តុលាការខេត្តតាកែវ ចេញដីកាបង្គាប់ឱ្យអភិបាលរងស្រុកបាទី ចូលខ្លួនបំភ្លឺករណី«រំលោភលើទំនុកចិត្ត»
តំណាងអយ្យការអមសាលាដំបូងខេត្តតាកែវ បានចេញដីកាកោះហៅឈ្មោះ ឡោ ជំនិត អភិបាលរងស្រុកបាទី ឱ្យចូលខ្លួនមកកាន់សាលាដំបូងខេត្តតាកែវ ដើម្បីសាកសួរដេញដោលជុំវិញបណ្តឹងព្រហ្មទណ្ឌពីបទ «រំលោភលើទំនុកចិត្ត» ដែលបានកើតឡើងនៅក្នុងក្រុងដូនកែវ។
តាមដីកាកោះផ្លូវការរបស់សាលាដំបូងខេត្តតាកែវ ដែលមានការបង្ហោះផ្សព្វផ្សាយជាសាធារណៈ នៅថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ ថា ជនសង្ស័យមានឈ្មោះ ឡោ ជំនិត ភេទប្រុស កើតថ្ងៃទី១៨ ខែសីហា ឆ្នាំ១៩៧៨ ជនជាតិខ្មែរ មានអាសយដ្ឋានបច្ចុប្បន្នស្ថិតនៅ ភូមិស្មៅខ្ចី ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ។
ក្នុងដីការបានបញ្ជាក់ថា ជនសង្ស័យឈ្មោះ ឡោ ជំនិត ត្រូវចូលខ្លួនមកកាន់អយ្យការអមសាលាដំបូងខេត្តតាកែវ នៅថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៦ វេលាម៉ោង ៩:៣០ នាទីព្រឹក ដើម្បីឆ្លើយបំភ្លឺលើអង្គហេតុ៖ «រំលោភលើទំនុកចិត្ត» នៅចំណុចភូមិស្នោរ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ កាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ តាមបណ្តឹងរបស់ឈ្មោះ ដួង ស្រីលក្ខណ៍»។
សៀមរាប ប៉ុស្តិ៍ មិនទទួលបានការបំភ្លឺពី លោកឡោ ជំនិត អភិបាលរងស្រុកបាទី ជុំវិញករណីនេះនៅឡើយទេគិតត្រឹមម៉ោងផ្សាយនេះ៕SRP