មពីសំណាក់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។

លោកស្រី ព្រំ សុឡន នាយិកាស្ដីទីនៃអនុវិទ្យាល័យ ហ៊ុន សែន រលួស បានឱ្យដឹងថា ការប្រើប្រាស់ដបទឹកដែលអាចប្រើឡើងវិញបាន មិនត្រឹមតែជួយកាត់បន្ថយកាកសំណល់ប្លាស្ទិក នៅក្នុងបរិវេណសាលារៀនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពក្នុងការបណ្ដុះស្មារតីស្រឡាញ់បរិស្ថាន និងកសាងទម្លាប់ល្អដល់សិស្សានុសិស្សតាំងពីវ័យក្មេងផងដែរ។

ទាក់ទងនឹងយុទ្ធនាការនេះ ប្អូនប្រុស សារ៉ាក់ សត្យារក្ស ជាសិស្សនៅអនុវិទ្យាល័យខាងលើ បានបង្ហាញថា «យុទ្ធនាការ «សិស្សម្នាក់ ត្រូវមានដបទឹកមួយ» នេះ មានគោលបំណងជំរុញឱ្យពួកយើងកាត់បន្ថយការទិញទឹកបណ្ដោះអាសន្នដាក់ដបប្លាស្ទិកប្រើរួចបោះចោល ហើយងាកមកប្រើប្រាស់ដបទឹកផ្ទាល់ខ្លួនវិញ។ ការធ្វើបែបនេះមិនត្រឹមតែជួយកាត់បន្ថយបរិមាណសំរាមប្លាស្ទិកក្នុងសាលា និងសហគមន៍ប៉ុណ្ណោះទេ ថែមទាំងជួយសម្រាលការចំណាយប្រចាំថ្ងៃរបស់ពួកយើង ព្រោះអាចច្រកទឹកពីផ្ទះមក ឬដាក់ទឹកផឹយកបានជាច្រើនដងក្នុងមួយថ្ងៃដោយឥតគិតថ្លៃ»។

គួរឱ្យដឹងថា តាមរយៈគំនិតផ្ដួចផ្ដើមដ៏មានតម្លៃនេះ ត្រូវបានគេរំពឹងថានឹងក្លាយជាគំរូដ៏ល្អមួយសម្រាប់គ្រឹះស្ថានសិក្សាដទៃទៀត ក្នុងការរួមចំណែកកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងបង្កើតឱ្យមានបរិស្ថានសិក្សាស្អាត បៃតង និងគ្មានកាកសំណល់ប្លាស្ទិកពិតប្រាកដ៕SRP

អត្ថបទ៖ កញ្ញា កើ លីម៉ា
កែសម្រួល៖ លោក អ៊ុន ណារាជ្យ