ឯកសារនៃការវិនិច្ឆ័យដីធ្លីក្នុងឃុំមុខប៉ែន ស្រុកពួក ត្រូវបានបិទផ្សាយជាសាធារណៈ ខណៈអាជ្ញាធរអំពាវនាវឱ្យអ្នកពាក់ព័ន្ធចូលរួមពិនិត្យ ផ្ទៀងផ្ទាត់ឱ្យបានគ្រប់ៗគ្នា
ឯកសារនៃការវិនិច្ឆ័យដីធ្លីមានលក្ខណៈជាប្រព័ន្ធចំនួន ៧ ៦៩២ ក្បាលដី ស្ថិតក្នុងភូមិទាំង៦ នៃឃុំមុខប៉ែន ស្រុកពួក ខេត្តសៀមរាប ត្រូវបានមន្ត្រីជំនាញបិទផ្សាយជាសាធារណៈ ដើម្បីឱ្យប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធចូលរួមពិនិត្យ និងផ្ទៀងផ្ទាត់ទិន្នន័យឱ្យបានគ្រប់ៗគ្នា ដែលធានាបាននូវភាពត្រឹមត្រូវមុននឹងចេញបណ្ណកម្មសិទ្ធិ។
លោក ហ៊ី សាយ ប្រធានមន្ទីររៀបចំដែនដីខេត្ត បានអំពាវនាវដល់ម្ចាស់ដីមកពិនិត្យឱ្យបានត្រឹមត្រូវលើឈ្មោះម្ចាស់កម្មសិទ្ធិ ថ្ងៃ ខែ ឆ្នាំកំណើត ប្រភេទទ្រព្យ ឈ្មោះឪពុកម្តាយ ទំហំដី និងព័ត៌មានពាក់ព័ន្ធផ្សេងៗ រីឯផែនទីក្បាលដីវិញ សូមពិនិត្យទីតាំង ព្រំប្រទល់ រូបរាងក្បាលដី និងព័ត៌មានសំខាន់ៗផ្សេងទៀត ដើម្បីធានាថាទិន្នន័យមានភាពត្រឹមត្រូវ។ ប្រសិនបើប្រជាពលរដ្ឋ ឬអ្នកពាក់ព័ន្ធពិនិត្យឃើញថា មានកំហុសឆ្គង ឬមានការជំទាស់តវ៉ាលើចំណុចណាមួយ សូមទាក់ទងក្រុមការងារប្រចាំការជាបន្ទាន់ ដើម្បីដាក់ពាក្យសុំកែតម្រូវ ឬដាក់ពាក្យបណ្ដឹងតាមនីតិវិធីដែលបានកំណត់។
លោកប្រធានមន្ទីរ បញ្ជាក់ថា ការបិទផ្សាយនេះមានរយៈពេល ១៥ថ្ងៃ គិតចាប់ពីថ្ងៃទី៣១ ខែសីហា ដល់ទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅវត្តវន្ទារាមរង្សី ហៅវត្តត្រកៀត។ ប្រសិនបើប្រជាពលរដ្ឋមានចម្ងល់ ឬមន្ទិលណាមួយលើបញ្ហានេះ មន្ត្រីជំនាញដែលនៅប្រចាំការនឹងរង់ចាំធ្វើការដោះស្រាយ ពន្យល់បកស្រាយរាល់មន្ទិលសង្ស័យ ក៏ដូចជាទទួលពាក្យបណ្ដឹងតវ៉ាដើម្បីធ្វើការសម្រុះសម្រួលតាមការព្រមព្រៀងដោយគណៈកម្មការរដ្ឋបាល។
លោកស្រី រឿន គីណា អភិបាលរងស្រុកពួក បានលើកឡើងថា ការផ្សព្វផ្សាយនេះ គឺដើម្បីធានាបាននូវភាពត្រឹមត្រូវ ជៀសវាងមានជម្លោះនៅពេលចេញបណ្ណកម្មសិទ្ធិ ដោយបងបងប្អូនអាចដាក់ពាក្យស្នើសុំកែតម្រូវប្រសិនបើមានចំណុចខុសឆ្គងនាពេលបិទផ្សាយនេះ។ ការចុះបញ្ជីដីធ្លីនេះ ត្រូវចុះបញ្ជីទាំងដីឯកជន ទាំងដីរដ្ឋ ដោយអនុវត្តតាមនីតិវិធី និងបច្ចេកវិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវ ដូចបណ្ដាប្រទេសជឿនលឿនលើពិភពលោកកំពុងអនុវត្ត ដែលជាប្រការសមស្របបំផុតកំណត់នៅក្នុងគោលនយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ ទំនាស់ដីធ្លីនៅក្នុងសង្គម និងការអភិវឌ្ឍប្រទេសជាតិ។
ឯកឧត្តម ម៉ិត សុវណ្ណ សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប មានប្រសាសន៍ថា ការចូលរួមយ៉ាងសកម្មពីសំណាក់ប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ គឺជាកត្តាសំខាន់ដែលជួយជំរុញឱ្យដំណើរការចុះបញ្ជីដីធ្លីប្រព្រឹត្តទៅដោយរលូន និងឈានទៅរកការចេញវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុជូនប្រជាពលរដ្ឋបានទាន់ពេលវេលា។ មិនតែប៉ុណ្ណោះការទទួលបានវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ មិនត្រឹមតែផ្តល់នូវសិទ្ធិស្របច្បាប់ក្នុងការកាន់កាប់ និងប្រើប្រាស់ដីធ្លីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយកាត់បន្ថយវិវាទដីធ្លី បង្កើនសន្តិសុខក្នុងការកាន់កាប់ទ្រព្យសម្បត្តិ លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និងរួមចំណែកអនុវត្តឱ្យមានប្រសិទ្ធភាពនូវគោលនយោបាយជាតិស្តីពីដីធ្លី និងច្បាប់ភូមិបាលទៀតផង៕SRP
អត្ថបទ៖ លោក ហេង វន្នី
កែសម្រួល៖ លោក អ៊ុន ណារាជ្យ