មន្ទីរបរិស្ថានខេត្តព្រះវិហារ ផ្អាកសកម្មភាព កុមារហ្វាម ជាបន្ទាន់ ក្រោយរកឃើញបានកាន់កាប់ផ្ទៃដីក្នុងតំបន់ការពារធម្មជាតិរាប់រយហិកតា

មន្ទីរបរិស្ថានខេត្តព្រះវិហារ ផ្អាកសកម្មភាព កុមារហ្វាម ជាបន្ទាន់ ក្រោយរកឃើញបានកាន់កាប់ផ្ទៃដីក្នុងតំបន់ការពារធម្មជាតិរាប់រយហិកតា
0

មន្ទីរបរិស្ថានខេត្តព្រះវិហារ ផ្អាកសកម្មភាព កុមារហ្វាម ជាបន្ទាន់ ក្រោយរកឃើញបានកាន់កាប់ផ្ទៃដីក្នុងតំបន់ការពារធម្មជាតិរាប់រយហិកតា

ខេត្តព្រះវិហារ៖មន្ទីរបរិស្ថានខេត្តព្រះវិហារ បានចាត់វិធានការចំពោះមុខ ដោយតម្រូវឱ្យម្ចាស់ទីតាំង កុមារហ្វាម ផ្អាកជាបន្ទាន់នូវរាល់សកម្មភាពនានា ដែល ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ ដោយគ្មានការអនុញ្ញាត។ មន្ទីរបរិស្ថានខេត្ត ចាត់វិធានការ តាមនីតិវិធីច្បាប់ចំពោះការកាន់កាប់ដី ក្នុងតំបន់ការពារធម្មជាតិ និងធ្វើការដកហូតយកផ្ទៃដី ក្នុងតំបន់ការពារធម្មជាតិនោះ មកគ្រប់គ្រងជាសម្បត្តិរដ្ឋវិញផងដែរ។

មន្ទីរបរិស្ថានខេត្តព្រះវិហារ បានចាត់ឱ្យមន្រ្តីជំនាញ ចុះអនុវត្តវិធានការច្បាប់ បន្ទាប់ពីទទួលបានសេចក្តីរាយការណ៍ ជុំវិញករណីកាន់កាប់ដីធ្លីមួយកន្លែង ស្ថិតនៅភូមិស្រយ៉ង់ត្បូង ឃុំស្រយ៉ង់ ស្រុកគូលែន។

មន្ទីរបរិស្ថានខេត្តព្រះវិហារបានបន្តថា នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារ ដឹកនាំដោយ លោក នង វុទ្ធា អនុប្រធានការិយាល័យ ទទួលបន្ទុកដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក បានដឹកនាំមន្ត្រីឧទ្យានុរក្សចំនួន ០៣រូប ដោយមានការ ចូលរួមពីក្រុមប្រឹក្សាឃុំ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំស្រយ៉ង់ និងអនុប្រធានភូមិស្រយ៉ង់ត្បូង ចុះពិនិត្យទីតាំង “កុមារហ្វាម” ដែលកំពុងកាន់កាប់ដី ទំហំសរុបប្រមាណជាង ៤០០ហិកតា ដែលមួយផ្នែកស្ថិតក្នុងតំបន់ការពារធម្មជាតិ និងមួយផ្នែក ទៀតនៅក្រៅតំបន់ការពារ។

មន្ទីរបរិស្ថានខេត្តព្រះវិហារបានបញ្ជាក់ថា នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ដោយទទួល បានការអនុញ្ញាតពី ឯកឧត្តមព្រះរាជអាជ្ញាអមសាលាដំបូងខេត្តព្រះវិហារ លោក មាស ញឹម អនុប្រធាន មន្ទីរបរិស្ថានខេត្ត បានចូលរួមកិច្ចប្រជុំ ជាមួយរដ្ឋបាលស្រុកគូលែន ដឹកនាំដោយ លោក ប៉ែន ជឹង អភិបាលស្រុកគូលែន និងមានការចូលរួម ពីតំណាងអធិការដ្ឋាននគរបាលស្រុក មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថស្រុក និងមន្ត្រីរាជការព្រមទាំងតំណាងម្ចាស់ដីទាំង ២០គ្រួសារ នៃកសិដ្ឋាន«កុមារហ្វាម»។

កិច្ចប្រជុំនេះជាលទ្ធផល កសិដ្ឋានខាងលើ បានកាន់កាប់ផ្ទៃដីស្ថិតក្នុងតំបន់ការពារធម្មជាតិមានទំហំ ២៣៦,៩១ហិកតា ដោយមានការកសាងទំនប់ទឹក ធ្វើស្រែសរីរាង្គ និងមានការចតគ្រឿងចក្រចំនួន ០៨គ្រឿងផងដែរ។

សូមបញ្ជាក់ថា យោងអនុក្រឹត្យលេច១៧៦ អនក្រ.បក ចុះថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៣ ដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក ត្រូវបានបង្កើតឡើងនិងមានផ្ទៃដីទំហំ ៥១,៧៣០ ហិកតា៕SRP