អភិបាលខេត្តបាត់ដំបង ណែនាំដល់មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ ពន្លឿនការតភ្ជាប់បណ្ដាញអគ្គិសនី ប្រព័ន្ធទឹកភ្លើង រៀបចំប៉ុស្តិ៍សុខភាព វត្តអារាម និងសាលារៀនដើម្បីសម្រួលដល់ការរស់នៅរបស់អតីតយុទ្ធជន និងក្រុមគ្រួសារ
ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជាខេត្តបាត់ដំបងបានណែនាំដល់មន្ទីរជំនាញ និងអង្គភាពពាក់ព័ន្ធ ពន្លឿនការតភ្ជាប់បណ្ដាញអគ្គិសនី ប្រព័ន្ធទឹកភ្លើង រៀបចំប៉ុស្តិ៍សុខភាព វត្តអារាម និងសាលារៀនដើម្បីសម្រួលដល់ការរស់នៅរបស់អតីតយុទ្ធជន និងក្រុមគ្រួសារ។
ឯកឧត្តមសុខ លូ ណែនាំយ៉ាងដូច្នេះក្នុងឱកាស
ដឹកនាំកិច្ចប្រជុំពន្លឿនការរៀបចំផ្ដល់សេវាជូនអតីតយុទ្ធជនរស់នៅលើដីសម្បទានសង្គមកិច្ចក្នុងស្រុកគាស់ក្រឡ។
កិច្ចប្រជុំនេះធ្វើឡើងនៅថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាខេត្តបាត់ដំបង។
ក្នុងឱកាសនោះឯកឧត្តម មានប្រសាសន៍ថា អតីតយុទ្ធជនមានគុណបំណាច់ដ៏ធំធេងមិនអាចកាត់ថ្លៃ បានលះបង់សាច់ស្រស់ឈាមស្រស់ និងធ្វើពលីកម្មគ្រប់បែបយ៉ាងក្នុងបុព្វហេតុរំដោះប្រទេសជាតិ ប្រជាជនឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុល ពត ធ្វើឱ្យប្រទេសកម្ពុជាមានសុខសន្តិភាព និងមានការអភិវឌ្ឍរីកចម្រើនរហូតដល់សព្វថ្ងៃ។ក្នុងន័យនេះឯកឧត្តមបានជំរុញដល់អាជ្ញាធរ មន្ទីរ អង្គភាពត្រូវបន្តយកចិត្តទុកដាក់ដោះស្រាយរាល់ការលំបាកជូនអតីតយុទ្ធជន។
ឯកឧត្តម ក្រើនរំឭកដល់ក្រុមការងារត្រូវចុះជំរុញឱ្យអតីតយុទ្ធជនបង្កើនការដាំដុះ និងចិញ្ចឹមសត្វដើម្បីផ្គត់ផ្គង់ជីវភាពរស់នៅប្រចាំថ្ងៃព្រមទាំងបង្កើនការដាំដើមឈើនៅតាមខ្នងផ្ទះដើម្បីលើកកម្ពស់សោភ័ណភាពបរិស្ថាន។
សូមបញ្ជាក់ថា ខេត្តបាត់ដំបងមានដីសម្បទានសង្គមកិច្ចសម្រាប់អតីតយុទ្ធជន និងនិវត្តជនចំនួន២ទីតាំង ដែលត្រូវបានរៀបចំឡើងនៅក្នុងស្រុកគាស់ក្រឡ គឺទីតាំងទី១ ស្ថិតនៅភូមិព្រៃសិន ឃុំឆ្នាល់មាន់ មានអតីតយុទ្ធជន និងនិវត្តជនចំនួន៣០០គ្រួសារបានចូលរស់នៅ និងទីតាំងទី២ ស្ថិតនៅភូមិគោករកា ឃុំដូនបាមានអតីតយុទ្ធជន និងនិវត្តជនចំនួន១៨៤គ្រួសារបានចូលរស់នៅ៕SRP