មន្ទីរអប់រំខេត្តសៀមរាប បើកការប្រកួតជជែកដេញដោល និងនិយាយជាសាធារណៈថ្នាក់ខេត្ត ឆ្នាំ២០២៦

មន្ទីរអប់រំខេត្តសៀមរាប បើកការប្រកួតជជែកដេញដោល និងនិយាយជាសាធារណៈថ្នាក់ខេត្ត ឆ្នាំ២០២៦
0

មន្ទីរអប់រំខេត្តសៀមរាប បើកការប្រកួតជជែកដេញដោល និងនិយាយជាសាធារណៈថ្នាក់ខេត្ត ឆ្នាំ២០២៦

មន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប នៅថ្ងៃម្សិលមិញបានរៀបចំពិធីបើកការប្រកួត «ជជែកដេញដោលយុវជនថ្នាក់ខេត្ត ឆ្នាំ២០២៦» វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ និងការប្រកួតនិយាយជាសាធារណៈ «វោហារសព្ទឆ្នើម»។

ក្នុងឱកាសនោះ លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានគូសបញ្ជាក់ថា ការជជែកដេញដោលពិតជាមានសារៈសំខាន់ខ្លាំងណាស់សម្រាប់យុវជន ដោយសារវេទិកានេះមិនត្រឹមតែបណ្តុះសមត្ថភាពស្វែងរកការពិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងកសាងបុគ្គលិកលក្ខណៈ និងសីលធម៌រស់នៅប្រកបដោយការទទួលខុសត្រូវ។ លើសពីនេះ វាក៏ជួយឱ្យយុវជនចេះដោះស្រាយបញ្ហាចំពោះមុខបានឆាប់រហ័ស និងមានយុទ្ធសាស្ត្រ ព្រមទាំងបង្កើតឥទ្ធិពលវិជ្ជមាន និងដឹកនាំការផ្លាស់ប្តូរក្នុងសហគមន៍ផងដែរ។

លោកប្រធានមន្ទីរបានបន្តថា ការជជែកដេញដោលនេះ គឺជាឧបករណ៍ដ៏មានឥទ្ធិពលក្នុងការអភិវឌ្ឍសមត្ថភាពយុវជនទាំងលើផ្នែកការសិក្សា ជីវិតបុគ្គល និងការងារ ដោយបណ្តុះឱ្យយុវជន ចេះរៀនវិភាគបញ្ហាពីច្រើនជ្រុងជ្រោយ (ទាំងស្រប និងបដិសេធ) ដោយមិនយកអារម្មណ៍ផ្ទាល់ខ្លួនមកសម្រេច និងចេះបែងចែករវាង «ហេតុផលពិតប្រាកដ» និង «មតិគ្មានមូលដ្ឋាន» បង្កើនទំនុកចិត្តលើខ្លួនឯងក្នុងការរៀបចំគំនិតឱ្យមានសណ្តាប់ធ្នាប់ និងនិយាយដោយភាពក្លាហាន។ លោកបានបន្ថែមថា ការប្រកួតនេះមិនមែនគ្រាន់តែជាការប្រកួតយកឈ្នះចាញ់នោះទេ ប៉ុន្តែគឺជាសាលាបណ្តុះបណ្តាល «ធនធានបញ្ញវន្ត» ដ៏ពិតប្រាកដសម្រាប់អនាគតប្រទេសជាតិ។

ជាមួយគ្នានេះ លោក លី ប៊ុនណា ក៏បានរំលេចផងដែរថា យុវជនត្រូវខិតខំពង្រឹងសមត្ថភាពលើផ្នែកបច្ចេកវិទ្យាឌីជីថល និងបញ្ញាសិប្បនិម្មិត (AI) ដើម្បីដើរឱ្យទាន់សម័យកាលបដិវត្តន៍ឧស្សាហកម្ម ៤.០ និងបរិវត្តកម្មឌីជីថល។ ចំណេះដឹង AI នឹងក្លាយជាឧបករណ៍ជំនួយដ៏មានតម្លៃក្នុងការគិត វិភាគ និងដោះស្រាយបញ្ហាជាក់លាក់ ដោយសារបច្ចេកវិទ្យានេះត្រូវបានអភិវឌ្ឍឡើងចេញពីការយកលំនាំតាមសមត្ថភាពខួរក្បាលរបស់មនុស្ស។

ដោយឡែក លោក ស៊ិន កុសល ប្រធានការិយាល័យយុវជន នៃមន្ទីរអប់រំ យុវជន និងកីឡាខេត្តសៀមរាប បានឱ្យដឹងថា កម្មវិធីនេះរៀបចំឡើងក្នុងគោលបំណងបណ្តុះស្មារតីយុវជនឱ្យក្លាហានក្នុងការបញ្ចេញមតិ ការស្រាវជ្រាវ និងការគិតបែបស៊ីជម្រៅ ព្រមទាំងផ្តល់ឱកាសដល់សិស្សានុសិស្សថ្នាក់ទី១០ មកពីបណ្តាវិទ្យាល័យ និងគ្រឹះស្ថានសិក្សានានាក្នុងខេត្ត បានចែករំលែកទស្សនៈ យល់ដឹងពីសង្គម និងដេញដោលដោយផ្អែកលើហេតុផល និងច្បាប់ ដើម្បីជ្រើសរើសក្រុមបេក្ខជនឆ្នើមតំណាងឱ្យខេត្ត ទៅចូលរួមប្រកួតប្រជែងក្នុងកម្មវិធីជជែកដេញដោលយុវជនថ្នាក់ជាតិនាពេលខាងមុខ។

សូមបញ្ជាក់ថាសម្រាប់ខ្លឹមសារនៃការប្រកួតរួមមាន៖
១. ការប្រកួតនិយាយជាសាធារណៈ «វោហារសព្ទឆ្នើម»
ធ្វើឡើងក្រោមប្រធានបទ «ចូលរួមជាមួយសហគមន៍ដើម្បីអភិវឌ្ឍទេសចរណ៍ក្នុងតំបន់» រួមមាន:
ប្រធានបទ «មន្តស្នេហ៍»
ប្រធានបទ «ឋានឱសថ»
ប្រធានបទ «ពេជ្រសុវណ្ណភូមិ»
ប្រធានបទ «ស្មារតី៣ប្រការ»
២. ការប្រកួតជជែកដេញដោលជាក្រុម (ក្រុមស្រប និងក្រុមបដិសេធ)
ធ្វើឡើងលើប្រធានបទចំនួន ២ រួមមាន៖
ប្រធានបទទី១៖ «ការហូរចូលនៃវប្បធម៌បរទេសតាមបណ្តាញសង្គម គឺជាបញ្ហាប្រឈមចម្បងដល់សិស្សនាពេលបច្ចុប្បន្ន»
ប្រធានបទទី២៖ «ចំពោះប្រទេសកំពុងអភិវឌ្ឍ យើងជាយុវជនត្រូវតែផ្តោតលើការសិក្សាវិជ្ជាជីវៈជាការប្រសើរ»៕SRP

អត្ថបទ និងរូបភាព : លោក ទ្រា ពន្លឺ
កែសម្រួល: លោក ហាំ ម៉េងហួត