អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការចូលរួមពីវិស័យសាសនា ជាសកម្មភាពអាទិភាពខ្ពស់មួយក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការចូលរួមពីវិស័យសាសនា ជាសកម្មភាពអាទិភាពខ្ពស់មួយក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស
0

អាជ្ញាធរខេត្តសៀមរាប ចាត់ទុកការចូលរួមពីវិស័យសាសនា ជាសកម្មភាពអាទិភាពខ្ពស់មួយក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស

គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានកំណត់យកការចូលរួមពីវិស័យសាសនា ជាអាទិភាពខ្ពស់មួយក្នុងចំណោមសកម្មភាពបង្ការទប់ស្កាត់ ដែលជាយុទ្ធសាស្ត្រចម្បងក្នុងការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស។ នេះជាការលើកឡើងរបស់ លោកស្រី ម៉ននី រង្សី អភិបាលរងខេត្ត និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ខេត្តសៀមរាប (គ.ខ.ប.ជ) ក្នុងទិវាជាតិអន្តរសាសនាប្រឆាំងការជួញដូរមនុស្សលើកទី១០ ក្រោមប្រធានបទ «គ្រប់សាសនានៅកម្ពុជារួមគ្នាបង្ការ ទប់ស្កាត់អំពើជួញដូរមនុស្ស និងឧក្រិដ្ឋកម្មតាមប្រព័ន្ធបច្ចេកវិទ្យា» នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៦នេះ។

លោកស្រី ម៉ននី រង្សី បានបង្ហាញថា ព្រះធម៌ជាថ្នាំបន្សាបដ៏ត្រជាក់ និងជាដំណោះស្រាយដ៏មានឥទ្ធិពល អាចបង្ក្រាបបាននូវភាពពិសពុលនៃអំពើអាក្រក់ ចិត្តមារ ចិត្តបាបរបស់មនុស្ស អាចទប់ស្កាត់រាល់សកម្មភាពបទល្មើស រួមទាំងអំពើជួញ ដូរមនុស្ស និងអំពើអសីលធម៌ដទៃទៀតមិនឱ្យកើតឡើង និងឱ្យរលាយសាបសូន្យបានដរាបណាជនទាំងឡាយអាចត្រងត្រាប់ និងប្រតិបត្តិតាមព្រះធម៌បាន។ ដូច្នេះការប្រឹងប្រែងរបស់គ្រប់សាសនា គឺព្យាយាមធ្វើយ៉ាងណាឱ្យព្រះធម៌បានជ្រួតជ្រាបទៅក្នុងជវនចិត្តរបស់មនុស្ស ឱ្យយល់ដឹងកាន់តែច្បាស់អំពីខ្លឹមសារនៃព្រះធម៌ ដែលមានគោលដៅធ្វើឱ្យមានសេចក្តីសុខសម្រាប់មនុស្សគ្រប់រូប។

លើសពីនេះ ការអប់រំចិត្តធ្វើឱ្យមនុស្សគ្រប់វ័យ គ្រប់ភេទ គ្រប់ស្ថានភាព គ្រប់ឋានានុក្រម មានសតិនឹងន រឹងមាំ មិនជឿតាមកលល្បិចបោកបញ្ឆោតរបស់ជនល្មើស ដែលព្យាយាមអូស ទាញតាមគ្រប់មធ្យោបាយ និងចេះការពារខ្លួនមិនឱ្យធ្លាក់ចូលក្នុងភាពរងគ្រោះដោយជឿតាមការបង្គាប់បញ្ជារបស់ ឧក្រិដ្ឋជន។ បើមនុស្សគ្មានសតិដាស់តឿនខ្លួនឱ្យភ្ញាក់រលឹកជារឿយៗទេ មនុស្សទាំងឡាយ អាចលង់ខ្លួនតាមការ អូសទាញ ឱ្យឈានទៅប្រព្រឹត្តបទល្មើស បំផ្លាញអ្នកដទៃ ឬក្លាយជាអ្នករងគ្រោះដោយខ្លួនឯងដោយមិនដឹងខ្លួន។

លោកស្រីមានប្រសាសន៍ថា ទិវាជាតិអន្តរសាសនា ២០ សីហា ឆ្នាំ២០២៦នេះ គឺជាការបង្ហាញនូវឆន្ទៈរួមគ្នា រវាងវិស័យអាណាចក្រ និងវិស័យសាសនា ដោយភាពជឿជាក់ទៅលើព្រះធម៌ ដែលបានទូន្មានប្រៀនប្រដៅឱ្យមនុស្សចេះរស់នៅជាមួយគ្នាដោយសុខសាន្ត ធ្វើនូវអំពើល្អរវាងគ្នា មិនឈ្នានីស ព្យាបាទគ្នា ផ្តល់មេត្តា ករុណាដល់គ្នា ជួយដល់អ្នកដែលជួបការលំបាក។ ព្រះធម៌ទាំងអស់ ជាទ្រឹស្តីទស្សនវិជ្ជាដ៏ត្រឹមត្រូវសម្រាប់ធ្វើឱ្យមនុស្សមានសេចក្ដីសុខ។ លោកស្រីបានថ្លែងអំណរគុណដល់អ្នកពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមសហការរៀបចំទិវានេះឡើង។

លោកស្រីបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តធ្វើការបោសសម្អាត បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាពីកម្ពុជា ព្រោះវាបានបង្កើតឱ្យមានភាពប្រទាក់ក្រឡាជាមួយបទល្មើសជាច្រើនទៀត រួមទាំងអំពើជួញដូរមនុស្សផង។ ទោះបីជាយ៉ាងនេះក្តី ដើម្បីឱ្យសម្រេចបានតាមគោលដៅគ្រោងទុក យើងទាំងអស់គ្នា ត្រូវតែរួមគ្នាជាធ្លុងមួយគាំទ្រ និងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងផ្ដន្ទាទោសជនល្មើស ផ្តល់កិច្ចគាំពារជនរងគ្រោះឱ្យបានសមស្រប និងវិធានការដទៃទៀត ឱ្យទទួលបានប្រសិទ្ធភាពខ្ពស់។ ក្នុងនាមជាប្រជាពលរដ្ឋចាំបាច់ណាស់ ដែលជួយតាមដាន និងរាយការណ៍ករណីសង្ស័យដើម្បីធ្វើការដោះស្រាយទាន់ពេលវេលាពោលគឺ កុំលាក់ជនល្មើស កុំចូលរួមប្រព្រឹត្តបទល្មើស កុំគាំទ្រសកម្មភាពជនល្មើស និងត្រូវរាយការណ៍ពីករណីសង្ស័យឱ្យបានទាន់ពេលវេលា៕SRP

អត្ថបទ៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ