ដើម្បីសៀមរាបស្អាត បៃតង រដ្ឋបាលខេត្ត កំពុងអនុវត្តសកម្មភាពយ៉ាងសកម្មនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន

ដើម្បីសៀមរាបស្អាត បៃតង រដ្ឋបាលខេត្ត កំពុងអនុវត្តសកម្មភាពយ៉ាងសកម្មនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន
0

ដើម្បីសៀមរាបស្អាត បៃតង រដ្ឋបាលខេត្ត កំពុងអនុវត្តសកម្មភាពយ៉ាងសកម្មនូវយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន

រដ្ឋបាលខេត្តសៀមរាប ដែលមានមន្ទីរបរិស្ថានខេត្តជាសេនាធិការ រួមនឹងមន្ទីរអង្គភាព និងរដ្ឋបាលក្រុងស្រុង ឃុំសង្កាត់ជុំវិញខេត្ត បាននិងកំពុងអនុវត្តសកម្មភាពយ៉ាងសកម្ម និងបុរេសកម្ម លើការងារភាពស្អាត តាមរយៈយុទ្ធនាការសំខាន់ជាច្រើន រួមនឹងការតាមដានការអនុវត្តមុខងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជនដែលបានប្រគល់ជូនរដ្ឋបាលក្រុងស្រុក និងការកៀរគរធនធានពីដៃគូអភិវឌ្ឍក្នុងការងារគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន។

ក្នុងសិក្ខាសាលាពិគ្រោះយោបល់លើកទី១ ស្ដីពីការរៀបចំគោលនយោបាយជាតិអប់រំបរិស្ថាន ជាមួយអ្នកពាក់ព័ន្ធក្នុងខេត្តសៀមរាប ដែលរៀបចំដោយក្រសួងបរិស្ថាន នៅថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ លោក អ៊ឹង គឹមលាង អភិបាលរងខេត្ត មានប្រសាសន៍ថា សម្រាប់ការងារភាពបៃតង គ្រប់អ្នកពាក់ព័ន្ធបានអនុវត្តយុទ្ធនាការ «ពន្លកបៃតង» ដោយធ្វើការបណ្ដុះកូនឈើចម្រុះ និងកូនត្នោត សម្រាប់ជូនប្រជាពលរដ្ឋដោយមិនគិតថ្លៃ ការដាំស្ដារព្រៃឈើឡើងវិញ និងការតាមដានគុណភាពទឹកសាធារណៈ និងគុណភាពខ្យល់។

លោកបន្តថា ដើម្បីគាំទ្រដល់ការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ និងលិខិតបទដ្ឋានគតិយុត្តនានាឱ្យទទួលបានជោគជ័យ ខេត្តបាននិងកំពុងខិតខំប្រឹងប្រែងយ៉ាងសកម្មក្នុងការអនុវត្តយុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨ ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ចឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ ការអភិរក្ស និងការលើកកម្ពស់ការយល់ដឹង សំដៅផ្លាស់ប្ដូរផ្នត់គំនិត និងជំរុញការចូលរួមពីប្រជាពលរដ្ឋ និងពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីសៀមរាបស្អាត បៃតង និងចីរភាព។ រដ្ឋបាលខេត្ត ក៏សូមអរគុណដល់ក្រសួងបរិស្ថាន ដែលជានិច្ចកាលតែងតែគាំទ្រ ផ្ដល់សម្ភារ បច្ចេកទេស និងថវិកា ក្នុងការសម្អាតទីក្រុង ពិសេសការផ្ដល់ធុងសំរាមជូនរដ្ឋបាលខេត្តនាពេលថ្មីៗនេះ។

ឯកឧត្តម ឡេង ជីវិន អគ្គនាយក នៃអគ្គនាយកដ្ឋានចំណេះដឹង និងព័ត៌មានបរិស្ថាន បានបញ្ជាក់ថា សម្រាប់សិក្ខាសាលាដែលរៀបចំឡើងនេះដែរ គឺជាការពិនិត្យ និងពិភាក្សា ដើម្បីប្រមូលធាតុចូល លើសេចក្ដីព្រាង «គោលនយោបាយជាតិអប់រំបរិស្ថាន» ដែលជាមូលដ្ឋានគ្រឹះសម្រាប់ រៀបចំយុទ្ធសាស្ត្រ និងផែនការសកម្មភាពអប់រំ និងផ្សព្វផ្សាយចំណេះដឹង និងជំនាញបរិស្ថានដល់ប្រជាពលរដ្ឋខ្មែរផងដែរ។

ឯកឧត្តម អ៊ាត សីលា រដ្ឋលេខាធិការក្រសួងបរិស្ថាន មានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ បានដាក់ចេញនូវកម្មវិធីនយោបាយ សម្រាប់ការកសាង និងការការពារមាតុភូមិ ឆ្នាំ២០២៣-២០២៨ និងដាក់ចេញនូវយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ ឆ្នាំ២០២៣-២០២៨ ដើម្បីកំណើនសេដ្ឋកិច្ច បង្កើតការងារ ធានាសមធម៌ បង្កើនប្រសិទ្ធភាព និងរក្សាចីរភាព។ ជាមួយគ្នានេះ ការកែទម្រង់ការងារគ្រប់គ្រងធនធានធម្មជាតិ និងបរិស្ថាន ជាការងារអាទិភាពមួយក្នុងចំណោមការងារអាទិភាពរបស់រាជរដ្ឋាភិបាល ដែលមានក្រសួងបរិស្ថានដឹកនាំអនុវត្ត រួមមាន៖ ការកាត់បន្ថយការបំពុល បរិស្ថាន ការពង្រឹងការគ្រប់គ្រងតំបន់ការពារធម្មជាតិ ការអប់រំផ្សព្វផ្សាយនិងការប្រែប្រួលអាកាសធាតុ ការធ្វើទំនើបកម្មរដ្ឋបាលនិងហិរញ្ញវត្ថុប្រកបដោយចីរភាព និងការលើកកម្ពស់ការទូតបៃតងជាដើម៕SRP

អត្ថបទ៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ