ប្រធានមណ្ឌលសុខភាពគោកចក៖ ការផ្ដល់សេវាសុខាភិបាលប្រកបគុណភាព និងសុវត្ថិភាព ជាផ្នែកមួយជួយបង្កើនជំនឿទុកចិត្តរបស់ប្រជាពលរដ្ឋ មកលើវិស័យសុខាភិបាលរបស់រដ្ឋ
មណ្ឌលសុខភាពគោកចក បានទទួលជ័យលាភីចំណាត់ថ្នាក់លេខ១ ទូទាំងប្រទេស ចំពោះអង្គភាពផ្ដល់សេវាសាធារណគំរូ ក្នុងវិស័យសុខាភិបាល ប្រចាំឆ្នាំ២០២៥ ដែលនេះបានសបញ្ជាក់ឱ្យឃើញពីកិច្ចខិតខំប្រឹងប្រែងក្នុងការអនុវត្ត ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោតលើការកែលម្អអភិបាលកិច្ចនិងការធ្វើទំនើបកម្មស្ថាប័នរដ្ឋ ឱ្យក្លាយជារដ្ឋបាលសាធារណៈទំនើបមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងស្អាតស្អំ ដើម្បីបម្រើផលប្រយោជន៍ប្រជាជន។
លោកស្រី ភាសំបូ លីណា ប្រធានមណ្ឌលសុខភាពគោកចក មានប្រសាសន៍ថា កត្តាដែលជំរុញឱ្យមណ្ឌលសុខភាពនេះ ទទួលបាននូវជ័យលាភីក្នុងឆ្នាំ២០២៥ ផ្ដោតជាសំខាន់ លើការគ្រប់គ្រង ដឹកនាំ និង ការផ្ដល់សេវាសុខាភិបាល ប្រកបដោយគុណភាព និង សុវត្ថិភាពដល់ប្រជាពលរដ្ឋ ក្នុងនោះ ក៏ដោយសារមានការគាំទ្រ ពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ និង ភាគីពាក់ព័ន្ធជាច្រើនទៀត ជាពិសេសគឺការអនុវត្តបានទាំង៨ចំណុច របស់ក្រសួងមុខងារសាធារណៈ ដែលបានដាក់ចេញ សម្រាប់ការវាយតម្លៃ និង ទទួលស្គាល់បេក្ខភាពផ្ដល់សេវាសាធារណៈគំរូផងដែរ។
លោកស្រីបានឱ្យដឹងថា ក្នុងអាណត្តិលោកស្រី ជាប្រធានមណ្ឌលសុខភាពតាំងពីឆ្នាំ២០១៣មក លោកស្រី បានធ្វើកិច្ចសហការជាមួយអាជ្ញាធរខេត្ត ជាពិសេសអាជ្ញាធរមូលដ្ឋាន ក្នុងការអភិវឌ្ឍន៍មណ្ឌលសុខភាពឱ្យមានការរីកចម្រើនពីមួយឆ្នាំ ទៅមួយឆ្នាំ រហូតទទួលបាននូវសមិទ្ធផលល្អប្រសើរនាពេលនេះ និង បានប្រែក្លាយពីមណ្ឌលសុខភាពដែលមិនសូវទទួលបាននូវជំនឿទុកចិត្ត មកជាទីកន្លែងជួយសង្គ្រោះជីវិតប្រជាពលរដ្ឋ ប្រកបដោយគុណភាព និង ប្រសិទ្ធភាព។
ប្រធានមណ្ឌលសុខភាពគោកចក បានឱ្យដឹងទៀតថា ក្នុងអំឡុងពេលនៃការអភិវឌ្ឍន៍មណ្ឌលសុខភាពនេះ អ្វីដែលជាបញ្ហាប្រឈមបំផុតនោះគឺថវិកាក្នុងការកែលម្អលើហេដ្ឋារចនាសម្ព័ន្ធ ។ ដើម្បីដោះស្រាយនូវបញ្ហាប្រឈម មណ្ឌលសុខភាពក៏បានធ្វើការជួបប្រជុំជាមួយអាជ្ញាធរមូលដ្ឋាន និង អ្នកពាក់ព័ន្ធផ្សេងទៀត ក្នុងការកៀរគរថវិកា ពីសប្បុរសជននានា រហូតអាចសម្រេចបាននូវសមិទ្ធផលដូចសព្វថ្ងៃនេះ។
លោកស្រីក៏បានបង្ហាញនូវការតាំងចិត្ត ក្នុងការពង្រឹងគុណភាព និង ប្រសិទ្ធភាព លើការផ្ដល់សេវាសុខាភិបាលក្នុងមណ្ឌលសុខភាពនេះ ឱ្យកាន់តែប្រសើរឡើងថែមមួយកម្រិតទៀត ដើម្បីបង្កើននូវជំនឿទុកចិត្ត និង ឱ្យប្រជាពលរដ្ឋ ងាកមកទទួលសេវាសុខាភិបាលរបស់រដ្ឋកាន់តែច្រើនឡើង៕SRP
អត្ថបទ៖ លោកស្រី ហែម បូរ៉ាន្នី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ