ភ្លើងប្រចណ្ឌ បាញ់មិត្តភក្តិប្រពន្ធជាមុន ដោយយល់ថាតែងតែបង្ខំឱ្យប្រពន្ធខ្កួនលែងលះ និងបំបែកបំបាក់គ្រួសារ ហើយបាញ់ប្រពន្ធតាមក្រោយ
ខេត្តបាត់ដំបង៖ជនសង្ស័យឈ្មោះ ឈុន ពៅ ហៅ អូន ភេទ ប្រុស អាយុ ៥១ ឆ្នាំ ទីលំនៅភូមិស្វាយធំ ឃុំបឹងរាំង ស្រុកកំរៀង បានសារភាពថា ខ្លួនពិតជាបានប្រើអាវុធខ្លីបាញ់ប្រហារលើជនរងគ្រោះទាំង ០២នាក់ ដោយផ្ដើមចេញពីភ្លើងប្រចណ្ឌ និងកំហឹង (បាញ់មិត្តភក្តិប្រពន្ធមុន ដោយយល់ថានារីរងគ្រោះតែងតែបង្ខំឱ្យប្រពន្ធលែងលះ និងបំបែកបំបាក់គ្រួសារ បន្ទាប់មកបាញ់ប្រពន្ធខ្លួន) ហើយអាវុធខ្លីនេះ ជនសង្ស័យទិញពីប្រទេសថៃ ដោយគ្មានលិខិតស្នាមត្រឹមត្រូវនោះទេ។
សូមជម្រាបថា កាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២៦ វេលាម៉ោងប្រហែល ១៥:០០ នាទី រសៀល នៅចំណុចភូមិទួលធ្នង់ ឃុំកន្ទឺ១ ស្រុកបាណន់ ខេត្តបាត់ដំបង មានករណី ឃាតកម្ម បាញ់សម្លាប់ បណ្ដាលឱ្យស្ត្រី ០២នាក់ ស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង រួមមាន៖ ឈ្មោះ ប៊ុនណា សុគន្ធី ភេទ ស្រី អាយុ ៣៦ ឆ្នាំ ( ត្រូវជាប្រពន្ធជនសង្ស័យ ) និងឈ្មោះ នេត ដានី ភេទ ស្រី អាយុ ៣៥ ឆ្នាំ ( ត្រូវជាមិត្តភក្តិរបស់ប្រពន្ធជនសង្ស័យ )។
សមត្ថកិច្ចបានប្រាប់ថា បន្ទាប់ពីកើតហេតុ ជនសង្ស័យបានបើករថយន្តគេចខ្លួន លុះដល់វេលាម៉ោងប្រហែល ១៦:៤០ នាទី ថ្ងៃដដែល ជនសង្ស័យឈ្មោះ ឈុន ពៅ ហៅ អូន ភេទ បានបើករថយន្តទៅដល់ស្រុកកំរៀង ឃើញសមត្ថកិច្ចដាក់ពង្រាយច្រើន និងដឹងថាគេចមិនរួច ក៏ចូលប្រគល់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកកំរៀងតែម្ដង។
សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ – អាវុធខ្លី ០១ដើម ម៉ាក SIG SAUER P365 ពណ៌ខ្មៅ បង់ ០២ និងគ្រាប់ ១៥គ្រាប់ ព្រមទាំងរថយន្ត ០១គ្រឿង ម៉ាក TOYOTA HIGHLANDER ពណ៌ទឹកប្រាក់ ផលិតឆ្នាំ២០០២ ស្លាកលេខ ភ្នំពេញ 2K-4545។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងត្រូវបានការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមច្បាប់៕SRP