នគរបាលខេត្តសៀមរាបបង្ក្រាប ក្មេងទំនើងនៅក្រុងសៀមរាប ដែលអុកឡុកពេលយប់
ខេត្តសៀមរាប៖នគរបាលខេត្តសៀមរាបបានបើកប្រតិបត្តិការបង្ក្រាប ក្រុមក្មេងទំនើងចំនួន៨នាក់ ដែលបានអុកឡុកពេលយប់នៅតំបន់ទេសចរណ៍។
ឧត្តមសេនីយ៏ទោ ហួត សុធី ស្នងការប៉ូលិសខេត្តសៀមរាប បានប្រាប់សារព័ត៌មានសៀមរាប ប៉ុស្តិ៍ ឱ្យដឹងថា នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ សមត្ថកិច្ចបានទទួលសេចក្តីរាយការណ៍ ពីសារព័ត៌មាន ដែលបានបង្ហោះវីដេអូររយៈពេល៤វិនាទី ពីក្រុងក្មេងទំនើងដេញកាប់គ្នា នៅចំណុចខាងត្បូងស្តុបជន្លង់ ក្នុងភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប កាលពីវេលាម៉ោង២៣ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។
ឧត្តមសេនីយ៏ទោ ហួត សុធី បានបន្តថា បន្ទាប់មកកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប បានសហការណ៍ជាមួយកម្លាំងការិយាល័យអន្តរាគមន៍ ធ្វើការស្រាវជ្រាវរហូតឃាត់ខ្លួនជនសង្ស័យបានជាបន្តបន្ទាប់ ដល់ម៉ោង១៥ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ យកមកសាកសួរ។
ឧត្តមសេនីយ៏ទោ ហួត សុធី បានបញ្ជាក់ថា ក្រោយពីសាកសួរ ក្រុមក្មេងទំនើងដែលជាជនសង្ស័យបានឆ្លើយសារភាពដូចគ្នាថា ក្នុងពេលកើតហេតុពួកខ្លួនបាននាំគ្នាជិះម៉ូតូដើរលែង ហើយដល់ចំណុចកើតហេតុ ក៏ស្រាប់មានក្រុមក្មេងមួយក្រុមអង្គុយក្បែរស្ថានីយ៍សាំង ជេរខ្លួន រួចខ្លួនក៏បានរើសដុំថ្ម ដំបង ដងឆ័ត្រ ហើយជិះត្រឡប់ក្រោយ ដេញវាយ និងគប់ ទៅលើគូរជម្លោះម្ខាងទៀត ក្រោយពីធ្វើសកម្មភាពហើយ ពួកខ្លួនបានបោះចោលដំបង ដងឆ័ត្រតាមផ្លូវ និងជិះម៉ូតូគេចខ្លួន ក៏ត្រូវសមត្ថកិច្ចស្រាវជ្រាវឃាត់ពួកខ្លួនបានជាបន្តបន្ទាប់តែម្ដង។
នៅក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចនគរបាលដកហូតវត្ថុតាង ម៉ូតូជនសង្ស័យ ធ្វើសកម្មភាពចំនួន០៣គ្រឿង ទូរស័ព្ទដៃចំនួន០៨គ្រឿង។ ជាមួយគ្នានេះបានធ្វើតេស្តស្វែងរកសារធាតុញៀនលើជនសង្ស័យ ជាលទ្ធផល ឈ្មោះងួន ចន្ធី វិជ្ជមាន។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី។
សូមជម្រាបផងដែរថាការបង្ក្រាបនេះ ដោយអនុវត្តតាមអនុសាសន៍ណែនាំរបស់ ឯកឧត្ដម នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងមានការចង្អុលដឹកនាំពីលោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប លោក វរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប ដឹកនាំកម្លាំងនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការណ៍ជាមួយកម្លាំងការិយាល័យអន្តរាគមន៍។
គួររំលឹកដែរថាលោកឧត្តមសេនីយ៏ទោ ហួត សុធី ស្នងការប៉ូលិសខេត្តសៀមរាប បានដាក់បទបញ្ជាម៉ឹងម៉ាត់ឲ្យការិយាល័យជំនាញ និងអធិការក្រុង-ស្រុក បង្ក្រាបឱ្យខានតែបាននៅក្មេងទំនើង និងម៉ូតូកែច្នៃខុសបច្ចេកទេស»៕SRP