ស្នងការខេត្តសៀមរាប បញ្ជាឲ្យមន្ត្រីបន្តពង្រឹងសន្តិសុខសណ្ដាប់ធ្នាប់និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ
ខេត្តសៀមរាប៖លោកឧត្ដមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្ដសៀមរាប បានធ្វើការបូកសរុប វាយតម្លៃ និងពិនិត្យលទ្ធផលការងារ ដែលសម្រេចបានក្នុងការអនុវត្តភារកិច្ចរក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម ក្នុងរយៈពេលកន្លងមក ព្រមទាំងលើកឡើងពីបញ្ហាប្រឈម និងចំណុចខ្វះខាតមួយចំនួន ដើម្បីធ្វើការកែលម្អ និងបង្កើនប្រសិទ្ធភាពការងារឱ្យកាន់តែប្រសើរឡើង។
លោកឧត្តមសេនីយ៍ទោរូបនេះក៏បានដាក់ចេញនូវបទបញ្ជាទិសដៅ និងវិធានការសំខាន់ៗ សម្រាប់អនុវត្តបន្ត ដោយផ្តោតលើការពង្រឹងការងារសន្តិសុខ ការរក្សាសណ្ដាប់ធ្នាប់សាធារណៈ ការបង្ការ និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ ការពង្រឹងសុវត្ថិភាពចរាចរណ៍ ការប្រយុទ្ធប្រឆាំងគ្រឿងញៀន បទល្មើសរំលោភសេពសន្ថវៈ និងបទល្មើសពាក់ព័ន្ធ ព្រមទាំងការបង្កើនការចុះមូលដ្ឋាន ដើម្បីបម្រើ និងការពារសុវត្ថិភាពជូនប្រជាពលរដ្ឋឱ្យបានកាន់តែមានប្រសិទ្ធភាព។
បន្ថែមលើនោះផងដែរ លោកឧត្តមសេនីយ៍ទោ ស្នងការ ក៏បានណែនាំដល់ថ្នាក់ដឹកនាំ និងមន្ត្រីនគរបាលគ្រប់អង្គភាពជំនាញ និងអធិការដ្ឋាននគរបាលក្រុង-ស្រុក ត្រូវបន្តពង្រឹងស្មារតីទទួលខុសត្រូវ គោរពវិន័យ ក្រមសីលធម៌វិជ្ជាជីវៈ និងអនុវត្តតួនាទីភារកិច្ចដោយម៉ឺងម៉ាត់ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាព ដើម្បីធានាបាននូវសន្តិសុខ សណ្ដាប់ធ្នាប់ និងសុវត្ថិភាពសង្គម ជូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរនៅក្នុងខេត្តសៀមរាប។
លោកឧត្តមសេនីយ៍ទោ ហួត សុធី មានប្រសាសន៍បែបនេះ ក្នុងឱកាសដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ប្រចាំខែសីហា ប្រចាំ៩ខែដើមឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត របស់ស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២៦។
ការដឹកនាំកិច្ចប្រជុំនេះនៅសាលប្រជុំស្នងការដ្ឋាននគរបាលខេត្ត ដោយអនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដោយបានការអញ្ជើញចូលរួមពី លោក-លោកស្រីស្នងការរងទាំងអស់ អង្គភាពនគរបាលការពារបេតិកភណ្ឌ អង្គភាពនគរបាលទេសចរណ៍ លោកនាយការិយាល័យទាំង៣៣ លោកអធិការនគរបាលក្រុង-ស្រុកទាំង១៣ ប្រធានមជ្ឈមណ្ឌលស្តារនីតិសម្បទា អ្នកញៀនគ្រឿងញៀន លោក-លោកស្រីអធិការរង ទទួលផែនការងារសេនាធិការ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង១០០ និងលោកនាយប៉ុស្តិ៍គោលដៅការពារបេតិកភណ្ឌទាំង៦ផងដែរ៕SRP