ខេត្តសៀមរាបត្រៀមរៀបចំកម្មវិធី «សមរាត្រី Equinox Run» នាចុងកញ្ញា ដើម្បីជំរុញទេសចរណ៍ និងមនុស្សធម៌
សមរាត្រី ឬហៅថា Equinox តែងកើតមាន២ដង ក្នុងមួយឆ្នាំ នៅលើទឹកដីអង្គរ គឺនៅក្នុងខែមីនា ហៅថាសមរាត្រីរដូវប្រាំង និងខែកញ្ញា ហៅថាសមរាត្រីរដូវវស្សា ហើយសម្រាប់សមរាត្រីខែកញ្ញា ឆ្នាំ២០២៦នេះដែរ ខេត្តសៀមរាប នឹងរៀបចំកម្មវិធីពិសេសមួយអមនឹងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ គឺកម្មវិធី «សមរាត្រី Equinox Run» ដើម្បីផ្សព្វផ្សាយទេសចរណ៍ក្នុងខេត្តសៀមរាប ទៅកាន់ពិភពលោក តាមរយៈ “មនុស្សម្នាក់ ផ្សព្វផ្សាយទេសចរណ៍ម្នាក់” បង្ហាញពីសុខសុវត្ថិភាពរបស់ប្រទេសយើងទៅកាន់ពិភពលោក។
ក្នុងកិច្ចប្រជុំពិភាក្សាលើការរៀបចំកម្មវិធីនេះ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ លោក ង៉ូវ សេងកាក់ អភិបាលរងខេត្តសៀមរាប កម្មវិធីសមរាត្រី Equinox run នឹងរៀបចំឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ខាងមុខនេះ ស្របនឹងព្រឹត្តិការណ៍សមរាត្រី។ ព្រឹត្តិការណ៍នេះ ជាឱកាសយើងរួមគ្នាក្នុងការផ្សព្វផ្សាយសក្ដានុពលទេសចរណ៍នៅរដូវកាលបៃតង និងការបំផុសឱ្យបងប្អូនបានដឹងថា អង្គរបានផ្ដល់អត្ថប្រយោជន៍ជាច្រើនដល់យើង និងបង្ហាញពីបរិយាកាសរីករាយក្នុងព្រឹត្តិការណ៍សមរាត្រី ក៏ដូចជាការណាត់ជួបគ្នាដើម្បីបង្កើនមិត្តភាព បង្កើតការសាមគ្គីតាមរយៈកីឡា។
លោកអភិបាលរងខេត្ត បានណែនាំ និងជំរុញដល់ក្រុមដែលរៀបចំ ត្រូវសិក្សាឱ្យបានច្បាស់លាស់ក្នុងការរៀបចំព្រឹត្តិការណ៍នេះ ដើម្បីកុំឱ្យមានផលប៉ះពាល់ជាអវិជ្ជមានកើតឡើង។ ជាពិសេសគិតគូរពីសុខភាពរបស់អ្នកចូលរួម និងការរៀបចំសន្ដិសុខសណ្ដាប់ធ្នាប់ ក្នុងការធ្វើចរាចរណ៍នៅតាមដងផ្លូវរបស់បងប្អូនប្រជាពលរដ្ឋ នៅពេលកម្មវិធីព្រឹត្តការណ៍ចាប់ផ្ដើម ដើម្បីកាត់បន្ថយការកកស្ទះ។
លោកបានបញ្ជាក់ថា ព្រឹត្តការណ៍នេះនឹងរៀបចំឡើងនៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង៤ និង៣០នាទីព្រឹក ដោយរំពឹងថានឹងអ្នកមានអ្នកចូលរួមប្រមាណពី ៥ ០០០ ទៅ១ម៉ឺននាក់។ សម្រាប់អ្នកចូលរួមរត់ក្នុងព្រឹត្តិការណ៍នេះ អាចចូលរួមបរិច្ចាគថវិកា ដែលថវិកានេះក្រុមហ៊ុនរៀបចំ នឹងប្រគល់ជូនរដ្ឋបាលខេត្ត ដើម្បីរៀបចំក្នុងគោលបំណងរបស់កម្មវិធីគឺ “សុខភាព មនុស្សធម៌ និងទេសចរណ៍” ដោយអ្នកចូលរួមនឹងទទួលបានអាវយឺត និងស្លាកលេខដោយឥតគិតថ្លៃ៕SRP
អត្ថបទ៖ លោក អោត រត់
កែសម្រួល៖ លោក អ៊ុន ណារាជ្យ