ដាំដើមក្ងោក ២៥០០ដើម តាមដងផ្លូវបេតុង “ភ្នំពេជ្រ” ក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ

ដាំដើមក្ងោក ២៥០០ដើម តាមដងផ្លូវបេតុង “ភ្នំពេជ្រ” ក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ
0

ដាំដើមក្ងោក ២៥០០ដើម តាមដងផ្លូវបេតុង “ភ្នំពេជ្រ” ក្នុងភូមិសាស្ត្រសង្កាត់ជ្រាវ

ខេត្តសៀមរាប៖លោក លី សារី អភិបាលរងខេត្តសៀមរាប នៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ បានចូលរួមដាំកូនឈើក្ងោកចំនួន ២ ៥០០ដើម តាមបណ្ដោយដងផ្លូវបេតុង “ភ្នំពេជ្រ” ស្ថិតក្នុងភូមិវាល សង្កាត់ជ្រាវ ក្រុងសៀមរាប ដោយរៀបចំ និងឧបត្ថម្ភដោយភោជនីយដ្ឋាន ឡាហ្គូន និងមានការសហការចូលរួមដាំពីភោជនីយដ្ឋាន តាវ៉ឺន សៀមរាប និងភោជនីយដ្ឋាន ឈូកមាស ដោយមានការអញ្ជើញចូលរួមតំណាងមន្ទីរបរិស្ថាន អាជ្ញាធរសង្កាត់ជ្រាវ រួមនិងប្រជាការពារ។

លោក លី សារី អភិបាលរងខេត្ត មានប្រសាសន៍ថា ដើមឈើមានតួនាទីសំខាន់ណាស់ ក្នុងការជួយលើកកម្ពស់ភាពបៃតងក្នុងមូលដ្ឋាន ក៏ដូចជាបង្កើនភាពទាក់ទាញដល់ភ្ញៀវទេសចរថែមទៀតផង។ ក្រៅពីនេះព្រៃឈើក៏បានផ្ដល់នូវសេវាកម្ម និងជួយគាំពារផ្នែកបរិស្ថានជាច្រើនទៀត ដូចជាការការពារទីជម្រាល ទប់ស្កាត់ការហូរច្រោះដី ការធ្វើឱ្យប្រសើរឡើងនៃគុណភាពដី កាត់បន្ថយបម្រែបម្រួលអាកាសធាតុ។ ចំពោះការដាំកូនឈើតាមដងផ្លូវក្នុងក្រុងសៀមរាបនេះ នឹងជួយលើកកម្ពស់សោភ័ណភាព បរិស្ថានល្អ បង្កើនភាពស្រស់ស្អាត និងទេសភាពបៃតងតាមដងផ្លូវផងដែរ។

លោក លី សារី បានបញ្ជាក់ទៀតថា ការដាំកូនក្ងោកនាពេលនេះ ទៅថ្ងៃខាងមុខវានឹងលូតលាស់ និងមានផ្កាទៅតាមរដូវកាល ដែលធ្វើឱ្យទីក្រុងប្រវត្តិសាស្ត្រមួយនេះ មានសម្រស់គ្រប់រដូវកាល។ ជាមួយគ្នានេះ លោកសូមឱ្យបងប្អូនប្រជាពលរដ្ឋ និងបណ្តាក្រុមហ៊ុនទាំងអស់ ដែលនៅអមសងខាងផ្លូវសូមចូលរួមថែទាំ ស្រោចទឹក ដាក់ជី ចំពោះដើមឈើដែលមាននៅមុខគេហដ្ឋាន ឬក្រុមហ៊ុនរបស់ខ្លួន ដើម្បីឱ្យដើមឈើទាំងនោះលូតលាស់បានល្អ ដើម្បីបង្កើនសោភ័ណភាព កាត់បន្ថយការកើនឡើងកម្ដៅក្នុងទីក្រុង ព្រមទាំងធ្វើក្រុងប្រែក្លាយជាក្រុងបៃតង។

លោកអភិបាលរងខេត្ត បានអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ មន្ត្រីរាជការ និងសិស្សនិស្សិត ប្រជាពលរដ្ឋ និងវិស័យឯកជន ក្រុមហ៊ុន អង្គការក្រៅរដ្ឋាភិបាល ចូលរួមដាំដើមឈើឱ្យបានច្រើននៅតាមវត្តអារាម ដងផ្លូវសាធារណៈ ដើម្បីជាផលប្រយោជន៍ដល់ខ្លួនឯង ក៏ដូចជាមនុស្សជាតិទាំងមូល ស្របតាមគោលការណ៍របស់រាជរដ្ឋាភិបាល៕SRP អត្ថបទ៖ លោក ធន់ ពូថេ
កែសម្រួល៖ លោក អ៊ុន ណារាជ្យ