ប្រធានថ្មីមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ប្ដេជ្ញាពង្រឹងគុណភាពសេវាសុខាភិបាល និងលើកកម្ពស់ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីផ្ដល់សេវាជូនប្រជាពលរដ្ឋដោយគ្មានការរើសអើង
ក្នុងន័យដើម្បីលើកកម្ពស់ប្រសិទ្ធភាពការងារ និងគុណភាពនៃការផ្ដល់សេវាថែទាំសុខភាពជូនប្រជាពលរដ្ឋឱ្យកាន់តែល្អប្រសើរ លោកស្រី លាក់ ឡាំលាវ ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដែលទើបប្រកាសចូលកាន់មុខតំណែង បានការប្ដេជ្ញាចិត្តយ៉ាងមុតមាំលើការងារស្នូរសំខាន់ៗ ដែលផ្តោតលើការគោរពច្បាប់ ការពង្រឹងជំនាញ ការបម្រើអ្នកជំងឺដោយក្តីមេត្តាធម៌ និងគ្មានការរើសអើង។
លោកស្រី លាក់ ឡាំលាវ បានបង្ហាញថា ដើម្បីធានាបាននូវការផ្តល់សេវាប្រកបដោយស្តង់ដារ មន្ទីរពេទ្យនឹងពង្រឹងសមត្ថភាពក្រុមគ្រូពេទ្យ តាមរយៈការបណ្តុះបណ្តាលជំនាញបច្ចេកទេសថ្មីៗ គោលដៅចម្បងគឺការផ្តល់សេវាដោយភាពទន់ភ្លន់ លុបបំបាត់រាល់ការរើសអើងទាំងស្រុង ដោយមិនប្រកាន់ថាអ្នកជំងឺប្រើប្រាស់បណ្ណ ប.ស.ស. ឬមូលនិធិសមធម៌ឡើយ។ ការបន្តអនុវត្តពាក្យស្លោក “មិនទុកឱ្យអ្នកជំងឺណាម្នាក់ត្រូវបានមើលរំលងឡើយ” ដោយគ្រូពេទ្យទាំងអស់នឹងខិតខំផ្តល់សេវាពិនិត្យ ព្យាបាល និងថែទាំ ឱ្យបានឆាប់រហ័សទាន់ពេល ប្រកបដោយកិត្តិយស និងមេត្តាធម៌។
លោកស្រីថា មន្ទីរពេទ្យក៏នឹងបន្តពង្រឹងការគ្រប់គ្រងការប្រចាំការ និងសង្គ្រោះបន្ទាន់នឹងត្រូវបានពង្រឹងឱ្យមានប្រសិទ្ធភាពខ្ពស់ ដោយដាច់ខាតមិនឱ្យមានការធ្វេសប្រហែសឡើយ។ ជាពិសេសជំរុញការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងមន្ទីរពេទ្យបែបឌីជីថល ដើម្បីគ្រប់គ្រងឯកសារអ្នកជំងឺ និងដំណើរការការងារឱ្យកាន់តែរហ័សថែមទៀត។
ក្នុងឱកាសនោះ លោក ព្រឹម រដ្ឋា អភិបាលរងខេត្ត បានជំរុញដល់មន្ត្រីរាជការ និងបុគ្គលិកសុខាភិបាលគ្រប់ជាន់ថ្នាក់ ត្រូវរក្សាសាមគ្គីភាពផ្ទៃក្នុង និងសហការគ្នាឱ្យបានជិតស្និទ្ធ ដើម្បីជាកម្លាំងចលករក្នុងការអភិវឌ្ឍមន្ទីរពេទ្យឱ្យកាន់តែរីកចម្រើន។ ព្រមជាមួយគ្នានេះ ត្រូវបន្តអនុវត្តតាមគោលការណ៍ណែនាំរបស់ក្រសួងសុខាភិបាល មន្ទីរសុខាភិបាលខេត្ត និងរដ្ឋបាលខេត្តសៀមរាប ដោយស្មារតីបុរេសកម្ម ដើម្បីផ្តល់សេវាសុខាភិបាលដ៏ល្អប្រសើរជូនប្រជាពលរដ្ឋ។
លោកអភិបាលរងខេត្ត មានប្រសាសន៍ថា វិស័យសុខាភិបាលរបស់ខេត្ត ត្រូវបានពង្រឹង និងពង្រីកជាបន្តបន្ទាប់ ពីមួយឆ្នាំទៅមួយឆ្នាំស្ទើរគ្រប់ទីកន្លែង គួបផ្សំជាមួយការផ្តល់សេវាសុខាភិបាល របស់មន្រ្តីសុខាភិបាល ប្រកបដោយការទទួលខុសត្រូវ បានធ្វើឱ្យប្រជាជនយល់កាន់តែច្បាស់អំពីបញ្ហាសុខភាព។ ក្នុងន័យនេះ លោកសូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ លោកវេជ្ជបណ្ឌិត ប៉ែន ផល្គុន ដែលកន្លងមកតែងតែសហការ និងមានទំនាក់ទំនងយ៉ាងល្អជាមួយមន្ត្រី និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ សម្រេចបាននូវសមិទ្ធផល និងស្នាដៃធំៗជាបន្តបន្ទាប់ជូនមន្ទីរពេទ្យបង្អែកខេត្ត ក៏ដូចជារដ្ឋបាលខេត្ត ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ លោកក៏បានជំរុញឱ្យប្រធានមន្ទីរពេទ្យថ្មី ដែលទើបប្រកាសចូលកាន់តំណែង បន្តខិតខំអនុវត្តតាមតួនាទី ភារកិច្ចរបស់ខ្លួន ស្របតាមរដ្ឋធម្មនុញ្ញ ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ប្រកបដោយមនសិការ វិជ្ជាជីវៈ មានស្មារតីទទួល ខុសត្រូវខ្ពស់ មានតម្លាភាព គណនេយ្យភាព រួបរួមសាមគ្គីគ្នាជាធ្លុងមួយ ដើម្បីសម្រេចបានស្នាដៃធំៗបន្តទៀត។ ជាពិសេស ក្រុមគ្រូពេទ្យទាំងអស់ ត្រូវពង្រឹងសមត្ថភាព វិជ្ជាជីវៈ គុណធម៌ និងសីលធម៌នៃការផ្តល់សេវា ដើម្បីសម្រេចបាននូវប្រសិទ្ធភាពក្នុងការបម្រើប្រជាពលរដ្ឋ។
សូមជម្រាបថា លោកស្រី លាក់ ឡាំលាវ ត្រូវបានតែងតាំងជា ប្រធានមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ជំនួស លោកវេជ្ជបណ្ឌិត ប៉ែន ផល្គុន ដែលត្រូវចូលនិវត្តន៍ ដែលពិធីប្រកាសធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦នេះ៕SRP
អត្ថបទ៖ លោក អ៊ុន ណារាជ្យ