អាជ្ញាធរសង្កាត់ស្រង៉ែ និងសប្បុរសជនបន្តនាំយកយកគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ជូនកងទ័ពជួរមុខ
អាជ្ញាធរសង្កាត់ស្រង៉ែ សង្កាត់ស្លក្រាម សង្កាត់គោកចក និង សង្កាត់សាលាកំរើក ក្រុងសៀមរាប រួមជាមួយនឹងសប្បុរសជន នៅថ្ងៃ 30 ខែសីហាឆ្នាំ 2026 បាននាំយកនូវគ្រឿងឧបភោគបរិភោគ សម្ភារប្រើប្រាស់ចាំបាច់ ជូនដល់កងទ័ពជួរមុខក្នុងខេត្តឧត្តរមានជ័យ ។
លោកស្រី ធិវ រួន ចៅសង្កាត់ស្រង៉ែ បានឱ្យដឹងថា ការចូលរួមរបស់អាជ្ញាធរសង្កាត់ រួមនិងសប្បុរសជនទាំងអស់នាពេលនេះ គឺជារូបភាពឆ្លុះបញ្ចាំងពី «វប្បធម៌ចែករំលែក» របស់ប្រជាជនកម្ពុជា ដែលមិនបោះបង់គ្នាក្នុងគ្រាលំបាកឡើយ។ ហើយសកម្មភាពអាជ្ញាធរ និងសប្បុរសជន នាំយកគ្រឿងឧបភោគបរិភោគ និងសម្ភារប្រគល់ជូនកងទ័ពជួរមុខនៅខេត្តឧត្តរមានជ័យនាពេលនេះ គឺជាការបង្ហាញពីស្មារតីសាមគ្គីភាព ក្តីស្រឡាញ់ និងការគាំទ្រដល់កងកម្លាំងការពារព្រំដែន និងដើម្បីបង្ហាញពីការរួមសុខរួមទុក្ខរវាងសមរភូមិក្រោយ និងសមរភូមិមុខ ក្នុងការចូលរួមចំណែក ជួយសម្រាលការលំបាក និងការខ្វះខាតផ្សេងៗរបស់កងកម្លាំងកងទ័ព និងផ្តល់កម្លាំងចិត្តដ៏កក់ក្តៅដល់វីរកងទ័ពជួរមុខដែលកំពុងលះបង់ដើម្បីជាតិ។
លោកស្រីចៅសង្កាត់ស្រង៉ែ បានបន្តថា ការនាំយកនូវគ្រឿងឧបភោគបរិភោគមកជូនបងប្អូនកងទ័ពនាពេលនេះ គឺស្ដែងចេញពីទឹកចិត្ត និងការដឹងគុណយ៉ាងជ្រាលជ្រៅរបស់សប្បុរសជន ក៏ដូចជាប្រជាពលរដ្ឋ នៅសមរភូមិក្រោយ ចំពោះវីរភាពដ៏អង់អាចក្លាហានរបស់បងប្អូនកងទ័ព ដែលបានលះបង់កម្លាំងកាយចិត្ត ជម្នះរាល់ការលំបាក ដើម្បីការពារបូរណភាពទឹកដី និងសុខសន្តិភាពជូនជាតិមាតុភូមិ។
លោកស្រី បញ្ជាក់បន្ថែមទៀតថា អំណោយទាំងនេះ បានមកពីការអំពាវនាវ និងកៀរគររបស់អាជ្ញាធរសង្កាត់ចំពោះសប្បុរសជន និងបងប្អូនប្រជាពលរដ្ឋ តាមរយៈអាជ្ញាធរសង្កាត់ហើយក៏ជាទឹកចិត្តសប្បុរសធម៌ ក្នុងស្មារតីចែករំលែករបស់សប្បុរសជន ដែលបានបរិច្ចាគដោយស្ម័គ្រចិត្ត ដែលជាសក្ខីកម្មបញ្ជាក់ពីសាមគ្គីភាព និងជាកម្លាំងចិត្តដ៏កក់ក្ដៅ ជូនដល់កងកម្លាំងជួរមុខរបស់យើង ឱ្យបន្តស្មារតីស្នេហាជាតិដ៏រឹងមាំតទៅមុខទៀត។
សូមជម្រាបថា អំណោយទាំងអស់ប្រគល់ជូនដល់កងទ័ពជូនជួរមុខដែលកំពុងឈរជើងបំពេញភារកិច្ចការពារបូរណភាពទឹកដី តាមខ្សែបន្ទាត់ព្រំដែន ស្ថិតក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យ និងបឹងត្រកួន ដែលមានចំនួន ៦គោលដៅរួមមាន៖ អូរស្មាច់ អូរខ្លាឃ្មុំ តាក្របី ប្រាសាទតាមាន់ វត្តតាមាន់សែនជ័យ និងបឹងត្រកួន៕SRP
អត្ថបទ៖ លោក ទ្រា ពន្លឺ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ