អនុវិទ្យាល័យអរញ្ញរង្សី រៀបចំពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំសិក្សា២០២៦ ដើម្បីបង្ហាញពីសមិទ្ធផលនៃការកែច្នៃរបស់សិស្សានុសិស្សដែលអនុវត្តផ្ទាល់
ដើម្បីបង្ហាញពីសមិទ្ធផលនៃការកែច្នៃរបស់សិស្សានុសិស្សដែលសម្រេចបានពេញមួយឆ្នាំ តាមរយៈការអនុវត្តផ្ទាល់ នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦ អនុវិទ្យាល័យអរញ្ញរង្សី ស្រុកប្រាសាទបាគង ខេត្តសៀមរាប បានរៀបចំពិធីជួបជុំឪពុកម្ដាយ និងពិព័រណ៍ស្នាដៃសិស្សប្រចាំឆ្នាំសិក្សា២០២៦ ដែលជាឱកាសបង្កើតវេទិកាជាក់ស្ដែងជូនដល់សិស្សានុសិស្ស ដើម្បីអភិវឌ្ឍជំនាញទន់សមត្ថភាពរៀបចំផែនការ និងជំនាញទំនាក់ទំនងជាសាធារណៈឱ្យកាន់តែមានទំនុកចិត្ត។
លោក ព្រឿន ប្រុញ នាយកអនុវិទ្យាល័យអរញ្ញរង្សី បានបង្ហាញថា ដំណើរការរៀន និងបង្រៀនបច្ចុប្បន្ន ជាកម្មវិធីសាលារៀនជំនាន់ថ្មី គឺការសិក្សាតាមបែបស្ថាបនានិយម លោកគ្រូ អ្នកគ្រូប្រើវិធីសាស្ត្របង្រៀនចម្រុះ ដូចជាវិធីសាស្ត្រថ្នាក់រៀនត្រឡប់ វិធីសាស្ត្របែបរិះរក វិធីបែបសហការ វិធីសាស្ត្រ 5E ជាដើម ព្រមទាំងប្រើប្រាស់បច្ចេកវិទ្យាគាំទ្រដល់សកម្មភាពរៀនបង្រៀន ស្របតាមវិធីសាស្ត្រថ្មីក្នុងសតវត្សទី២១ ពិសេសគឺការសិក្សាបែបគម្រោង មានគម្រោងមូលដ្ឋាន ការសិក្សាអាស្រ័យលើគម្រោង និងក្លឹបសិក្សាជាដើម។ ជាស្ដែងក្នុងឆ្នាំនេះ មានគម្រោងមូលដ្ឋានដែលបានអនុវត្តគ្រប់មុខវិជ្ជាសរុបចំនួន ២៥១គម្រោង ដែលបានអនុវត្តកន្លងមក ដែលសិស្សបានបន្សល់ទុកជាស្នាដៃសម្រាប់តាំងបង្ហាញនាថ្ងៃនេះ។
លោកនាយកសាលាបានឱ្យដឹងថា កម្មវិធីនាពេលនេះដែរ ជាការជំរុញវប្បធម៌នៃការចែករំលែក បទពិសោធន៍ និងចំណេះដឹងរវាងសិស្ស មាតាបិតា និងលោកគ្រូអ្នកគ្រូ សំដៅបង្កើតបរិយាកាសមួយដែលសកម្ម និងប្រកបដោយនវានុវត្តន៍។ ជាពិសេសការបណ្ដុះគំនិត និងលើកទឹកចិត្តសិស្សឱ្យចូលរួមយ៉ាងសកម្មក្នុងការរៀនសូត្រ និងការបង្កើតថ្មី តាមរយៈការតាំងពិព័រណ៍ស្នាដៃរបស់សិស្សផ្ទាល់ និងពង្រឹងចំណងសាមគ្គីរវាងសាលា មាតាបិតា និងសហគមន៍ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសិស្សានុសិស្សឱ្យបានពេញលេញផងដែរ។
លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត បានបង្ហាញថា ក្រោមការដឹកនាំដោយ សម្ដេចធិបតី ហ៊ុន ម៉ាណែត ខេត្តសៀមរាបអាចទទួលបាននូវការសហការ និងគាំទ្រពីការអង្គការដៃគូរអភិវឌ្ឍ លើវិស័យអប់រំជាច្រើន ពិសេសអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា (Kape) ដែលបានជួយយកកម្មវិធីសាលារៀនជំនាន់ថ្មីមកអនុវត្ត ជាពិសេសនៅអនុវិទ្យាល័យអរញ្ញរង្សី ផ្ទាល់។ ក្នុងនាមរដ្ឋបាលខេត្ត លោកស្រីពិតជាមានសេចក្ដីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលកម្មវិធីសាលារៀនជំនាន់ថ្មី បានអនុវត្តនៅក្នុងខេត្តសៀមរាប។
លោកស្រីអភិបាលរងខេត្ត ក៏បានសូមអំពាវនាវដល់សហគមន៍ និងអាណាព្យាបាលទាំងអស់ ជួយយកចិត្តទុកដាក់ក្នុងការតាមដានការសិក្សារបស់កូនចៅ ពិសេសជួយគាំទ្រដល់កម្មវិធីសាលារៀនជំនាន់ថ្មី នៃអនុវិទ្យាល័យអរញ្ញរង្សី ដើម្បីឱ្យមានដំណើរការកាន់តែប្រសើរឡើងថែមទៀត ព្រោះថាដៃគូរអភិវឌ្ឍ និងសហគមន៍ ជាដៃគូរដែលមិនអាចខ្វះបានសម្រាប់អប់រំ។
ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុម រម្យណី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានវាយតម្លៃខ្ពស់ ចំពោះការរៀបចំរបស់សាលា ក្នុងការបង្ហាញនូវស្នាដៃប្រកបដោយភាពច្នៃប្រឌិតខ្ពស់របស់សិស្សានុសិស្ស និងការអភិវឌ្ឍថ្មីៗនៅក្នុងសាលារៀនជំនាន់ថ្មី។ ជាការពិត អនុវិទ្យាល័យអារញ្ញរង្សី បានកំពុងពង្រីកវិសាលភាពមកជាកម្រិតវិទ្យាល័យ ដើម្បីបម្រើផលប្រយោជន៍ការងារអប់រំបណ្តុះបណ្តាលធនធានមនុស្សក្នុងខេត្តសៀមរាបឱ្យកាន់តែប្រសើរឡើង។ ឯកឧត្តមបានជំរុញឱ្យសាលារៀនដទៃទៀត ក្នុងខេត្តសៀមរាបត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួន មកជាសាលារៀនជំនាន់ថ្មី ឱ្យបានកាន់តែច្រើន ដើម្បីការអប់រំប្រកបដោយគុណវុឌ្ឍិ៕SRP
អត្ថបទ៖ លោក អ៊ុន ណារាជ្យ