អាជ្ញាធរខេត្តសៀមរាប៖ ការតែងតាំងគណៈអ៊ីម៉ាំខេត្ត ជាការពង្រឹងរចនាសម្ព័ន្ធដឹកនាំសាសនា និងបម្រើសហគមន៍ឥស្លាមឱ្យកាន់តែប្រសើរ
អាជ្ញាធរខេត្តសៀមរាប បានលើកឡើងថា ការប្រកាសតែងតាំងសមាសភាពគណៈអ៊ីម៉ាំខេត្តនាពេលនេះ គឺជាសញ្ញាណបង្ហាញពីការពង្រឹងរចនាសម្ព័ន្ធដឹកនាំសាសនា ការរឹតចំណងសាមគ្គីភាព និងការបន្តបេសកកម្មបម្រើសហគមន៍ឥស្លាមនៅក្នុងខេត្តឱ្យកាន់តែមានប្រសិទ្ធភាពបន្ថែមទៀត។
ក្នុងពិធីប្រកាសសមាសភាពសមាជិកគណៈអ៊ីម៉ាំខេត្តសៀមរាប នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ លោក លី សារី អភិបាលរងខេត្ត បានគូសបញ្ជាក់ថា គ្រប់សាសនាទាំងអស់សុទ្ធតែអប់រំមនុស្សឱ្យប្រព្រឹត្តអំពើល្អ ប្រកាន់ខ្ជាប់នូវសីលធម៌ សុជីវធម៌ក្នុងសង្គម និងអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងធម្មការ និងសាសនា។
លោកអភិបាលរងខេត្ត បានសម្តែងក្តីសង្ឃឹមយ៉ាងមុតមាំថា គណៈអ៊ីម៉ាំដែលទទួលបានការតែងតាំងថ្មី នឹងបន្តដឹកនាំសហគមន៍ ប្រតិបត្តិធម៌វិន័យបានត្រឹមត្រូវ និងអប់រំពុទ្ធសាសនិក/ឥស្លាមសាសនិកឱ្យគោរពច្បាប់ និងការណែនាំផ្សេងៗបានខ្ជាប់ខ្ជួន។
លោក អះម៉ាត់ ប៉ះយ៉ាអារីហ្វាត ភូឈួយទី១ នៃគណៈដឹកនាំជាន់ខ្ពស់សាសនាឥស្លាមកម្ពុជា បានផ្តាំផ្ញើដល់គណៈអ៊ីម៉ាំទាំងអស់ត្រូវបន្តពង្រឹងឯកភាពផ្ទៃក្នុង ការយោគយល់ និងការគោរពគ្នាទៅវិញទៅមក។ បង្កើនការយកចិត្តទុកដាក់លើការអប់រំសាសនា និងការកសាងសមត្ថភាពជំនាន់ក្រោយ។ ជាពិសេស ត្រូវបង្កើនកិច្ចសហការជាមួយអាជ្ញាធរដែនដី ស្ថាប័នរដ្ឋ និងអង្គការដៃគូ ដើម្បីរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព សន្តិសុខសង្គម និងសុខុដុមរមណីយកម្មរវាងប្រជាពលរដ្ឋគ្រប់ជំនឿសាសនា ដោយឈរលើគោលការណ៍កណ្តាល និងការអត់ឱន។
ជាការឆ្លើយតប ឯកឧត្តម អ៊ែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត ដែលត្រូវបានតែងតាំងជាអ៊ីម៉ាំខេត្តសៀមរាប បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបង្រួបបង្រួមសាមគ្គីភាពក្នុងសហគមន៍ ពង្រឹងកិច្ចសហការរវាងអ៊ីម៉ាំ តួនៗ យុវជន ស្ត្រី និងសប្បុរសជន។ ប្ដេជ្ញាខិតខំជំរុញការងារមនុស្សធម៌ ចុះស្ដាប់បញ្ហាប្រឈម និងសំណូមពររបស់បងប្អូនឥស្លាមនៅតាមមូលដ្ឋាន ព្រមទាំងលើកកម្ពស់តួនាទីយុវជនឥស្លាមក្នុងការងារសង្គម វប្បធម៌ និងអប់រំឱ្យកាន់តែល្អប្រសើរឡើងថែមទៀត៕SRP
អត្ថបទ៖ លោក អោត រត់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ